សង្គម

អ្នកឧកញ៉ា គិត ម៉េង ដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ធ្វើទស្សនកិច្ចមន្ទីរពេទ្យ Hong Duc ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាល

image


ហូជីមិញ៖ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា នារសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ បានដឹកនាំគណៈប្រតិភូធុរកិច្ចនៃសភាពាណិជ្ជកម្មកម្ពុជា អញ្ជើញចុះទស្សនកិច្ច មន្ទីរពេទ្យហុងឌុក (Hong Duc)។ ដំណើរទស្សនកិច្ចនេះធ្វើឡើងក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការ និងជំរុញការផ្លាស់ប្តូរបទពិសោធន៍លើវិស័យសុខាភិបាលរវាងស្ថាប័នទាំងពីរ។

ក្នុងឱកាសនោះ លោកវេជ្ជបណ្ឌិត ង្វៀន ហុយ ដាង ខូ (Nguyen Huynh Dang Khoa) អនុប្រធាន និងជាប្រធានប្រតិបត្តិមន្ទីរពេទ្យហុងឌុក បានជម្រាបជូនគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា អំពីប្រវត្តិ និងសេវាកម្មរបស់មន្ទីរពេទ្យ។ លោកវេជ្ជបណ្ឌិត បានគូសបញ្ជាក់ថា មន្ទីរពេទ្យហុងឌុកគឺជាមន្ទីរពេទ្យឯកជនដំបូងគេបង្អស់នៅប្រទេសវៀតណាម ដែលបានបង្កើតឡើងតាំងពីឆ្នាំ២០០០ ក្នុងគោលបំណងរួមចំណែកក្នុងការជួយសម្រាលបន្ទុករបស់មន្ទីរពេទ្យរដ្ឋ។

បច្ចុប្បន្ន មន្ទីរពេទ្យនេះមាន មហាវិទ្យាល័យវេជ្ជសាស្ត្រ សេវាកម្មថែទាំសុខភាពដល់ផ្ទះ សេវាកម្មថែទាំមនុស្សចាស់ មូលនិធិសុខាភិបាល ជាពិសេស លោកវេជ្ជបណ្ឌិតក៏បានបង្ហាញបំណងប្រាថ្នាក្នុងការសហការជាមួយសភាពាណិជ្ជកម្មកម្ពុជា តាមរយៈការផ្តល់ជូននូវ សេវាពិនិត្យរោគវិនិច្ឆ័យជំងឺមហារីកដោយឥតគិតថ្លៃ ជូនដល់សមាជិកសភាពាណិជ្ជកម្មកម្ពុជាចំនួន ៥០០នាក់។

ជាការឆ្លើយតប អ្នកឧកញ៉ា គិត ម៉េង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកវេជ្ជបណ្ឌិត ង្វៀន ហុយ ដាង ខូ និងថ្នាក់ដឹកនាំមន្ទីរពេទ្យហុងឌុក ដែលបានស្វាគមន៍យ៉ាងកក់ក្តៅដល់គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា។

អ្នកឧកញ៉ា បានគូសបញ្ជាក់ពីការរីកចម្រើន និងការវិវត្តយ៉ាងវិជ្ជមាននៃវិស័យសុខាភិបាលនៅកម្ពុជា ព្រមទាំងបានអញ្ជើញលោកវេជ្ជបណ្ឌិត និងគណៈប្រតិបត្តិមន្ទីរពេទ្យ បំពេញទស្សនកិច្ច្ច នៅព្រះរាជាណាចក្រកម្ពុជា ដើម្បីស្វែងយល់បន្ថែមពីសក្តានុពល និងកាលានុវត្តភាពវិនិយោគលើវិស័យសុខាភិបាលនៅកម្ពុជា។ ជាមួយគ្នានេះ អ្នកឧកញ៉ា ក៏បានថ្លែងអំណរគុណផងដែរចំពោះមន្ទីរពេទ្យដែលបានផ្តល់សេវាពិនិត្យដោយឥតគិតថ្លៃជូនដល់សមាជិកសភាពាណិជ្ជកម្មកម្ពុជា។

ទន្ទឹមនឹងនេះ មូលនិធិសុខាភិបាលនៃមន្ទីរពេទ្យហុងឌុក និងសភាពាណិជ្ជកម្មកម្ពុជា បានឯកភាពគ្នាសិក្សាលទ្ធភាព ដើម្បីឆ្ពោះទៅ ការចុះអនុស្សរណៈយោគយល់គ្នា (MoU) ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាល៕

អត្ថបទ និងរូបភាព៖ អ៊ុន ផាន់ណាត់