អ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ផ្ញើសារលិខិតជូនពរសម្តេច តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃកម្ពុជា ក្នុងឱកាសខួបចម្រើនជន្មាយុ
ភ្នំពេញ៖ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា និងលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង បានផ្ញើសារលិខិតជូនពរសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃកម្ពុជា ក្នុងឱកាសខួបចម្រើនជន្មាយុ។
ក្នុងសារលិខិត អ្នកឧកញ៉ា គិត ម៉េង បានលើកឡើងថា “ក្នុងឱកាសដ៏ឧត្តុង្គឧត្តមថ្លៃថ្លា នៃពិធីចម្រើនជន្មាយុគម្រប់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៦ ខ្ញុំបាទ និងភរិយា ព្រមទាំងប្រធានសភាពាណិជ្ជកម្មរាជធានី-ខេត្ត ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងសមាជិកសមាជិកាទាំងអស់ នៃសភាពាណិជ្ជកម្មកម្ពុជា សូមអនុញ្ញាតសម្តែងនូវគារវកិច្ច និង គោរពជូនពរសម្តេចអគ្គមហាសេនាបតីតេជោ សូម ប្រកបដោយសុខភាពល្អបរិបូណ៍ កម្លាំងកាយមាំមួន ប្រាជ្ញាឈ្លាសវៃ ជន្មាយុយឺនយូរ និងចាកផុតពីរោគាព្យាធិនានា ជាអង្វែងតរៀងទៅ។
ក្នុងឱកាសដ៏វិសេសវិសាលថ្លៃថ្លានេះ យើងខ្ញុំសូមសម្តែងនូវសេចក្តីគោរពកោតស្ញប់ស្ញែងដ៏ស្មោះស្ម័គ្រចំពោះវីរភាពដ៏ឧត្តុង្គឧត្តម សម្តេចអគ្គមហាសេនាបតីតេជោ ដែលតែងតែខិតខំប្រឹងប្រែង យកអស់កម្លាំងកាយ និងប្រាជ្ញាស្មារតី ប្រកបដោយគតិបណ្ឌិត ក្នុងការនាំមកនូវសុខសន្តិភាពពេញលេញ ការបង្រួបបង្រួមជាតិ ឯកភាពជាតិពេញលេញ ការធានានូវអធិបតេយ្យជាតិ និងបញ្ចប់សង្គ្រាមស៊ីវិលទាំងស្រុង តាមរយៈនយោបាយឈ្នះ-ឈ្នះ រហូតមកដល់បច្ចុប្បន្ន។ ទន្ទឹមនេះ ក្នុងនិតិកាលទី៥ នៃព្រឹទ្ធសភា សម្តេចអគ្គមហាសេនាបតីតេជោ បាននិងកំពុងដឹកស្ថាប័ននីតិប្បញ្ញកំពូលរបស់ជាតិ ដែលសម្រេចបានសមិទ្ធផលត្រចះត្រចង់ជាបន្តបន្ទាប់ ដែលនេះជាកត្តាធ្វើឱ្យជាតិមាតុភូមិមានភាពសម្បូរសប្បាយ រីកចម្រើនឥតឈប់ឈរ ប្រជាពលរដ្ឋកម្ពុជារស់នៅប្រកបដោយសុភមង្គល និងវិបុលភាព ព្រមទាំងទទួលបាននូវកិត្យានុភាពជាតិល្បីល្បាញទាំងក្នុងតំបន់ និងសកលលោក។
ជាថ្មីម្តងទៀត នៅក្នុងឱកាសដ៏ថ្លៃថ្លានេះ យើងខ្ញុំទាំងអស់គ្នាសូមលើកហត្ថបួងសួង ដល់គុណបុណ្យព្រះរតនត្រ័យទាំងបី និងវត្ថុស័ក្តិសិទ្ធិក្នុងលោក សូមតាមជួយថែរក្សាការពារ និងប្រោះព្រំប្រទានពរជ័យបវរសួស្តីជ័យមង្គលវិបុលសុខគ្រប់ប្រការ ជូនចំពោះសម្តេចអគ្គមហាសេនាបតីតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារជាទីស្រឡាញ់ សូមបានប្រកបនូវពុទ្ធ ពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និង ពលៈ ជានិច្ចនិរន្តរ៍។
សូម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សា ផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា មេត្តាទទួលនូវអភិវន្ទនកិច្ចដ៏ខ្ពង់ខ្ពស់ សេចក្តីស្រឡាញ់ដ៏ជ្រាលជ្រៅ និងស្មោះស្ម័គ្របំផុតអំពីយើងខ្ញុំទាំងអស់គ្នា”៕