សម្តេចប្រធានរដ្ឋសភា វាយតម្លៃខ្ពស់ចំពោះកិច្ចប្រជុំលើកទី៩ នៃវេទិកាសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វិក ស្តីពីសុខភាពសកល ដោយបានរួមចំណែកធានាគុណភាព ប្រសិទ្ធភាព និងតម្លាភាពនៃសេវាសុខាភិបាល
ភ្នំពេញ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះការរៀបចំកិច្ចប្រជុំលើកទី៩ នៃវេទិកាសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វិក ស្តីពីសុខភាពសកល (9th APPF-GH) ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះ រួមសហការជាមួយអង្គការសុខភាពពិភពលោក (WHO) ដោយចាត់ទុកថា កិច្ចប្រជុំនេះមានសារៈសំខាន់ក្នុងការរួមចំណែកធានាគុណភាព ប្រសិទ្ធភាព និងតម្លាភាពនៃសេវាសុខាភិបាល ព្រមទាំងលើកកម្ពស់ការផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋ ជាពិសេសអ្នកដែលជួបការលំបាកផ្នែកហិរញ្ញវត្ថុ។
សម្តេចប្រធានរដ្ឋសភា មានប្រសាសន៍បែបនេះក្នុងឱកាសទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រធានគណៈប្រតិភូបរទេស ដែលបានអញ្ជើញចូលរួមកិច្ចប្រជុំលើកទី៩ នៃវេទិកាសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វិក ស្តីពីសុខភាពសកល កាលពីរសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ បន្ទាប់ពីកិច្ចប្រជុំបានប្រព្រឹត្តទៅពេញមួយថ្ងៃ ប្រកបដោយលទ្ធផលផ្លែផ្កា និងខ្លឹមសារជ្រាលជ្រៅ ក្នុងការរួមចំណែកលើកកម្ពស់សុខភាពប្រជាពលរដ្ឋ។
ក្នុងឱកាសនោះ សម្តេចប្រធានរដ្ឋសភា ក៏បានសុំការអធ្យាស្រ័យពីបណ្តាគណៈប្រតិភូ ចំពោះការមិនបានចូលរួមជាអធិបតីក្នុងពិធីបើកកិច្ចប្រជុំតាមការគ្រោងទុក កាលពីព្រឹកថ្ងៃទី១១ ខែសីហា ដោយសារសម្តេចមានដំណើរទស្សនកិច្ចបន្ទាន់ទៅកាន់ប្រទេសឡាវ ដើម្បីគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមបណ្ឌិត សាយសំផន ភូមវិហាន អតីតប្រធានរដ្ឋសភាឡាវ។
សភានៃព្រះរាជាណាចក្រកម្ពុជា រួមសហការជាមួយអង្គការសុខភាពពិភពលោក (WHO) បានរៀបចំកិច្ចប្រជុំលើកទី៩ នៃវេទិកាសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វិក ស្តីពីសុខភាពសកល ក្រោមប្រធានបទ «សេវាគ្របដណ្តប់សុខភាពជាសកល ក្នុងយុគសម័យបញ្ញាសិប្បនិម្មិត (AI) និងបរិបទនៃការប្រែប្រួលអាកាសធាតុ» ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ នៅវិមានរដ្ឋសភាកម្ពុជា ដោយមានគណៈប្រតិភូមកពីបណ្តាប្រទេសទាំង ១៥ ដែលជាសមាជិកវេទិកា អញ្ជើញចូលរួម។
សម្តេចរដ្ឋសភាធិបតី បានគូសបញ្ជាក់ថា កិច្ចប្រជុំនេះពិតជាមានសារៈសំខាន់ និងសមស្របទៅនឹងកាលៈទេសៈបច្ចុប្បន្ន ពីព្រោះសមាជិកសភាជាតំណាងឱ្យប្រជាពលរដ្ឋ និងមានភារកិច្ចចូលរួមធានាឱ្យបាននូវគុណភាព ប្រសិទ្ធភាព និងតម្លាភាពនៃសេវាសុខាភិបាល ព្រមទាំងលើកកម្ពស់ការផ្តល់សេវាសុខាភិបាលដល់អ្នកដែលជួបការលំបាកផ្នែកហិរញ្ញវត្ថុ។
ជាមួយគ្នានេះ សម្តេចប្រធានរដ្ឋសភា បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានចាត់ទុកវិស័យសុខាភិបាលជាអាទិភាពគន្លឹះក្នុងការអភិវឌ្ឍមូលធនមនុស្ស ក្រោមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដោយផ្តោតលើការសម្រេចឱ្យបាននូវការគ្របដណ្តប់សុខភាពជាសកល ការបង្ការ និងទប់ស្កាត់ជំងឺមិនឆ្លង ព្រមទាំងការពង្រឹងសន្តិសុខសុខាភិបាល។
សម្តេចបានបន្តថា វត្តមានដ៏មានតម្លៃរបស់លោក លោកស្រី និងភ្ញៀវកិត្តិយសទាំងអស់ បានឆ្លុះបញ្ចាំងពីសារៈសំខាន់នៃវេទិកានេះ ព្រមទាំងបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នាក្នុងការជំរុញការគ្របដណ្តប់សុខភាពជាសកល ជាពិសេសក្នុងបរិបទដែលពិភពលោកកំពុងប្រឈមនឹងផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ និងការរីកចម្រើនយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាថ្មីៗ រួមទាំងបញ្ញាសិប្បនិម្មិត។
សម្តេចប្រធានរដ្ឋសភា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគណៈប្រតិភូ និងដៃគូអភិវឌ្ឍន៍ទាំងអស់ ដែលបានអញ្ជើញចូលរួមវេទិកាដ៏មានសារៈសំខាន់នេះ។ សម្តេចមានសង្ឃឹមមុតមាំថា ក្នុងអំឡុងពេលចូលរួមកិច្ចប្រជុំ គណៈប្រតិភូទាំងអស់នឹងផ្លាស់ប្តូរយោបល់ ចែករំលែកបទពិសោធន៍ និងចំណេះដឹងគ្នាយ៉ាងផុសផុល ព្រមទាំងចូលរួមទស្សនកិច្ចនៅខេត្តកំពត ដើម្បីសិក្សាស្វែងយល់ពីការផ្តល់សេវាសុខភាពនៅថ្នាក់មូលដ្ឋានរបស់កម្ពុជា។
សម្តេចបានបញ្ជាក់ថា ការផ្លាស់ប្តូរយោបល់ ការចែករំលែកបទពិសោធន៍ និងការសិក្សាផ្ទាល់នៅមូលដ្ឋាន នឹងរួមចំណែកធ្វើឱ្យវេទិកានេះប្រព្រឹត្តទៅដោយរលូន ទទួលបានជោគជ័យ និងលទ្ធផលផ្លែផ្កា ដើម្បីរួមគ្នាជំរុញការលើកកម្ពស់សុខភាពសកល និងធានាឱ្យប្រជាពលរដ្ឋទទួលបានសេវាសុខាភិបាលប្រកបដោយគុណភាព ប្រសិទ្ធភាព និងសមធម៌៕
អត្ថបទ៖ វង សុភ័ក្ត្រ