សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ដឹកនាំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ពិនិត្យសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់គ្រប់គ្រងរដ្ឋបាលឃុំ-សង្កាត់
ភ្នំពេញ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃពុធ ទី៥ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ដើម្បីពិនិត្យសំណើរបស់រាជរដ្ឋាភិបាល ស្តីពីការស្នើសុំរដ្ឋសភាអនុម័តសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ-សង្កាត់។
កិច្ចប្រជុំនេះបានផ្តោតលើការពិនិត្យ និងពិភាក្សាលើខ្លឹមសារនៃសេចក្តីព្រាងច្បាប់ ដើម្បីធានាឱ្យមានភាពសមស្របតាមតម្រូវការនៃការគ្រប់គ្រងរដ្ឋបាលមូលដ្ឋាន និងការពង្រឹងប្រសិទ្ធភាពការងាររបស់អាជ្ញាធរឃុំ-សង្កាត់។
ក្រោយការពិនិត្យរួច គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានសម្រេចប្រគល់សេចក្តីព្រាងច្បាប់នេះ ជូន គណៈកម្មការមហាផ្ទៃ ការពារជាតិ មុខងារសាធារណៈ និងកិច្ចការព្រំដែននៃរដ្ឋសភា ដើម្បីពិនិត្យ និងសិក្សាបន្ថែម ដោយសហការជាមួយ គណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃរដ្ឋសភា។
គណៈកម្មការជំនាញទាំងពីរត្រូវរៀបចំរបាយការណ៍ និងដាក់ជូនសម័យប្រជុំរដ្ឋសភា ដើម្បីពិនិត្យ និងសម្រេចតាមនីតិវិធី។
ការពិនិត្យសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ-សង្កាត់នេះ គឺជាផ្នែកមួយនៃការបន្តពង្រឹងក្របខណ្ឌច្បាប់ និងប្រព័ន្ធរដ្ឋបាលមូលដ្ឋាន សំដៅលើកកម្ពស់ការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍនៅថ្នាក់មូលដ្ឋានឱ្យកាន់តែមានប្រសិទ្ធភាព។
អត្ថបទ៖ វង សុភ័ក្ត្រ