សង្គម

អ្នករាយការណ៍ UN មានការក្តុកក្តួលនៅពេលឃើញពីទុក្ខលំបាកជនភៀសសឹកកម្ពុជា ហើយបើយោងតាមច្បាប់ និងកិច្ចព្រមព្រៀងបទឈប់បាញ់​ ពួកគេគួរត្រូវបានត្រលប់ទៅលំនៅឋានវិញ

image

ភ្នំពេញ៖ លោក ថូម៉ាស់ អេនឌ្រូ (Thomas Andrews) អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ (UN) ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា បានអះអាងថា ក្នុងពេលមកទស្សនកិច្ចនៅកម្ពុជារយៈពេល១២ថ្ងៃ លោកបានជួបជាមួយអ្នកនយោបាយមកពីគណបក្សប្រឆាំង អ្នកការពារសិទ្ធិមនុស្ស សកម្មជនបរិស្ថាន តំណាងអង្គការសង្គមស៊ីវិល អ្នកសារព័ត៌មាន បុគ្គលិកមនុស្សធម៌ និងអ្នកការទូត។ ការជួបប្រជុំទាំងអស់នេះត្រូវបានធ្វើឡើងដោយសេរី ត្រឹមត្រូវ និងគ្មានការរឹតត្បិត ហើយមន្ត្រីរដ្ឋាភិបាលបានផ្តល់ឱ្យលោកនូវការគោរពយ៉ាងខ្លាំង ព្រមទាំងផ្តល់ព័ត៌មាន និងទស្សនៈផ្សេងៗអំពីស្ថានភាពសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា។

លោក ថូម៉ាស់ អេនឌ្រូ បានលើកឡើងដូចនេះ ក្នុងសន្នសីទ្ធសារព័ត៌មាននៅរសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ ជាពេលដែលលោកបញ្ចប់បេសកកម្មនៅកម្ពុជា។ លោកបានលើកឡើងយ៉ាងដូច្នេះថា៖« ខ្ញុំចង់ចាប់ផ្ដើមជាមួយការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលកម្ពុជា សម្រាប់រៀបចំការទទួលស្វាគមន៍ខ្ញុំក្នុងនាមជាអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ។ ខ្ញុំត្រូវបានផ្ដល់សិទ្ធិចូលទៅកាន់ពន្ធនាគារ ជំរំជនភៀសខ្លួន និងតំបន់ព្រំដែន។ ខ្ញុំក៏បានជួបជាមួយអ្នកនយោបាយមកពីគណបក្សប្រឆាំង អ្នកការពារសិទ្ធិមនុស្ស សកម្មជនបរិស្ថាន តំណាងអង្គការសង្គមស៊ីវិល អ្នកសារព័ត៌មាន បុគ្គលិកមនុស្សធម៌ និងអ្នកការទូត។ ការជួបប្រជុំទាំងអស់នេះត្រូវបានធ្វើឡើងដោយសេរី ត្រឹមត្រូវ និងគ្មានការរឹតត្បិត។ ហើយមន្ត្រីរដ្ឋាភិបាលបានផ្តល់ឱ្យខ្ញុំនូវការគោរពយ៉ាងខ្លាំង ព្រមទាំងផ្តល់ព័ត៌មាន និងទស្សនៈផ្សេងៗអំពីស្ថានភាពសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា»។

លោកបានអរគុណចំពោះឱកាសក្នុងការជួប និងធ្វើការជាមួយមន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាល រួមមាន សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត។ ក្រៅពីនេះលោកក៏បានជួបជាមួយមន្ត្រីមកពីក្រសួងការបរទេស ក្រសួងមហាផ្ទៃ ក្រសួងយុត្តិធម៌ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា គណៈកម្មការប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធអនឡាញ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត រដ្ឋបាលខេត្តបន្ទាយមានជ័យ និងមន្ត្រីជាន់ខ្ពស់ផ្សេងទៀត។ ការជួបពិភាក្សាទាំងអស់នោះគឺប្រកបដោយការគោរព និងស្ថាបនា។

