ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងអប់រំ យុវជន និង កីឡាត្រូវបន្តលើកកម្ពស់ការអប់រំឌីជីថល ក្នុងបរិការណ៍ នៃបដិវត្តឧស្សាហកម្ម៤.០

image

អត្ថបទ៖ ហ៊ន សុភ័ក្រ
————
គោលបំណងជំរុញការអភិវឌ្ឍវិស័យអប់រំកម្ពុជា ឱ្យមានគុណភាព ខ្ញុំសូមដាក់ចេញនូវអនុសាសន៍សម្រាប់ក្រសួងអប់រំ យុវជន និង កីឡាត្រូវបន្តលើកកម្ពស់ការអប់រំឌីជីថល ក្នុងបរិការណ៍នៃបដិវត្តឧស្សាហកម្ម៤.០ តាមរយៈ ការកែលម្អវេទិកាឌីជីថល និង បង្កើតមជ្ឈមណ្ឌលអប់រំឌីជីថល ការផលិតវីដេអូបង្រៀន មុខវិជ្ជាគោល និង សម្រាប់ថ្នាក់ប្រឡង ការបញ្ចូលបច្ចេកវិទ្យាឌីជីថលទៅក្នុងការរៀន និងការបង្រៀន ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថលនៅតាមសាលារៀន, និង ការបង្កើតកម្មវិធី អប់រំឌីជីថល ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារការងារ និង ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចជាតិ បរិវត្តកម្មបច្ចេកវិទ្យា, និង ការផ្លាស់ប្តូរនិម្មាបនកម្មសកល ។

នេះជាការថ្លែងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ខមន្រ្តី នៃកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភី នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និង វិទ្យាសាស្ត្រសេដ្ឋកិច្ច នៅព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។

សម្តេចធិបតី ក៏បានណែនាំឲ្យត្រូវបន្តយកចិត្តទុកដាក់ខ្ពស់លើការអភិវឌ្ឍមូលធនមនុស្ស ឱ្យឆ្លើយតបកាន់តែប្រសើរ ទៅនឹងការកើនឡើង នៃការប្រកួតប្រជែងក្នុងទីផ្សារការងារ ។ សម្តេចធិបតីបានណែនាំឲ្យត្រូវបន្តលើកកម្ពស់ការអប់រំឌីជីថល ដើម្បីរួមចំណែកដល់ការកសាងពលរដ្ឋឌីជីថល និង បង្កើនសមត្ថភាពសិស្សនិស្សិតលើវិស័យឌីជីថល សំដៅបង្កើនប្រសិទ្ធភាព នៃការបង្រៀន និង ការរៀនតាមប្រព័ន្ធឌីជីថល ព្រមទាំងលើកកម្ពស់ដល់ស្វ័យសិក្សារបស់សិស្សនិស្សិត ។ ដោយត្រូវសហការជាមួយក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍ ធ្វើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថលនៅតាមសាលារៀន សម្រាប់ជំរុញការបណ្ដុះបណ្តាលតាមប្រព័ន្ធអនឡាញ សំដៅសម្រេចបានការអប់រំប្រកបដោយនិរន្តរភាព និង បរិយាប័ន្ន ព្រមទាំងលើកទឹកចិត្តឱ្យមានការសិក្សាស្រាវជ្រាវ និង ការរៀនមួយជីវិតសម្រាប់ទាំងអស់គ្នា ៕