អ្នកឧកញ៉ា គិត ម៉េង អំពាវនាវឱ្យផ្នែកឯកជនទាំងអស់រួមសំឡេងតែមួយក្នុងការលើកសំណើ និងដោះស្រាយបញ្ហាប្រឈម តាមរយៈយន្តការ G-PSF ដើម្បីជំរុញការផ្លាស់ប្តូររូបរាងឧស្សាហកម្មកម្ពុជាឱ្យឈានទៅមុខកាន់តែលឿន
ភ្នំពេញ៖ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា ប្រធានគណៈកម្មាធិការសម្របសម្រួលក្រុមការងារផ្នែកឯកជន សម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា បានអំពាវនាវឱ្យមានការតម្រង់ទិសយុទ្ធសាស្ត្ររួមគ្នារវាងសភាពាណិជ្ជកម្មអន្តរជាតិ និងសមាគមធុរកិច្ចទាំងអស់នៅកម្ពុជា ឯកភាពគ្នា និងរួបរួមគ្នាជាច្រកទ្វារតែមួយក្នុងការលើកសំណើ និងដោះស្រាយបញ្ហាប្រឈមរបស់វិស័យឯកជន តាមរយៈយន្តការវេទិការរាជរដ្ឋាភិបាល-ផ្នែកឯកជន (G-PSF) ដើម្បីពង្រឹងភាពធន់នៃខ្សែច្រវាក់ផ្គត់ផ្គង់ ទាក់ទាញវិនិយោគ និងជំរុញការផ្លាស់ប្តូររូបរាងឧស្សាហកម្មកម្ពុជា។
ការអំពាវនាវនេះ ធ្វើឡើងក្នុងឱកាសអ្នកឧកញ៉ា គិត ម៉េង បានដឹកនាំប្រតិភូធុរកិច្ចជាន់ខ្ពស់នៃសភាពាណិជ្ជកម្មកម្ពុជា អញ្ជើញចូលរួម «ពិធីទទួលទានអាហារពេលព្រឹកធុរកិច្ច លើកទី៣ រវាងស្ថាប័នរដ្ឋ និងវិស័យឯកជន» ដែលប្រារព្ធឡើងនៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ នាសណ្ឋាគារ រ៉ាហ្វល ឡឺ រ៉ូយ៉ាល់ រាជធានីភ្នំពេញ ក្រោមការចង្អុលបង្ហាញរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) និងរៀបចំដោយសមាគមសភាពាណិជ្ជកម្មចិននៅកម្ពុជា (CCCCA)។
កិច្ចពិភាក្សានេះផ្តោតលើប្រធានបទ «ការបន្តពង្រឹងគ្រឹះខ្សែច្រវាក់ផ្គត់ផ្គង់៖ ការផ្តល់អំណាចដល់ការផ្លាស់ប្តូររូបរាងឧស្សាហកម្មកម្ពុជា» ដោយមានការចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់នៃរាជរដ្ឋាភិបាល ដឹកនាំដោយ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធាន ទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ព្រមទាំងវត្តមានលោក Lin Shiqiang ប្រធានសមាគមសភាពាណិជ្ជកម្មចិននៅកម្ពុជា, តំណាងស្ថានទូតចិន ថ្នាក់ដឹកនាំសភាពាណិជ្ជកម្មអន្តរជាតិ (រួមមាន AmCham, EuroCham, JBAC និង KoCham) និងប្រធានក្រុមហ៊ុនវិនិយោគទុនបរទេសទូទាំងប្រទេសកម្ពុជា។
អ្នកឧកញ៉ា គិត ម៉េង បានលើកឡើងថា តាមរយៈវេទិកា G-PSF ផ្នែកឯកជនអាចលើកសំណើ ស្វែងរកការគាំទ្រ និងធ្វើការតស៊ូមតិកាន់តែមានប្រសិទ្ធភាពសម្រាប់ភាពធន់នៃខ្សែច្រវាក់ផ្គត់ផ្គង់ និងអាទិភាពនៃការវិនិយោគយុទ្ធសាស្ត្រ ដោយផ្ទាល់ជាមួយអ្នករៀបចំគោលនយោបាយ និងថ្នាក់ដឹកនាំជាន់ខ្ពស់របស់រាជរដ្ឋាភិបាល។
