សង្គម

សមាគមសិល្បករខ្មែរ សហការជាមួយនិយ័តករមូលបត្រកម្ពុជា បណ្តុះបណ្តាលសិល្បករ ជាង ១០០នាក់ ពីចំណេះដឹងអំពីទីផ្សារមូលបត្រ និងការវិនិយោគ

image


ភ្នំពេញ៖ សមាគមសិល្បករខ្មែរ (ស.ស.ខ) សហការជាមួយនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយក្រោមប្រធានបទ «ការឈ្វេងយល់ពីឧបករណ៍ហិរញ្ញវត្ថុ និងឱកាសវិនិយោគក្នុងទីផ្សារមូលបត្រ» ដើម្បីបង្កើនការយល់ដឹងដល់សិល្បករ-សិល្បការិនីចំនួន ១០៥នាក់ អំពីមូលដ្ឋានគ្រឹះនៃទីផ្សារមូលបត្រ អត្ថប្រយោជន៍នៃការវិនិយោគ និងការអនុវត្តការជួញដូរភាគហ៊ុនជាក់ស្តែង។

សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងនារសៀលថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ ដោយមានការគាំទ្រពីផ្សារមូលបត្រកម្ពុជា (ផមក) ក្រុមហ៊ុនមូលបត្រ រ៉ូយ៉ាល់គ្រុប ម.ក និងក្រុមហ៊ុន ប៊ីអេហ្វអិកស៍ ខាភីថល ឯ.ក ក្រោមអធិបតីភាព ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃ ន.ម.ក. និងលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ នៅអគារអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ។

សិក្ខាសាលានេះ មានគោលបំណងផ្សព្វផ្សាយចំណេះដឹងអំពីទីផ្សារមូលបត្រ និងឧបករណ៍ហិរញ្ញវត្ថុ លើកទឹកចិត្តឱ្យសិល្បករ-សិល្បការិនីត្រៀមខ្លួនចូលរួមវិនិយោគប្រកបដោយចំណេះដឹង និងអាចបន្តផ្សព្វផ្សាយព័ត៌មានត្រឹមត្រូវទៅកាន់អ្នកគាំទ្ររបស់ខ្លួន ដើម្បីពង្រីកការយល់ដឹងអំពីវិស័យមូលបត្រដល់សាធារណជន។

ក្នុងឱកាសនោះ អ្នកចូលរួមទាំងអស់ទទួលបានអត្ថប្រយោជន៍ជាច្រើន រួមមាន ការទទួលលេខអត្តសញ្ញាណវិនិយោគិនដោយឥតគិតថ្លៃពី ន.ម.ក. ការបើកគណនីជួញដូរភាគហ៊ុនដោយឥតគិតថ្លៃពីក្រុមហ៊ុនមូលបត្រ រ៉ូយ៉ាល់គ្រុប ម.ក. និងទទួលបានភាគហ៊ុនចំនួន ៥ភាគហ៊ុន របស់ក្រុមហ៊ុន ខេម ជ្ជីអេសអេម ម.ក. (ក្រុមហ៊ុនសែលកាត) ដែលមានតម្លៃសរុប ១៥,០០០រៀល សម្រាប់អនុវត្តការទិញ-លក់ភាគហ៊ុនជាក់ស្តែង។

ថ្លែងក្នុងពិធីនេះ ឯកឧត្តម ស៊ូ សុជាតិ បានលើកឡើងថា សិល្បៈបង្កើតតម្លៃតាមរយៈទេពកោសល្យ និងការច្នៃប្រឌិត ខណៈការវិនិយោគបង្កើតតម្លៃតាមរយៈចក្ខុវិស័យ និងការរៀបចំផែនការហិរញ្ញវត្ថុសម្រាប់អនាគត។ ឯកឧត្តមបញ្ជាក់ថា ការអភិវឌ្ឍទីផ្សារមូលបត្រប្រកបដោយភាពរឹងមាំ មិនអាចពឹងផ្អែកតែលើហេដ្ឋារចនាសម្ព័ន្ធ និងបទប្បញ្ញត្តិប៉ុណ្ណោះទេ ប៉ុន្តែត្រូវចាប់ផ្តើមពីការយល់ដឹង ទំនុកចិត្ត និងការចូលរួមពីគ្រប់ស្រទាប់សង្គម។

ឯកឧត្តមបន្តថា សិល្បករ និងសិល្បការិនី គឺជាបុគ្គលមានឥទ្ធិពលលើការគិត និងអាកប្បកិរិយារបស់សាធារណជន ដូច្នេះការចូលរួមរបស់ពួកគេនឹងជួយផ្សព្វផ្សាយចំណេះដឹងហិរញ្ញវត្ថុ ពង្រឹងទំនុកចិត្តលើទីផ្សារមូលបត្រ និងរួមចំណែកកសាងវប្បធម៌វិនិយោគប្រកបដោយចំណេះដឹង ដែលជាមូលដ្ឋានសម្រាប់ការអភិវឌ្ឍវិស័យមូលបត្រ និងកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។

ជាមួយគ្នានេះ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង បានមានប្រសាសន៍ថា ក្រៅពីបេសកកម្មក្នុងការអភិរក្ស ថែរក្សា និងលើកកម្ពស់សិល្បៈវប្បធម៌ សមាគមក៏មានបំណងឱ្យសិល្បករខ្មែរដើរឱ្យទាន់ការវិវត្តនៃពិភពលោក បច្ចេកវិទ្យា និងចាប់យកកាលានុវត្តភាពថ្មីៗ ដើម្បីបង្កើនសមត្ថភាព និងឱកាសអភិវឌ្ឍខ្លួន។

លោកជំទាវអ្នកឧកញ៉ា បន្តថា ចំណេះដឹងអំពីទីផ្សារមូលបត្រ ឧបករណ៍ហិរញ្ញវត្ថុ ការគ្រប់គ្រងហានិភ័យ និងការវិនិយោគប្រកបដោយទំនួលខុសត្រូវ គឺជាចំណេះដឹងដ៏ចាំបាច់សម្រាប់ពលរដ្ឋក្នុងយុគសម័យឌីជីថល និងសេដ្ឋកិច្ចសកលភាវូបនីយកម្ម។ សិក្ខាសាលានេះ ក៏ជាឱកាសសម្រាប់សិល្បករ-សិល្បការិនី ពង្រីកចំណេះដឹង បង្កើតប្រភពចំណូលអកម្ម និងផ្សព្វផ្សាយព័ត៌មានត្រឹមត្រូវអំពីការវិនិយោគទៅកាន់សាធារណជន ដើម្បីជៀសវាងការឆបោក និងហានិភ័យនានា។

សូមជម្រាបថា សិក្ខាសាលានេះមានការចូលរួមពីសមាជិកសមាគមសិល្បករខ្មែរ និងសិល្បករ-សិល្បការិនីសរុប ១០៥រូប ព្រមទាំងវាគ្មិនមកពី ន.ម.ក. ផ្សារមូលបត្រកម្ពុជា ក្រុមហ៊ុនមូលបត្រ រ៉ូយ៉ាល់គ្រុប ម.ក. និងក្រុមហ៊ុន ប៊ីអេហ្វអិកស៍ ខាភីថល ឯ.ក. ដែលបានចែករំលែកចំណេះដឹង និងបទពិសោធន៍ពាក់ព័ន្ធនឹងទីផ្សារមូលបត្រកម្ពុជា៕

អត្ថបទ៖ ចេង ឆហួត
រូបភាព៖ អេង សុគុណ, លឹម មុនី និង អ៊ុន ផាន់ណាត់