ព័ត៌មានជាតិ

គ្រោះថ្នាក់ចរាចរណ៍ សម្លាប់មនុស្សជាង ៧០០នាក់ និងរបួសរាប់រយនាក់ រយៈពេល ៦ខែ ដើមឆ្នាំ២០២៦​ កើនឡេីងធៀបនឹងឆ្នាំ២០២៥

image

ភ្នំពេញ៖​ ក្នុងឆមាសទី១ ឆ្នាំ២០២៦ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅទូទាំងប្រទេស បានកើតឡើង ១.២៧៩ករណី បណ្តាលឱ្យមានមនុស្សស្លាប់ចំនួន​ ៧៧៣នាក់ និងរងរបួសធ្ងន់ស្រាលចំនួន ១.៩៤៤នាក់។ ចំនួននេះ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥ កើនឡើង​ ២១៣ករណី ស្មើ២០ភាគរយ​ ចំនួនអ្នកស្លាប់កើ​ ន៧៩នាក់​ ស្មើនឹង​ ១១ភាគរយ និងចំនួនអ្នករបួសកើន ៤៦៨នាក់ ស្មើនឹង​ ៣២ភាគរយ។ នេះបើតាមរបាយការណ៍គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក។

យោងតាមរបាយការណ៍ ក្នុងកិច្ចប្រជុំកាលពីថ្ងៃទី១១ ខែសីហា​ ឆ្នាំ២០២៦​ ក្រោមអធិបតីភាព លោកឧបនាយករដ្ឋមន្រ្តី​ ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្នុងចំណោមករណីសោកនាដកម្មទាំងនោះ ការបើកបរល្មើសល្បឿន មាន៤៦ភាគរយ មិនគោរពសិទ្ធិ ២២ភាគរយ មិនប្រកាន់ស្តាំ ១២ភាគរយ ប្រជែងគ្រោះថ្នាក់ ៧ភាគរយ បត់មិនប្រយ័ត្ន ៦ភាគរយ ស្រវឹង ៤ភាគរយ មិនគោរពសញ្ញាចរាចរណ៍ ២ភាគរយ និងកត្តាយានយន្ត១ភាគរយ។

របាយការណ៍ ក៏បង្ហាញទៀតថា​ ក្នុងចំណោមអ្នកស្លាប់ទាំងអស់ អ្នកជិះម៉ូតូមានរហូតដល់​ ៨០ភាគរយ ក្នុងនោះមិនបានពាក់មួកសុវត្ថិភាពមានចំនួន ៦៣ភាគរយ ខណៈគ្រោះថ្នាក់ភាគច្រើនបានកើតឡើងនៅរាជធានីភ្នំពេញ​ មានចំនួន ៤៦១លើក ខេត្តព្រះសីហនុ ៩២លើក កណ្តាល ៧៥លើក កំពង់ស្ពឺ ៥៧លើក និងខេត្តស្វាយរៀង ៥៥លើក។

សូមបញ្ជាក់ថា ត្រឹមតែក្នុងរយៈពេល១០ថ្ងៃដើមខែសីហានេះ គ្រោះថ្នាក់ចរាចរណ៍បានបណ្ដាលឱ្យអ្នកដំណើរ​ ៥២នាក់ស្លាប់ និង៧៥អ្នកទៀតរងរបួសធ្ងន់ស្រាល។ បញ្ហាគ្រោះថ្នាក់ចរាចរណ៍ បានក្លាយជាប្រធានបទចោទនារយៈពេលចុងក្រោយនេះ។ បញ្ហាចោទ គឺដោយសារមានកំណើនករណីបុកស្លាប់ បង្កឡើងដោយអ្នកបើកបររថយន្ត និងករណីគ្រោះថ្នាក់បណ្ដាលមកពីការបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង និងលើសល្បឿនកំណត់។ និន្នាការនេះបានហក់ឡើងខ្ពស់ក្រោយពីសមត្ថកិច្ច មិនបានអនុវត្តច្បាប់មួយរយៈ៕