សម្តេចបវរធិបតី ៖ រាជរដ្ឋាភិបាលកំពុងខិតខំពន្លឿនការអភិវឌ្ឍភូមិភាគឦសាន
អត្ថបទ៖ ហ៊ន សុភ័ក្រ
វីដេអូ៖អេង សុគុណ, លឹម មុនី
---------
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា "បច្ចុប្បន្នរាជរដ្ឋាភិបាលកំពុងខិតខំពន្លឿនការអភិវឌ្ឍភូមិភាគឦសាន តាមរយៈ ការជំរុញការសាងសង់ហេដ្ឋារចនាសម្ព័ន្ធបន្តបន្ទាប់ ទាំងរូបវន្ត និង មិនមែនរូបវន្ត ,ការលើកស្ទួយសេដ្ឋកិច្ចបៃតង និងការទាក់ទាញវិនិយោគលើវិស័យជាច្រើន"។
នេះជាការថ្លែងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវសមិទ្ធផលនានា នៅក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង នៅព្រឹកថ្ងៃពុធ ទី១២ ខែសីហា ឆ្នាំ២០២៦នេះ។
សម្តេចធិបតី បានបញ្ជាក់ថា "ជាក់ស្ដែង រាជរដ្ឋាភិបាលបានដាក់ឱ្យអនុវត្ត កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួននៅភូមិភាគឦសាន នៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ ២០២៥-២០២៨ ក្នុងគោលបំណងទាក់ទាញវិនិយោគ, កែប្រែមុខមាត់សេដ្ឋកិច្ចមូលដ្ឋាន, និង បង្កើតការងារជូនប្រជាពលរដ្ឋ នៅខេត្តស្ទឹងត្រែង, រតនគិរី, មណ្ឌលគិរី និង ក្រចេះ តាមរយៈការផ្តល់ការអនុគ្រោះពន្ធ, ការសម្រួលនីតិវិធី និង ការដោះស្រាយបញ្ហានៅហ្នឹងកន្លែងសម្រាប់វិនិយោគិន "៕