សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើសាររំលែកទុក្ខ និងបរិច្ចាគថវិកា ១០ម៉ឺនដុល្លារ ដល់កាកបាទក្រហមចិន ក្នុងការឆ្លើយតបនឹងគ្រោះមហន្តរាយទឹកជំនន់ ដែលបង្កឡើងដោយព្យុះ ណូល
ភ្នំពេញ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានផ្ញើសាររំលែកទុក្ខជូនលោក ហឺ វៃ (He Wei) ប្រធានសមាគមកាកបាទក្រហមចិន ព្រមទាំងបរិច្ចាគថវិកាចំនួន ១០ម៉ឺនដុល្លារអាម៉េរិក ដើម្បីគាំទ្រដល់ប្រតិបត្តិការមនុស្សធម៌របស់សមាគមកាកបាទក្រហមចិន ក្នុងការឆ្លើយតបនឹងគ្រោះមហន្តរាយទឹកជំនន់ ដែលបង្កឡើងដោយព្យុះ ណូល (Noul)។ នេះបើយោងតាមលិខិតផ្ញើជូនប្រធានសមាគមកាកបាទក្រហមចិន។
ក្នុងលិខិត សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានសម្តែងនូវសេចក្តីសោកស្តាយយ៉ាងក្រៃលែង ចំពោះគ្រោះមហន្តរាយទឹកជំនន់ដែលបង្កឡើងដោយព្យុះ ណូល (Noul) បានវាយប្រហារខេត្តជាច្រើនរបស់ប្រទេសចិន បណ្តាលឱ្យខូចខាតទ្រព្យសម្បត្តិយ៉ាងសន្ធឹកសន្ធាប់ ប្រជាជនជិត ៩០ម៉ឺននាក់ ត្រូវបានជម្លៀសចេញពីលំនៅឋាន ព្រមទាំងបណ្តាលឱ្យមានអ្នកស្លាប់ និងរបួសមួយចំនួន។
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានមានប្រសាសន៍ថា ស្ថិតក្នុងពេលវេលាដ៏លំបាកនេះ ក្នុងនាមកាកបាទក្រហមកម្ពុជា និងក្នុងនាមផ្ទាល់ សម្តេចសូមបរិច្ចាគថវិកាចំនួន ១០០,០០០ ដុល្លារអាម៉េរិក ដើម្បីចូលរួមគាំទ្រដល់ប្រតិបត្តិការមនុស្សធម៌របស់សមាគមកាកបាទក្រហមចិន ក្នុងការឆ្លើយតបចំពោះគ្រោះមហន្តរាយខាងលើ។
ជាមួយគ្នានេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយក្រុមគ្រួសារជនរងគ្រោះ ជាពិសេសអ្នកដែលបានបាត់បង់សមាជិកគ្រួសារជាទីស្រឡាញ់ ដោយសង្ឃឹមថា ប្រតិបត្តិការសង្គ្រោះ និងការស្តារឡើងវិញនៅតំបន់រងគ្រោះ នឹងប្រព្រឹត្តទៅដោយរលូន និងឆាប់រហ័ស។
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានជូនពរឱ្យការស្តារតំបន់ដែលរងការបំផ្លិចបំផ្លាញដោយគ្រោះមហន្តរាយ អាចសម្រេចបានឆាប់រហ័ស និងសូមជូនពរឱ្យប្រជាជនចិនទាំងអស់ទទួលបានសុខភាពល្អ សុវត្ថិភាព និងជោគជ័យគ្រប់ភារកិច្ច៕
អត្ថបទ៖ សុភ័ស្ស