លោក ថូម៉ាស់ អេនឌ្រូ បានលេីកឡេីងថា​ លោកទន្ទឹងរង់ចាំធ្វើការជាមួយមន្ត្រី និងស្ថាប័នទាំងអស់នៅក្នុងអាណត្តិរបស់លោក ដើម្បីការពារ និងលើកកម្ពស់សិទ្ធិមនុស្សនៅកម្ពុជា។ ចំពោះការមកកម្ពុជានេះជាការស្វែងយល់ ដើម្បីឱ្យរបាយការណ៍របស់លោកទៅកាន់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ គឺផ្អែកទៅលើការពិត ហើយដើម្បីឱ្យលោកស្ថិតនៅក្នុងស្ថានភាពល្អបំផុតក្នុងការផ្តល់អនុសាសន៍ និងការគាំទ្រដែលមានប្រយោជន៍ដល់អ្នកពាក់ព័ន្ធទាំងអស់ចាប់ពីអ្នកតស៊ូមតិសិទ្ធិមនុស្ស រហូតដល់រដ្ឋមន្ត្រីក្រសួងនានា។

លោកបានលើកឡើងដែរថា ការគោរពច្បាប់អន្តរជាតិ គឺជាមូលដ្ឋាដ៏សំខាន់មួយសម្រាប់ឆ្លើយតបទៅនឹងបញ្ហាប្រឈមផ្នែកសិទ្ធិមនុស្ស ហើយវាក៏ជាមូលដ្ឋានគ្រឹះមួយ ដែលដូចជាមន្ត្រីរដ្ឋាភិបាលកម្ពុជាបានប្រាប់លលោ ការដោះស្រាយជម្លោះព្រំដែនជាមួយប្រទេសថៃ គឺជាមូលដ្ឋាមួយសម្រាប់ការឈានទៅរកការសម្រេចចិត្តប្រកបដោយយុត្តិធម៌។ លោកក៏បានធ្វើដំណើរទៅកាន់តំបន់ព្រំដែន ដើម្បីមើលពីផលប៉ះពាល់នៃជម្លោះនេះដោយផ្ទាល់ និងដើម្បីជួបជាមួយអ្នកដែលជីវិតរបស់ពួកគេរងគ្រោះដោយសារជម្លោះ។ បន្ទាប់ពីបានជួបជាមួយអភិបាលខេត្ត និងបានទទួលការរាយការណ៍យ៉ាងលម្អិត លោកបានទៅមើលកន្លែងតាំងទីលំនៅថ្មី ដែលត្រូវបានសាងសង់ដោយអាជ្ញាធរកម្ពុជា ហើយបានឃើញស្ថានភាពរបស់កុមារដែលកំពុងទទួលអាហារពេលព្រឹក។ អ្វីដែលធ្វើឱ្យលោករំភើបចិត្តបំផុតនោះគឺ ជនរងគ្រោះតែងតែយំរៀបរាប់ប្រាប់លោកអំពីអ្វីដែលពួកគេបាត់បង់ ហើយម្តាយម្នាក់បានរៀបរាប់អំពីពេលដែលភូមិរបស់គាត់ត្រូវបានទម្លាក់គ្រាប់បែក និងផ្ទះរបស់គាត់ត្រូវបានបំផ្លាញ។

លោកថា ប្រជាពលរដ្ឋកម្ពុជាប្រហែល ៦៥,០០០នាក់ ត្រូវបានផ្លាស់ទីលំនៅចេញពីតំបន់ព្រំដែនកាលពីចុងឆ្នាំកន្លងទៅ ដែលក្នុងនោះមាន ២០,០០០នាក់ នៅតែបន្តបាត់បង់ទីលំនៅ។ ប្រជាពលរដ្ឋបានប្រាប់លោកថា ពួកគេមិនអាចត្រលប់ទៅផ្ទះវិញបានទេ ព្រោះភូមិដ្ឋានរបស់ពួកគេត្រូវបានកាន់កាប់ដោយទាហានថៃ។ លោកបានធ្វើដំណើរទៅកាន់ជាយក្រុងអារញ្ញប្រថេត ដែលមានរបងលួសបន្លាការពារមិនឱ្យប្រជាពលរដ្ឋត្រលប់ទៅផ្ទះវិញ។ លោកបានឃើញផ្ទះដែលមានស្នាមគ្រាប់កាំភ្លើង រោងជាង និងឃ្លាំងដែលរងការខូចខាត ហើយថែមទាំងឃើញគ្រាប់បែកមួយគ្រាប់ដែលមិនទាន់ផ្ទុះផងដែរ។

