មន្រ្តីជាន់ខ្ពស់ នៃក្រសួងសង្គ្រាមអាម៉េរិក ជម្រាបសម្តេចធិបតីថា "កម្ពុជាជាប្រទេសសំខាន់មួយក្នុងភាពជាដៃគូជាមួយសហរដ្ឋអាម៉េរិក និងបន្តពូនជ្រំកិច្ចសហប្រតិបត្តិការការពារជាតិជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
អត្ថបទ៖ ហ៊ន សុភ័ក្រ
-------
ឯកឧត្តមអនុរដ្ឋមន្ត្រី នៃក្រសួងសង្គ្រាមសហរដ្ឋអាមេរិក បានជម្រាបសម្តេចធិបតី ហ៊ុន ម៉ាណែត ថា "កម្ពុជាជាប្រទេសសំខាន់មួយក្នុងភាពជាដៃគូជាមួយសហរដ្ឋអាម៉េរិក ហើយសហរដ្ឋអាម៉េរិក នឹងបន្តពូនជ្រំកិច្ចសហប្រតិបត្តិការការពារជាតិជាមួយកម្ពុជា ឱ្យកាន់តែរឹងមាំថែមទៀត"។ ការជម្រាបនេះក្នុងឱកាសដែលសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានទទួលជួបជាមួយ ឯកឧត្តម អ៊ាលប្រីត ខូលបី (Elbridge A. Colby) អនុរដ្ឋមន្ត្រីសង្គ្រាម ទទួលបន្ទុកគោលនយោបាយ នៃក្រសួងសង្គ្រាមសហរដ្ឋអាមេរិក នៅវិមានសន្តិភាព រាជធានីភ្នំពេញ ព្រឹកថ្ងៃសុក្រ ទី១៤ ខែសីហា ឆ្នាំ២០២៦។
ឯកឧត្តមអនុរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃទំនាក់ទំនងទ្វេភាគី សហរដ្ឋអាម៉េរិក-កម្ពុជា ជាពិសេស ក្នុងវិស័យការពារជាតិ។ ឯកឧត្តមបានគូសបញ្ជាក់ថា សហរដ្ឋអាម៉េរិកប្រកាន់ខ្ជាប់ នូវកិច្ចសហប្រតិបត្តិការដែលឈរលើមូលដ្ឋាននៃការគោរពគ្នាទៅវិញទៅមក, គោរពអធិបតេយ្យភាព និងផលប្រយោជន៍រួម។
សម្ដេចធិបតី បានបង្ហាញនូវសេចក្តីសោមនស្សរីករាយចំពោះវឌ្ឍនភាពវិជ្ជមាននៃទំនាក់ទំនងកម្ពុជា-សហរដ្ឋអាម៉េរិក រួមទាំងក្នុងវិស័យការពារជាតិ។ សម្ដេចធិបតី បានវាយតម្លៃខ្ពស់ចំពោះការបន្តនូវកិច្ចសហប្រតិបត្តិការជាច្រើន ក្នុងវិស័យយោធារវាងប្រទេសទាំងពីរ ព្រមទាំងបានប្ដេជ្ញាចិត្តជំរុញកិច្ចសហប្រតិបត្តិការនេះឱ្យកាន់តែរីកចម្រើនថែមទៀត។ សម្ដេចធិបតីបានសម្តែងការពេញចិត្តចំពោះវឌ្ឍនភាព នៃដំណើរការត្រៀមរៀបចំ សមយុទ្ធយោធា «ឆ្មាំអង្គរ» (Angkor Sentinel) ដែលគ្រោងនឹងធ្វើឡើងនៅឆ្នាំ២០២៧ ក៏ដូចជាការបន្តកិច្ចសហប្រតិបត្តិការលើការពង្រឹងសមត្ថភាពកងទ័ពកម្ពុជា។ សម្តេចធិបតីបានសង្កត់ធ្ងន់ថា សមយុទ្ធ និងការបណ្ដុះបណ្ដាល មិនត្រឹមតែពង្រឹងសមត្ថភាពប៉ុណ្ណោះទេ ថែមទាំងជាស្ពានកសាងមិត្តភាពជិតស្និទរវាងកងទ័ពនៃប្រទេសទាំងពីរ។ ក្នុងឱកាសនោះដែរ សម្តេចធិបតីបានថ្លែងអំណរគុណ ឯកឧត្តមប្រធានាធិបតី Donald J. Trump ក៏ដូចជារដ្ឋាភិបាលសហរដ្ឋអាម៉េរិក ដែលបានជួយសម្របសម្រួលឱ្យមានបទឈប់បាញ់ កន្លងមក និង សេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ ចុះថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ព្រមទាំង បន្តយកចិត្តទុកដាក់ចំពោះការកសាងសន្តិភាពរវាងកម្ពុជា និងថៃ ។
សម្តេចធិបតី បានជម្រាបជូន ឯកឧត្តមអនុរដ្ឋមន្ត្រី នៃក្រសួងសង្គ្រាមសហរដ្ឋអាម៉េរិក អំពីការវិវត្តថ្មីៗនៃស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ដោយបានគូសរំលេចអំពីការប្ដេជ្ញាចិត្ត និងជំហររបស់កម្ពុជា ក្នុងការប្រកាន់យកការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ដោយផ្អែកលើច្បាប់អន្តរជាតិ និងអនុលោមតាមអនុសញ្ញា, សន្ធិសញ្ញា និងកិច្ចព្រមព្រៀងនានាដែលមានស្រាប់រវាងប្រទេសទាំងពីរ៕