សង្គម

រដ្ឋមន្ត្រីការពារជាតិម៉ាឡេស៊ី ជម្រាបសម្តេចធិបតីពីការប្ដេជ្ញាចិត្តរបស់ម៉ាឡេស៊ី បន្តផ្តល់វគ្គបណ្តុះបណ្តាលដល់កម្ពុជា និងពិនិត្យកិច្ចសហប្រតិបត្តិការ ដែលពាក់ព័ន្ធ នឹងប្រតិបត្តិការរក្សាសន្តិភាព

image


ឯកឧត្ដម រដ្ឋមន្ត្រីការពារជាតិម៉ាឡេស៊ី បានបញ្ជាក់អំពីការប្តេជ្ញាចិត្តរបស់ម៉ាឡេស៊ី ក្នុងការបន្តផ្តល់វគ្គបណ្តុះបណ្តាលដល់កម្ពុជា និងពិនិត្យលទ្ធភាពស្វែងរកកិច្ចសហប្រតិបត្តិការ ដែលពាក់ព័ន្ធ នឹងប្រតិបត្តិការរក្សាសន្តិភាព, ការឆ្លើយតបនឹងបញ្ហាសន្តិសុខមិនមែនប្រពៃណី, សន្តិសុខលំហសមុទ្រ និងការអភិវឌ្ឍសមត្ថភាពលើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ក្នុងវិស័យការពារជាតិ ជាដេីម។ ការលើកឡើងនេះក្នុងឱកាសដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឯកឧត្តម ដាតុ ស្រ៊ី ម៉ូហាមេត ខាលីត ប៊ីនណូឌីន (YB. DATO' SERI MOHAMED KHALED BIN NORDIN ) រដ្ឋមន្ត្រីក្រសួងការពារជាតិម៉ាឡេសុី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នេះនៅវិមានសន្តិភាព រាជធានីភ្នំពេញ នាព្រឹកថ្ងៃសុក្រ ទី៧ សីហា ២០២៦។

ក្នុងឱកាសនៃជំនួបនេះ ឯកឧត្ដមរដ្ឋមន្ត្រីការពារជាតិម៉ាឡេស៊ី បានសម្ដែងនូវការវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងប្រទេសទាំងពីរ ដោយបានគូសបញ្ជាក់ថា កម្ពុជាគឺជាមិត្តដ៏ជិតស្និទ និងគួរឱ្យទុកចិត្ត។ ឯកឧត្ដមបានបន្តថា ដំណើរទស្សនកិច្ចរបស់ឯកឧត្តមនាពេលនេះ នឹងចូលរួមចំណែកកាន់តែសំខាន់ដល់ការពង្រឹងទំនាក់ទំនងទ្វេភាគី និងប្រែក្លាយការប្ដេជ្ញាចិត្តឱ្យទៅជាសកម្មភាពជាក់ស្ដែង សំដៅបន្តពូនជ្រំកិច្ចសហប្រតិបត្តិការម៉ាឡេស៊ី-កម្ពុជាឱ្យកាន់តែស៊ីជម្រៅ ជាពិសេសលើវិស័យការពារជាតិ។

បន្ថែមលើនេះ ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូនសម្ដេចធិបតីអំពីលទ្ធផលប្រកបដោយផ្លែផ្កា នៃកិច្ចប្រជុំទ្វេភាគីរវាងរដ្ឋមន្ត្រីក្រសួងការពារជាតិទាំងពីរ។

សម្ដេចធិបតី បានសម្ដែងនូវការស្វាគមន៍ និងការពេញចិត្តចំពោះវឌ្ឍនភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលជាច្រើន នៃកិច្ចសហ ប្រតិបត្តិ ការ រវាងប្រទេសទាំងពីរ ដែលសម្រេចបានកន្លងមក ជាពិសេសក្នុងវិស័យការពារជាតិ។

សម្ដេចធិបតី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជានឹងបន្តគាំទ្រចំពោះការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងក្រសួងការពារជាតិនៃប្រទេសទាំងពីរ។ សម្ដេចធិបតី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលម៉ាឡេស៊ី ដែលបានចូលរួមយ៉ាងសកម្មក្នុងការសម្របសម្រួលបទឈប់បាញ់រវាងកម្ពុជា និងថៃ នាពេលកន្លងមក ព្រមទាំងការដឹកនាំ និងបន្តចូលរួមយ៉ាងសំខាន់ក្នុងយន្តការក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) នៅកម្ពុជា។ សម្តេចធិបតី ក៏បានលើកទឹកចិត្តឱ្យក្រសួងការពារជាតិនៃប្រទេសទាំងពីរ បន្តជំរុញកិច្ចសហប្រតិបត្តិការនេះឱ្យកាន់តែស៊ីជម្រៅ និងស្អិតរមួតបន្ថែមទៀត។ បន្ថែម ពីនេះសម្តេចធិបតី និងឯកឧត្ដមរដ្ឋមន្ត្រីការពារជាតិម៉ាឡេស៊ី ក៏បានពិភាក្សា និងផ្លាស់ប្ដូរយោបល់គ្នាអំពីបញ្ហាតំបន់ និងអន្តរជាតិមួយចំនួនផងដែរ។ 

សម្តេចធិបតី បានជម្រាបជូនឯកឧត្ដមរដ្ឋមន្ត្រីការពារជាតិម៉ាឡេស៊ី អំពីការវិវត្តថ្មីៗនៃស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ដោយបានសង្កត់ធ្ងន់អំពីការប្ដេជ្ញាចិត្ត និងជំហររបស់កម្ពុជា ក្នុងការបន្តប្រកាន់យកយន្តការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ដោយផ្អែកលើច្បាប់អន្តរជាតិ និងអនុលោមតាមអនុសញ្ញា សន្ធិសញ្ញា និងកិច្ចព្រមព្រៀងនានាដែលមានស្រាប់រវាងប្រទេសទាំងពីរ៕

អត្ថបទ៖ ហ៊ន សុភ័ក្រ