សង្គម

និយ័តករធានារ៉ាប់រងកម្ពុជា បន្តជំរុញការយល់ដឹង និងស្នើឱ្យសមត្ថកិច្ច និងអ្នកពាក់ព័ន្ធនៅខេត្តតាកែវ ចូលរួមអនុវត្តការធានារ៉ាប់រងជាកាតព្វកិច្ច

image


តាកែវ៖ និយ័តករធានារ៉ាប់រងកម្ពុជា បានបន្តជំរុញការយល់ដឹង និងការអនុវត្តការធានារ៉ាប់រងជាកាតព្វកិច្ច តាមរយៈការរៀបចំសិក្ខាសាលាផ្សព្វផ្សាយនៅខេត្តតាកែវ ដោយលើកឡើងពីសារៈសំខាន់នៃការធានារ៉ាប់រងក្នុងការការពារផលប្រយោជន៍ប្រជាពលរដ្ឋ កាត់បន្ថយហានិភ័យហិរញ្ញវត្ថុ និងឆ្លើយតបទៅនឹងការកើនឡើងនៃសកម្មភាពសាងសង់ និងយានយន្តប្រកបអាជីវកម្ម។

នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ និយ័តករធានារ៉ាប់រងកម្ពុជា បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការធានារ៉ាប់រងជាកាតព្វកិច្ច» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកស្រីបណ្ឌិត ហោ សុវឌ្ឍនា អគ្គនាយករង នៃនិយ័តករធានារ៉ាប់រងកម្ពុជា ដោយមានការចូលរួមពី លោក ម៉ម កាយ អភិបាលរងខេត្តតាកែវ តំណាងក្រុមការងារអន្តរក្រសួង មន្ទីរជំនាញ អាជ្ញាធរមានសមត្ថកិច្ច គ្រឹះស្ថានឯកជន និងស្ថាប័នពាក់ព័ន្ធនានាក្នុងខេត្តតាកែវ។

សិក្ខាសាលានេះមានគោលបំណងផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងអំពីការធានារ៉ាប់រងឱ្យកាន់តែទូលំទូលាយដល់សាធារណជន ក្រសួង ស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន។ ទន្ទឹមនឹងនេះ ក៏មានគោលបំណងរួមចំណែកការពារផលប្រយោជន៍ សិទ្ធិ និងកាតព្វកិច្ចរបស់អ្នកទទួលការធានារ៉ាប់រង តាមរយៈការបង្ហាញពីមូលដ្ឋានគ្រឹះ ប្រភេទ អត្ថប្រយោជន៍នៃការធានារ៉ាប់រង និងការធានារ៉ាប់រងជាកាតព្វកិច្ច ព្រមទាំងតួនាទី និងភារកិច្ចរបស់និយ័តករធានារ៉ាប់រងកម្ពុជា។
ជាលទ្ធផល សិក្ខាកាមបានបង្ហាញការយកចិត្តទុកដាក់ និងគាំទ្រចំពោះការប្រើប្រាស់ការធានារ៉ាប់រងជាមធ្យោបាយសម្រាប់ផ្ទេរ និងសម្រាលបន្ទុកហិរញ្ញវត្ថុ នៅពេលមានហានិភ័យកើតឡើង។ លើសពីនេះ សិក្ខាកាមក៏បានយល់ដឹងកាន់តែច្បាស់អំពីប្រភេទនៃការធានារ៉ាប់រងជាកាតព្វកិច្ច និងបានផ្លាស់ប្តូរមតិយោបល់យ៉ាងផុសផុលជុំវិញសារៈសំខាន់នៃកិច្ចសហការពីគ្រប់តួអង្គពាក់ព័ន្ធ ដើម្បីជំរុញការអនុវត្តការធានារ៉ាប់រងជាកាតព្វកិច្ចឱ្យកាន់តែមានប្រសិទ្ធភាព។

ក្នុងឱកាសនោះ លោកស្រីបណ្ឌិត ហោ សុវឌ្ឍនា បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់និយ័តករធានារ៉ាប់រងកម្ពុជា ក្រសួង ស្ថាប័ន និងតួអង្គពាក់ព័ន្ធទាំងអស់ ដែលបានបន្តពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីលើកកម្ពស់ការអភិវឌ្ឍវិស័យធានារ៉ាប់រងនៅកម្ពុជា។
លោកស្រីបណ្ឌិត បានបញ្ជាក់ថា ការជំរុញការអនុវត្តការធានារ៉ាប់រងជាកាតព្វកិច្ច មានសារៈសំខាន់ក្នុងការឆ្លើយតបទៅនឹងការកើនឡើងនៃការដ្ឋានសាងសង់ និងចំនួនយានយន្តប្រកបអាជីវកម្មដែលកំពុងធ្វើចរាចរណ៍តាមដងផ្លូវ ខណៈអត្រាគ្រោះថ្នាក់ចរាចរណ៍នៅតែបន្តកើនឡើង ដែលបង្កផលប៉ះពាល់ដល់ទ្រព្យសម្បត្តិ សុខភាព និងអាយុជីវិតរបស់ប្រជាពលរដ្ឋ។
លោកស្រីបណ្ឌិត បានអំពាវនាវឱ្យគ្រប់ភាគីពាក់ព័ន្ធបន្តសហការយ៉ាងជិតស្និទ្ធ ដើម្បីធានាឱ្យការអនុវត្តការធានារ៉ាប់រងជាកាតព្វកិច្ចសម្រេចបានលទ្ធផលប្រកបដោយប្រសិទ្ធភាព និងរួមចំណែកដល់ការអភិវឌ្ឍប្រកបដោយចីរភាពនៃវិស័យធានារ៉ាប់រងនៅកម្ពុជា៕