សង្គម

មូលនិធិគន្ធបុប្ផាកម្ពុជា បានថយចុះប្រមាណ ៧% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៥

image


ភ្នំពេញ៖ យោងតាមកិច្ចប្រជុំក្រុមប្រឹក្សាបរធនបាលនៃមូលនិធិគន្ធ បុប្ផាកម្ពុជា អាណត្តិទី៣ លើកទី៦ ក្រោមវត្តមាន លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនបាលនៃមូលនិធិគន្ធបុប្ផាកម្ពុជា និងអ្នកពាក់ព័ន្ធមួយចំនួន នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ បានឱ្យដឹងថា ក្នុងឆមាសទី១ ឆ្នាំ២០២៦ មូលនិធិគន្ធបុប្ផាកម្ពុជា មានចំណូលប្រមាណ ១៩,៨៧លានដុល្លារអាម៉េរិក ឬថយចុះប្រមាណ ៧% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥។

បេីតាមរបាយការណ៍បានបញ្ជាក់ថា ការថយចុះនេះ បណ្ដាលមកពីកត្តាចម្បងៗមួយចំនួន រួមមាន ការធ្លាក់ចុះនៃទេសចរបរទេស និងការធ្លាក់ចុះនៃការបរិច្ចាគពីសប្បុរសជន ដែលអាចបណ្ដាលមកពីកម្មវិបាកនៃជម្លោះព្រំដែនកម្ពុជា-ថៃ កាលពីចុងឆ្នាំ២០២៥ ព្រមទាំងពីវិបត្តិសកល ជាដេីម។

យោងតាមការលេីកឡេីងដោយ លោក ចន ណារិទ្ធ នាយកប្រតិបត្តិនៃមូលនិធិគន្ធបុប្ផាកម្ពុជា បានបញ្ជាក់ជូនអង្គប្រជុំថា ទោះបីជាចំណូលសរុបប្រចាំឆមាសទី១ ឆ្នាំ២០២៦ មានការធ្លាក់ចុះបន្តិចក៏ដោយ ក៏ចំណូលដែលទទួលបានពីការបរិច្ចាគក្នុងយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៦ របស់មូលនិធិគន្ធបុប្ផាកម្ពុជា ដែលដឹកនាំដោយ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា កាលពីអំឡុងខែមិថុនា ឆ្នាំ២០២៦ មានការកើនឡើងគួរឱ្យកត់សម្គាល់ជាងការរំពឹងទុក បើធៀបនឹងយុទ្ធនាការឆ្នាំ២០២៥ ពោលគឺ បានកើនឡើងពី ៦លានដុល្លារអាម៉េរិក ក្នុងយុទ្ធនាការឆ្នាំ២០២៥ ដល់ ៦,៣៨ លានដុល្លារអាម៉េរិក ក្នុងយុទ្ធនាការឆ្នាំ២០២៦ ដោយក្នុងនោះសប្បុរសជនចូលរួមបរិច្ចាគក្នុងយុទ្ធនាការដ៏ធំ និងសំខាន់នេះ ក៏មានការកើនឡើងផងដែរ គឺកើនឡើងពីចំនួនប្រមាណ ៣០ម៉ឺននាក់ ក្នុងឆ្នាំ២០២៥ ដល់ប្រមាណ ៣៥ ម៉ឺននាក់ ក្នុងឆ្នាំ២០២៦។

យោងតាមរបាយការណ៍លទ្ធផល ឆមាសទី១ ឆ្នាំ២០២៦ របស់មន្ទីរពេទ្យគន្ធបុប្ផា ទារក កុមារ និងស្ត្រីមានផ្ទៃពោះ ចំនួនជាង ៦៩៤ ៧៥៣ ករណីទទួលបានសេវាពិនិត្យ និងព្យាបាល ក៏ដូចជាសេវាសម្ភព រួមមាន ការពិនិត្យ និងព្យាបាលនៅផ្នែកពិគ្រោះជំងឺក្រៅ ចំនួន ៥១២ ៤៦៧ករណី, ដាក់ឱ្យសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យសម្រាប់ជំងឺធ្ងន់ធ្ងរ ចំនួន ១១៣ ៥៣៨នាក់, ព្យាបាលកុមារឆ្លងជំងឺគ្រុនឈាម ចំនួន ៥ ៨៦៣នាក់, កុមារមានជំងឺបេះដូងពីកំណើតដែលត្រូវវះកាត់ ចំនួន ៦២៦នាក់, ផ្ដល់សេវាពិនិត្យ និងតាមដានផ្ទៃពោះ ចំនួន ៥២ ៥១៣ ករណី, និង ផ្ដល់សេវាសម្រាលកូនចំនួន ៩ ៧៤៦នាក់។

ជាមួយនឹងលទ្ធផលខាងលើ មន្ទីរពេទ្យគន្ធបុប្ផាបានចំណាយថវិកាសរុបចំនួនជាង ២១,៧៩លានដុល្លារអាម៉េរិក ក្នុងផ្តល់សេវាពិនិត្យ និងព្យាលជំងឺទារក និងកុមារ ព្រមទាំងសេវាសម្ភពជូនស្ត្រីមានផ្ទៃពោះ ដោយឥតគិតថ្លៃ និងប្រកបដោយគុណភាព។

ទោះយ៉ាងនេះក៏ដោយ លោក ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាអនុប្រធានក្រុមប្រឹក្សាបរធនបាលនៃមូលនិធិគន្ធបុប្ផាកម្ពុជា បានវាយតម្លៃខ្ពស់លើវឌ្ឍនភាពការងាររបស់អង្គភាពប្រតិបត្តិនៃមូលនិធិគន្ធបុប្ផាកម្ពុជា និងលទ្ធផលការងាររបស់មន្ទីរពេទ្យគន្ធបុប្ផា។ លោកក៏បានណែនាំគណៈគ្រប់គ្រងមន្ទីរពេទ្យគន្ធបុប្ផា ឱ្យបន្តរក្សាកម្រិតគុណភាពសេវាពិនិត្យ និងព្យាបាល ព្រមទាំងបាលផ្ដល់ការគាំទ្រផងដែរ លើការគិតគូរទាំងអំពីយន្តការអភិបាលកិច្ចរបស់មន្ទីរពេទ្យគន្ធបុប្ផា និងយន្តការគាំទ្រហិរញ្ញវត្ថុរវាងមូលនិធិគន្ធបុប្ផាកម្ពុជា និងមូលនិធិគន្ធបុប្ផាស្វីស ក្នុងរយៈពេលមធ្យម និងវែងខាងមុខ។

លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ប្រធានអង្គប្រជុំក៏បានណែនាំឱ្យក្រុមការងារអង្គភាពប្រតិបត្តិនៃមូលនិធិគន្ធបុប្ផាកម្ពុជា និងគណៈគ្រប់គ្រងមន្ទីរពេទ្យគន្ធបុប្ផា បានណែនាំឱ្យបន្តកិច្ចខិតខំបំពេញភារកិច្ចតាមមុខងាររៀងៗខ្លួន ដើម្បីរួមគ្នានាំភាពញញឹម និងក្ដីសង្ឃឹមដល់ទារក និងកុមារ ក៏ដូចជាស្ត្រីមានផ្ទៃពោះ ដែលត្រូវការសេវាពិនិត្យ និងព្យាបាល ព្រមទាំងសេវាសម្ភពនៅមន្ទីរពេទ្យគន្ធបុប្ផា ទាំងនៅរាជធានីភ្នំពេញ និងនៅខេត្តសៀមរាប៕