ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋចំនួនជាង ២ម៉ឺនបណ្ណ នៅខេត្តកណ្តាល

image

អត្ថបទ៖ ហ៊ន សុភ័ក្រ
វីដេអូ ៖ អេង សុគុណ និងលឹម មុនី
————
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជានាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦នេះបានអញ្ជើញជាអធិបតីក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋ ចំនួន ២៣ ០៦៧ បណ្ណ ស្ថិតនៅឃុំជ័យធំ ឃុំរកាជន្លឹង និង ឃុំពុកឬស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។ ពិធីនេះរៀបចំឡើងនៅវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ROTA ខ្សាច់កណ្តាល ភូមិសន្លុង ឃុំសន្លុង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាលបានថ្លែងថា "អ្វីដែលរឹតតែជាមោទនភាព និងជាមហាកិត្តិយសដ៏ធំធេង សម្រាប់ទឹកដីខេត្ត កណ្តាលនោះគឺ ព្រឹត្តិការណ៍នាថ្ងៃនេះ ជាការចែកបណ្ណកម្មសិទ្ធិដីធ្លីនៅស្រុកចុងក្រោយ និងជាការប្រកាសបញ្ចប់ជាស្ថាពរនូវយុទ្ធនាការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ នៅ ទូទាំងខេត្តកណ្តាល ដែលជាសមិទ្ធផលបានកើតចេញពីការគិតគូរ និងការយកចិត្ត ទុកដាក់ដ៏ខ្ពង់ខ្ពស់បំផុត ពីសំណាក់រាជរដ្ឋាភិបាល តាមរយៈការផ្តួចផ្តើមជំរុញយុទ្ធនាការ ចុះបញ្ជីដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងការជំរុញពន្លឿនការ ចែកវិញ្ញាបនបត្របញ្ចប់ជាស្ថាពរដោយ សម្តេចមហាបវរធិបតី ដើម្បីធានាបាននូវសុខ សុវត្ថិភាពផ្លូវច្បាប់ ក៏ដូចជាភាពកក់ក្តៅពិតប្រាកដលើការកាន់កាប់ដីធ្លី ជូនដល់បងប្អូន ប្រជាពលរដ្ឋដែលជាម្ចាស់កម្មសិទ្ធិដីនៅខេត្តកណ្តាល"។
ឯកឧត្តម គួច ចំរើន បានបន្តថា "ខេត្តកណ្តាលមាន ១៣ ក្រុង-ស្រុក ១២៧ ឃុំ-សង្កាត់ ១០១០ ភូមិ និងក្បាលដី ប៉ាន់ស្មានសរុប ៨សែន៦ម៉ឺន ៦ ៧០០ ក្បាលដី ។ គិតចាប់ពីអនុវត្តរហូតដល់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ វាស់វែង គូស ប្រមូល បញ្ចូល និងបិទផ្សាយទិន្នន័យ ចំនួន៨សែន ៦ម៉ឺន ៦ ៧០០ ក្បាលដី ស្មើនឹង ១០០%, ចេញបណ្ណចំនួន៧សែន៨ម៉ឺន ៥៦៣៦ បណ្ណ ស្មើនឹង ៩០,៦៥ % ចែកដល់ដៃប្រជាពលរដ្ឋ ចំនួន ៥សែន២ម៉ឺន ២៥៥៨ បណ្ណ ស្មើនឹង ៦៦,៥១%, បណ្ណនៅសល់ ចំនួន២សែន ៦ម៉ឺន ៣ ០៧៨ បណ្ណ ស្មើនឹង ៣៣,៤៩%, ក្នុងនោះ៖ កំពុងបន្តចែក ចំនួន១សែន ៣ម៉ឺន ១ ៣៤៣ បណ្ណ និងបណ្ណជាប់ពន្ធ ៤% ចំនួន១សែន ៣ម៉ឺន ១៧៣៥ បណ្ណ ។ ក្បាលដីមិនចូលរួម សរុបចំនួន ៧ម៉ឺន ៩៥៣ ក្បាលដី, ក្បាលដីមានវិវាទសរុបចំនួន ៧ពាន់ ៥៣៩ ក្បាលដី ,ភូមិចំនួន ៣ មិនអាចប្រកាសតំបន់វិនិច្ឆ័យបាន ដោយសារជាប់ព្រំប្រទល់ កម្ពុជា-វៀតណាម រង់ចាំការសម្រេចពីគណៈកម្មការព្រំដែនគឺ៖ ភូមិព្រែកស្បូវ សង្កាត់សំពៅពូន ក្រុងសំពៅពូន ភូមិប៉ាកណាម សង្កាត់ព្រែកជ្រៃ ក្រុងសំពៅពូន និង
ភូមិក្អមសំណរក្រោម ឃុំក្អមសំណរ ស្រុកលើកដែក"៕