អ្នកឧកញ៉ា គិត ម៉េង ដឹកនាំគណៈប្រតិភូធុរកិច្ចកម្ពុជា ធ្វើទស្សនកិច្ចក្រុមហ៊ុន Becamex Group ដើម្បីស្វែងយល់ និងដកស្រង់បទពិសោធន៍ អំពីការអភិវឌ្ឍសួនឧស្សាហកម្មទំនើប និងតំបន់សេដ្ឋកិច្ចពិសេសនៅវៀតណាម
ហូជីមិញ៖ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ បានដឹកនាំគណៈប្រតិភូធុរកិច្ចសភាពាណិជ្ជកម្មកម្ពុជា អញ្ជើញធ្វើទស្សនកិច្ចក្រុមហ៊ុន បេកាម៉ិចគ្រុប (Becamex Group) ដើម្បីស្វែងយល់ និងដកស្រង់បទពិសោធន៍ អំពីការអភិវឌ្ឍសួនឧស្សាហកម្មទំនើប តំបន់សេដ្ឋកិច្ចពិសេស តំបន់ភស្តុភារកម្ម និងឱកាសវិនិយោគ ព្រមទាំងពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច រវាងវិស័យឯកជននៃប្រទេសទាំងពីរ។ ទស្សនកិច្ចនេះ ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅដោយ លោក ង្វៀន វ៉ាន ហឹង (NGUYEN VAN HUNG) ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន បេកាម៉ិចគ្រុប។
ក្នុងឱកាសនៃដំណើរទស្សនកិច្ចនេះ អ្នកឧកញ៉ា គិត ម៉េង បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ និងបុគ្គលិកក្រុមហ៊ុន បេកាម៉ិចគ្រុប ដែលបានទទួលស្វាគមន៍គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជាយ៉ាងកក់ក្តៅ និងបានចែករំលែកបទពិសោធន៍នៃការអភិវឌ្ឍសួនឧស្សាហកម្មរបស់ខ្លួន។
អ្នកឧកញ៉ាបានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះការរីកចម្រើន និងភាពជោគជ័យរបស់ក្រុមហ៊ុន ក្នុងការអភិវឌ្ឍសួនឧស្សាហកម្ម ដែលរួមចំណែកដល់កំណើនសេដ្ឋកិច្ចវៀតណាម និងក្លាយជាម៉ូដែលគំរូមួយក្នុងតំបន់អាស៊ាន។
អ្នកឧកញ៉ាបានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះធ្វើឡើងស្របតាមគោលនយោបាយរបស់រដ្ឋាភិបាលប្រទេសទាំងពីរ ក្នុងការជំរុញទំហំពាណិជ្ជកម្មទ្វេភាគីឲ្យសម្រេចបាន ២០ពាន់លានដុល្លារ ជាពិសេសបន្ទាប់ពីដំណើរទស្សនកិច្ចផ្លូវការទៅកាន់សាធារណរដ្ឋសង្គមនិយមវៀតណាម កាលពីថ្ងៃទី៨ ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
អ្នកឧកញ៉ាបានសង្កត់ធ្ងន់ថា គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជានឹងដកស្រង់យកបទពិសោធន៍ពីដំណើរទស្សនកិច្ចនេះ សម្រាប់យកមកអភិវឌ្ឍសួនឧស្សាហកម្មឱ្យស្របតាមស្ថានភាពភូមិសាស្ត្រ និងសេដ្ឋកិច្ច។
លោក ង្វៀន វ៉ាន ហឹង (NGUYEN VAN HUNG) ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន បេកាម៉ិចគ្រុប បានបង្ហាញនូវសេចក្តីសោមនស្សរីករាយ និងស្វាគមន៍យ៉ាងកក់ក្តៅចំពោះ អ្នកឧកញ៉ា គិត ម៉េង រួមនិងគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជាទាំងអស់ ដែលបានអញ្ជើញបំពេញទស្សនកិច្ចសួនឧស្សាហកម្មរបស់ក្រុមហ៊ុន បេកាម៉ិចគ្រុប។ លោកប្រធានបានជម្រាបជូនអំពីការអភិវឌ្ឍតំបន់ឧស្សាហកម្មបេកាម៉ិច ដោយអនុលោមតាមគោលនយោបាយរដ្ឋាភិបាលវៀតណាម ក្នុងការជំរុញខេត្តភាគខាងជើងឱ្យក្លាយជាតំបន់ឧស្សាហកម្ម និងវិទ្យាសាស្ត្រ។ ប្រវត្តិជោគជ័យដ៏លេចធ្លោមួយរបស់ក្រុមហ៊ុន គឺការអភិវឌ្ឍសួនឧស្សាហកម្មវៀតណាម-សិង្ហបុរី ចាប់ពីឆ្នាំ១៩៩៦ មកដល់បច្ចុប្បន្ន ដែលបានប្រែក្លាយតំបន់ពឹងផ្អែកលើកសិកម្ម ឱ្យទៅជាតំបន់ឧស្សាហកម្មឈានមុខ តាមរយៈការបង្កើតគណៈកម្មាការដាច់ដោយឡែករបស់រដ្ឋសម្រាប់គ្រប់គ្រងការអភិវឌ្ឍ និងការកែប្រែតំបន់រដ្ឋបាល។ បច្ចុប្បន្ន សួនឧស្សាហកម្មរបស់ក្រុមហ៊ុន បេកាម៉ិច មានចំនួន ៣០ នៅទូទាំងប្រទេសវៀតណាម។
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន បេកាម៉ិចគ្រុប គឺជាក្រុមហ៊ុនអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធឧស្សាហកម្ម និងទីក្រុងឈានមុខគេរបស់ប្រទេសវៀតណាម ដែលល្បីល្បាញតាមរយៈការរួមចំណែកបង្កើតបណ្តាញសួនឧស្សាហកម្មវៀតណាម-សិង្ហបុរី (VSIP) ដ៏ជោគជ័យ។ ដោយបានត្រួសត្រាយផ្លូវលើគំរូរួមបញ្ចូលគ្នានៃ «ឧស្សាហកម្ម-ទីក្រុង-សេវាកម្ម» ក្រុមហ៊ុនបាននិងកំពុងធ្វើទំនើបកម្មក្នុងតំបន់ ដោយរួមបញ្ចូលគ្នារវាងតំបន់ផលិតកម្មវៃឆ្លាត តំបន់ប្រជុំជនរស់នៅ បណ្តាញភស្តុភារកម្មធំៗ និងមជ្ឈមណ្ឌលបច្ចេកវិទ្យា និងវិទ្យាសាស្ត្រច្នៃប្រឌិត ដែលជាគ្រឹះយ៉ាងរឹងមាំក្នុងការទាក់ទាញវិនិយោគិនបរទេស (FDI) និងជំរុញកំណើនសេដ្ឋកិច្ចនៅក្នុងប្រទេសវៀតណាម៕
អត្ថបទ និងរូបភាព៖ អ៊ុន ផាន់ណាត់