បេីតាម​ លោក ថូម៉ាស់ អេនឌ្រូ យោងតាមច្បាប់អន្តរជាតិ ជនដែលត្រូវបានផ្លាស់ទីលំនៅដោយសារជម្លោះមានសិទ្ធិត្រលប់ទៅផ្ទះរបស់ពួកគេវិញ។ កិច្ចព្រមព្រៀងឈប់បាញ់កាលពីថ្ងៃទី២៧ ខែធ្នូ រវាងកម្ពុជា និងថៃ បានចែងថា ជនស៊ីវិលត្រូវបានអនុញ្ញាតឱ្យត្រលប់ទៅផ្ទះ និងមុខរបរចិញ្ចឹមជីវិតរបស់ពួកគេវិញដោយសុវត្ថិភាព។ វាជាការចាំបាច់ដែលប្រទេសថៃ និងកម្ពុជា ត្រូវធ្វើការជាមួយគ្នាដើម្បីពន្លឿនការវិលត្រឡប់របស់ជនស៊ីវិលទាំងនោះ។ ពួកគេចង់បាន និងសមនឹងទទួលបានការត្រលប់ទៅផ្ទះវិញ។

លោក ថូម៉ាស់ អេនឌ្រូ បានបញ្ជាក់ថា បញ្ហាសិទ្ធិមនុស្សពាក់ព័ន្ធនឹងជម្លោះនេះ មិនមែនមានតែការបាត់បង់ទីលំនៅនោះទេ។ ប្រជាពលរដ្ឋនៅកន្លែងតាំងទីលំនៅថ្មីបានបង្ហាញថា ពួកគេបាត់បង់ការងារធ្វើ បាត់បង់ទ្រព្យសម្បត្តិ ហើយពួកគេមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីអនាគតគ្រួសាររបស់ពួកគេ។ ទន្ទឹមនេះពលករចំណាកស្រុកកម្ពុជាជាង ៩០០,០០០នាក់ បានត្រលប់មកពីប្រទេសថៃវិញ ចំណេះដឹង និងជំនាញរបស់ពួកគេមិនសូវត្រូវនឹងតម្រូវការសេដ្ឋកិច្ចនៅកម្ពុជាឡើយ ហើយពួកគេជាច្រើននៅតែគ្មានការងារធ្វើ។ ការបិទច្រកព្រំដែនបានប៉ះពាល់យ៉ាងខ្លាំងដល់សេដ្ឋកិច្ចកម្ពុជា និងសហគមន៍តាមព្រំដែនដែលពឹងផ្អែកលើពាណិជ្ជកម្មកសិកម្ម និងទំនិញផ្សេងៗ។ វិស័យអប់រំ សុខាភិបាល និងសេវាកម្មផ្សេងៗទៀត ត្រូវបានរំខានយ៉ាងធ្ងន់ធ្ងរនៅតាមព្រំដែន។

លោកត្រៀមខ្លួនជាស្រេចដើម្បីធ្វើការជាមួយរដ្ឋាភិបាលកម្ពុជា និងថៃ ដើម្បីដោះស្រាយបញ្ហាប្រឈមផ្នែកសិទ្ធិមនុស្សដែលពាក់ព័ន្ធនឹងជម្លោះនេះ។ លោកចង់បញ្ជាក់ឱ្យបានច្បាស់អំពីសារៈសំខាន់នៃការដោះស្រាយជម្លោះនេះឱ្យបានឆាប់រហ័ស និងដោយសន្តិវិធី ដើម្បីឱ្យប្រជាពលរដ្ឋអាចត្រលប់ទៅផ្ទះវិញ ទទួលបានបរិយាកាសស្ថិរភាព និងសុវត្ថិភាព ព្រមទាំងចាប់យកឱកាសសេដ្ឋកិច្ចដែលពាណិជ្ជកម្មតាមព្រំដែនអាចផ្តល់ឱ្យ។

លោក ថូម៉ាស់ អេនឌ្រូ ក៏បានឱ្យដឹងដែរថា សម្តេចតេជោ ហ៊ុន សែន និងមន្ត្រីជាច្រើនទៀត បានសង្កត់ធ្ងន់ប្រាប់លោកអំពីសារៈសំខាន់នៃការផ្អែកលើច្បាប់អន្តរជាតិ ដើម្បីដោះស្រាយវិបត្តិព្រំដែនកម្ពុជា និងថៃ៕