អ្នករាយការណ៍ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា វាយតម្លៃខ្ពស់ចំពោះការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជួយសង្គ្រោះ និងគាំទ្រជនភៀសសឹកដោយសារជម្លោះព្រំដែនកម្ពុជា-ថៃ
លោក ថូម៉ាស់ អេនឌ្រូ (Thomas Andrews) អ្នករាយការណ៍ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាល ព្រមទាំងក្រសួងស្ថាប័នពាក់ព័ន្ធ ដែលបានផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងបើកចំហ និងប្រកបដោយការយោគយល់គ្នា។ លោក បានជម្រាប ជូន សម្តេច ធិបតី ថា ក្នុង ដំណេីរបំពេញបេសកកម្មការងារនេះ លោកបានជួបពិភាក្សាការងារជាមួយឥស្សរជនជាន់ខ្ពស់, តំណាងក្រសួងស្ថាប័ន, អង្គការសង្គមស៊ីវិល និងបានបំពេញទស្សនកិច្ចនៅជំរុំជនភៀសសឹក ដោយសារជម្លោះព្រំដែនកម្ពុជា-ថៃ។ លោក ថូម៉ាស់ អេនឌ្រូ (Thomas Andrews) អ្នករាយការណ៍ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ក្នុងការជួយសង្គ្រោះ និងគាំទ្រជនភៀសសឹកដោយសារជម្លោះព្រំដែនកម្ពុជា-ថៃ ដែលមិនទាន់អាចវិលត្រឡប់ទៅលំនៅឋានវិញបាន។ ការលើកឡើងនេះក្នុងឱកាសដែលសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជាបានទទួលជួបពិភាក្សាការងារ ជាមួយ លោក ថូម៉ាស់ អេនឌ្រូ (Thomas Andrews) អ្នករាយការណ៍ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា នៅវិមានសន្តិភាព នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៣០ កក្កដា ឆ្នាំ២០២៦។
លោកក៏បានកោតសរសើរចំពោះកម្ពុជា ដែលបានទទួលយកលិខិតូបករណ៍ពាក់ព័ន្ធនឹងសិទ្ធិមនុស្សចំនួន ៨ លើ ៩ ព្រមទាំងបានបញ្ជាក់ពីការប្តេជ្ញាចិត្ត និងត្រៀមខ្លួនរួចជាស្រេចក្នុងការសហការជាមួយកម្ពុជា ក្នុងស្មារតីស្ថាបនា ដោយផ្អែកលើច្បាប់ជាតិ និងអន្តរជាតិ។
សម្តេចធិបតី បានអបអរសាទរចំពោះលោក Thomas Andrews ដែលទទួលបានការតែងតាំងជាអ្នករាយការណ៍ពិសេសបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា និងបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាពិតជាត្រូវការដៃគូសហការក្នុងស្មារតីស្ថាបនា និងប្រកបដោយសមធម៌។ សម្តេចធិបតី បានលើកឡើងពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់សិទ្ធិមនុស្ស និងសិទ្ធិសេរីភាពជាមូលដ្ឋាន ដោយផ្អែកលើច្បាប់ជាតិ និងលិខិតូបករណ៍អន្តរជាតិនានា ជាពិសេស ការលើកកម្ពស់សិទ្ធិទទួលបានសេវាថែទាំសុខភាព និងការអប់រំ ជាដើម។ សម្តេចធិបតីបានសង្កត់ធ្ងន់ថា ការប្រើប្រាស់សិទ្ធិ និងសេរីភាព ត្រូវធ្វើឡើងប្រកបដោយការទទួលខុសត្រូវ និងស្របតាមដែនកំណត់នៃច្បាប់។ សម្ដេចធិបតីបានបញ្ជាក់បន្ថែមថា ទោះជាប្រទេសតូច ឬធំក្តី ការអនុវត្តច្បាប់ និងការលើកកម្ពស់សិទ្ធិមនុស្ស គឺត្រូវស្ថិតនៅក្រោមច្បាប់ ហើយប្រទេសនីមួយៗសុទ្ធតែមានលក្ខណៈពិសេសផ្សេងៗ ពីគ្នា។ ជាមួយគ្នានេះ, សម្តេចធិបតី ក៏បានលើកទឹកចិត្តឱ្យអ្នករាយការណ៍ពិសេស បន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ និងលេីកទឹកចិត្តឱ្យការសរសេររបាយការណ៍ ដោយផ្អែកលើព័ត៌មានគ្រប់ជ្រុងជ្រោយ និង ពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ សំដៅរួមចំណែកដល់ការអនុវត្ត និងលើកកម្ពស់សិទ្ធិមនុស្សនៅកម្ពុជាឱ្យកាន់តែល្អប្រសើរថែមទៀត។
សម្ដេចធិបតីក៏បានជម្រាបជូនលោក Thomas Andrews អំពីការវិវត្ត នៃស្ថានភាពព្រំដែនកម្ពុជា-ថៃ និងគូសបញ្ជាក់អំពីការប្តេជ្ញាចិត្ត និងជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែននេះដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ និងអនុលោមតាមអនុសញ្ញា សន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងកម្ពុជា និងថៃ៕
អត្ថបទ៖ ហ៊ន សុភ័ក្រ