ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីបើកកិច្ចប្រជុំកិច្ចសហប្រតិបត្តិការអាស៊ាន ស្តីពីកិច្ចការមុខងារសាធារណៈលើកទី២៣ (23rd ACCSM) កិច្ចប្រជុំកិច្ចសហប្រតិបត្តិការអាស៊ានបូកបី នៅខេត្តសៀមរាប

image

អត្ថបទ៖ ហ៊ន សុភ័ក្រ
…………….
សម្តេចមវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី​ នៃកម្ពុជា អញ្ជើញជាអធិបតីបើកកិច្ចប្រជុំកិច្ចសហប្រតិបត្តិការអាស៊ាន ស្តីពីកិច្ចការមុខងារសាធារណៈលើកទី២៣ (23rd ACCSM) កិច្ចប្រជុំកិច្ចសហប្រតិបត្តិការអាស៊ានបូកបី ស្តីពីកិច្ចការមុខងារសាធារណៈលើកទី៨ (8th ACCSM+3) និងព្រឹត្តិការណ៍ពាក់ព័ន្ធ នៅខេត្តសៀមរាប នាព្រឹកថ្ងៃទី ៥ ខែសីហា ឆ្នាំ២០២៦នេះ។

ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារ សាធារណៈ និងជាប្រធាននៃកិច្ចប្រជុំបានថ្លែងអំពីអត្ថប្រយោជន៍សំខាន់ៗចំនួនសម្រាប់កម្ពុជា សមាជិកអាស៊ាន និងប្រទេសបូក ពោលគឺកិច្ចប្រជុំនឹងពង្រឹងសមត្ថភាពមន្ត្រីរាជការ តាមរយៈវគ្គបណ្តុះបណ្តាល និងការផ្លាស់ប្តូរបទពិសោធន៍។
លើកកម្ពស់កិត្យានុភាព និងតួនាទីរបស់កម្ពុជានៅលើឆាកតំបន់។
ជំរុញការផ្តល់សេវាសាធារណៈឱ្យកាន់តែមានគុណភាព ប្រសិទ្ធភាព និងឆ្លើយតបតម្រូវការរបស់ប្រជាពលរដ្ឋកាន់តែល្អប្រសើរ។

សូមជម្រាបថា កម្ពុជាបានចូលជាសមាជិកអាស៊ាននៅឆ្នាំ១៩៩៩ និងបានចូលជាសមាជិក ACCSM នៅឆ្នាំ២០០១។ កម្ពុជា ធ្លាប់ធ្វើជាប្រធានប្តូរវេន ACCSM លើកទី១ ក្នុងអាណត្តិឆ្នាំ២០០៥-២០០៦ ហើយអាណត្តិឆ្នាំ២០២៤-២០២៦នេះ គឺជាលើកទី២ ដែលកម្ពុជាទទួលធ្វើជាប្រធាន និងរៀបចំកិច្ចប្រជុំថ្នាក់តំបន់នេះ។ ពេលនេះ កម្ពុជាបានក្លាយជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំនេះ សារជាថ្មី ដោយក្រសួងមុខងារសាធារណៈ បានរៀបចំធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកិច្ចសហប្រតិបត្តិការអាស៊ាន ស្តីពីកិច្ចការមុខងារសាធារណៈ លើកទី២៣ (23rd ACCSM) និង កិច្ចប្រជុំអាស៊ានបូកបី ស្តីពីកិច្ចការមុខងារសាធារណៈ លើកទី៨ (8th ACCSM+3) ព្រមទាំងព្រឹត្តិការណ៍ពាក់ព័ន្ធ សម្រាប់អាណត្តិឆ្នាំ២០២៤-២០២៦ ។

កិច្ចសហប្រតិបត្តិការអាស៊ាន ស្តីពីកិច្ចការមុខងារសាធារណៈ (ACCSM) ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៨១ បន្ទាប់ពីសន្និសីទអាស៊ានស្តីពីការកែទម្រង់មុខងារសាធារណៈ ដែលបានចាប់ផ្តើមនៅឆ្នាំ១៩៨០។ ក្រៅពីក្របខណ្ឌ កិច្ចសហប្រតិបត្តិការអាស៊ាន ស្តីពីកិច្ចការមុខងារសាធារណៈ (ACCSM ) ក៏មានក្របខណ្ឌ កិច្ចសហប្រតិបត្តិការអាស៊ានបូកបី ស្តីពីកិច្ចការមុខងារសាធារណៈ (ACCSM+3 )ដែលពង្រីកកិច្ចសហប្រតិបត្តិការជាមួយ ចិន ជប៉ុន និងកូរ៉េខាងត្បូង ព្រមទាំងដៃគូសន្ទនាអាស៊ានមួយចំនួន ដូចជា អូស្ត្រាលី កាណាដា និងឥណ្ឌា ដើម្បីចែករំលែកបទពិសោធន៍ក្នុងការគ្រប់គ្រង និងអភិវឌ្ឍវិស័យមុខងារសាធារណៈ។

សម្រាប់ឆ្នាំ២០២៤-២០២៦នេះ គឺជាលើកទី២ កម្ពុជាទទួលធ្វើជាប្រធានប្តូរវេនរៀបចំកិច្ចប្រជុំនេះជាថ្មីក្រោមមូលបទ «នវានុវត្តន៍សម្រាប់ការផ្តល់សេវាសាធារណៈឱ្យកាន់តែប្រសើរឡើង (Innovation for Better Service Delivery)» ដែលទទួលបន្ទុករៀបចំដោយក្រសួងមុខងារសាធារណៈ។ ការជ្រើសរើសមូលបទនេះ គឺក្នុងគោលបំណងប្រមូលផ្តុំ និងចែករំលែកនូវពុទ្ធិ និងឧត្តមានុវត្តន៍ពាក់ព័ន្ធនឹងនវានុវត្តន៍ ក្នុងការគ្រប់គ្រង និងការផ្តល់សេវាសាធារណៈ សម្រាប់ប្រទេសសមាជិកអាស៊ាន និងដៃគូ បង្កើនប្រសិទ្ធភាពក្នុងការអនុវត្តឯកសារណែនាំអាស៊ានស្តីពី ការផ្តល់សេវាសាធារណៈ និង ជំរុញការអនុវត្តនវានុវត្តន៍ក្នុងរដ្ឋបាលសាធារណៈ ដើម្បីបង្កើនគុណភាពនិងប្រសិទ្ធភាពសេវាដែលផ្តល់ជូនដល់ប្រជាពលរដ្ឋ និងនាំអាស៊ាននិងដៃគូសម្រេចឱ្យបាននូវ៖ គោលបំណងរបស់ផែនការការងារ៕