អ្នកឧកញ៉ា បានប្រសាសន៍ថា៖ «ដើម្បីសម្រេចបាននូវកិច្ចសហប្រតិបត្តិការដៃគូកាន់តែមាន ថាមពល ដែលឆ្លុះបញ្ចាំងពីស្មារតីពិតប្រាកដនៃសុភាសិត៖ "សាមគ្គីគ្នារស់ បែកបាក់សាមគ្គីគ្នាស្លាប់" យើងឈរលើជំហរប្តេជ្ញាចិត្តយ៉ាងពេញទំហឹង ក្នុងការរួមគ្នាជំរុញការផ្លាស់ប្តូររូបរាងឧស្សាហកម្មកម្ពុជាឱ្យឈានទៅមុខ។»
ទន្ទឹមនឹងនេះ អ្នកឧញ៉ា ក៏បានគូសបញ្ជាក់ថា ផ្អែកលើស៊ីសង្វាក់គ្នានៃស្ថាប័ននេះ ប្រតិភូសភាពាណិជ្ជកម្មកម្ពុជា នឹងប្រើប្រាស់សក្តានុពលនៃក្រុមការងារផ្នែកឯកជនទាំង ១៦ ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងសភាពាណិជ្ជកម្ម និងសមាគមធុរកិច្ចទាំងជាតិ និងអន្តរជាតិ បង្កើនទំនុកចិត្តអ្នកវិនិយោគសំដៅសន្ទុះភាពប្រកួតប្រជែងសេដ្ឋកិច្ចសកលរបស់កម្ពុជា ព្រមទាំងពង្រឹងការតម្រង់ទិសផ្នែកឯកជន ដើម្បីរៀបចំខ្លួនសម្រាប់វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី២០ នាពេលខាងមុខ។
ថ្លែងទៅកាន់អង្គពិធី ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានផ្តល់នូវមតិបូកសរុបយ៉ាងស៊ីជម្រៅ ដោយបានគូសបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាល ជាពិសេសស្ថាប័ន ក.អ.ក. ផ្ទាល់ ក្នុងការធ្វើកំណែទម្រង់ផ្ទៃក្នុងដ៏មុតស្រួច សំដៅលើកកម្ពស់គុណភាព ប្រសិទ្ធភាព និងស័ក្តិសិទ្ធភាពការអនុវត្តការងារស្នូលរបស់ស្ថាប័ន រួមមានជាអាទិ៍៖ (១)ការលើកកម្ពស់ និងទាក់ទាញការវិនិយោគផ្ទាល់ពីបរទេសមកកាន់កម្ពុជា តាមរយៈការផ្សព្វផ្សាយពីសក្ដានុពល និងកាលានុវត្តភាពវិនិយោគដ៏សម្បូរបែប, (២)ការផ្តល់កិច្ចសម្របសម្រួលវិនិយោគគ្រប់ជ្រុងជ្រោយ ចាប់តាំងពីការដាក់ពាក្យស្នើសុំវិនិយោគ រហូតដល់គម្រោងវិនិយោគអាចចាប់ផ្តើមប្រតិបត្តិការបានដោយរលូន, និង (៣)ការផ្តល់សេវាថែទាំ និងគាំទ្រការវិនិយោគយ៉ាងជិតស្និទ្ធ ដើម្បីធានាបាននូវការជឿទុកចិត្ត និងភាពជោគជ័យយូរអង្វែងរបស់វិនិយោគិនបរទេសនៅកម្ពុជា។
បន្ថែមពីនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានជំរុញលើកទឹកចិត្តដល់វិស័យឯកជន ឱ្យបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការត្រៀមលក្ខណៈសម្បត្តិឱ្យបានរួចរាល់ ដើម្បីរំកិលខ្លួនឈានទៅប្រមូលផ្តុំការវិនិយោគលើឧស្សាហកម្ម ដែលជាប្រភពដើមនៃខ្សែច្រវាក់ផលិតកម្ម និងមានតម្លៃបន្ថែមខ្ពស់។ ជាមួយគ្នានេះ ឯកឧត្តមបានបន្តអំពាវនាវឱ្យមានការបើកទូលាយ និងពង្រឹងយន្តការប្រាស្រ័យទាក់ទងគ្នាឱ្យកាន់តែសកម្ម និងជិតស្និទ្ធបន្ថែមទៀត រវាងផ្នែករដ្ឋ និងផ្នែកឯកជន សំដៅរួមគ្នាកសាងនូវសមិទ្ធផល និងរឿងរ៉ាវជោគជ័យថ្មីៗបន្ថែមទៀត នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា៕
រូបភាព៖ អ៊ុន ផាន់ណាត់ និងលឹម មុនី