សង្គម

KNN GROUP របស់អ្នកឧកញ៉ា​ ជាម ឃុនណាត​ វិនិយោគរោងចក្រដំឡើងរថយន្តនៅខេត្តកណ្តាល

image


ភ្នំពេញ៖ «ដោយសារការជឿជាក់យ៉ាងមុតមាំបំផុត ទៅលើរាជរដ្ឋាភិបាល ដែលដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ប្រកបដោយចក្ខុវិស័យវែងឆ្ងាយ KNN GROUP សម្រេចចិត្តវិនិយោគបង្កើតរោងចក្រតម្លើងរថយន្តចំនួនទឹកប្រាក់ ២៨លានដុល្លាសហរដ្ឋអាម៉េរិក។ ក្រុមហ៊ុន KNN GROUP គឺជាក្រុមហ៊ុនដែលបង្កើតឡើង និងគ្រប់គ្រងភាគហ៊ុន ១០០% ដោយជនជាតិខ្មែរ ហើយការវិនិយោគរោងចក្រដំឡើងរថយន្តនេះ នឹងផ្តល់នូវអត្ថប្រយោជន៍ដល់ប្រទេសយើង រួមមានជួយកាត់បន្ថយការពឹងផ្អែកលើការនាំចូល ព្រមទាំងផ្តល់នូវការផ្ទេរបច្ចេកវិទ្យាទំនើប និងជំនាញបច្ចេកទេសដល់យុវជនខ្មែរជំនាន់ក្រោយ។ លើសពីនេះគឺចូលរួមអភិវឌ្ឍធនធានមនុស្ស បង្កើតបុគ្គលិកជំនាញ និងឱកាសការងាររាប់រយកន្លែងសម្រាប់សហគមន៍យើងផងដែរ»។ នេះជាការថ្លែងរបស់អ្នកឧកញ៉ា ជាម ឃុនណាត ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន KNN GROUP ក្នុងពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់រោងចក្រដំឡើងរថយន្ត ដែលប្រារព្ធឡើងនាថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦ ស្ថិតក្នុងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

ពិធីដ៏ឱឡារឹកនេះ ទទួលបានការផ្តល់កិត្តិយសចូលរួមជាអធិបតីភាពដោយ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា ដែលបានសម្តែងនូវការអបអរសាទរចំពោះការសម្រេចចិត្តវិនិយោគដ៏ធំសម្បើមនេះ នៅក្នុងតំបន់ដែលនឹងចូលរួមចំណែកយ៉ាងសកម្មដល់កំណើនសេដ្ឋកិច្ចជាតិ។ ក្នុងកម្មវិធីនេះ ក៏មានការចូលរួមពីអ្នកឧកញ៉ា ជាម ឃុនណាត ប្រធានក្រុមប្រឹក្សាភិបាល KNN Group និងលោកជំទាវ, គណៈគ្រប់គ្រងជាន់ខ្ពស់, បុគ្គលិក, ដៃគូអាជីវកម្ម, អ្នកសារព័ត៌មាន និងភ្ញៀវកិត្តិយសជាច្រើនកុះករ។

ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តម ជា វុទ្ធី បានមានប្រសាសន៍សង្កត់ធ្ងន់ថា៖ «ខ្ញុំសូមអរគុណចំពោះក្រុមហ៊ុន KNN GROUP ដែលបានជឿជាក់លើរដ្ឋាភិបាលកម្ពុជា និងសូមអះអាងថា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រុមហ៊ុន ដើម្បីធានាឲ្យគម្រោងនេះអនុវត្តបានដោយរលូន និងទទួលបានជោគជ័យស្របតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី នាយករដ្ឋមន្ត្រី ដែលសម្តេចបានគូសបញ្ជាថា កម្ពុជាមិនមែនចង់បានតែការវិនិយោគនោះទេ តែក៏ចង់បានភាពរីកចម្រើននៃការវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជាផងដែរ។»
 
គម្រោងរោងចក្រដំឡើងរថយន្ត JETOUR មានទុនវិនិយោគសរុប ២៨លានដុល្លារអាម៉េរិក លើផ្ទៃដីសរុប ១០ហិកតា ដែលរំពឹងថានឹងចាប់ផ្តើមខ្សែសង្វាក់ផលិតកម្មនៅដើមឆ្នាំ ២០២៧។ រោងចក្រនេះត្រូវបានរចនាឡើងជាមួយនឹងបច្ចេកវិទ្យាជំនាន់ចុងក្រោយ ដែលមានសមត្ថភាពផលិត និងដំឡើងរថយន្តបានជាង ២០,០០០ គ្រឿងក្នុងមួយឆ្នាំ។ រោងចក្រនេះមានសមត្ថភាពអាចផ្គុំដំឡើងរថយន្តច្រើនប្រភេទ រួមមាន រថយន្តប្រភេទចំហេះក្នុង (សាំង) ប្រភេទអគ្គីសនីលាយសាំង (PHEV) និងប្រភេទអគ្គីសនីសុទ្ធ (EV) គ្រប់ប្រភេទ ដើម្បីបំពេញតម្រូវការទីផ្សារក្នុងស្រុក ក៏ដូចជាការត្រៀមខ្លួនសម្រាប់នាំចេញទៅកាន់ទីផ្សារតំបន់អាស៊ាននាពេលអនាគត។

ចំណុចពិសេសរបស់រោងចក្រនេះ គឺការបំពាក់ប្រព័ន្ធស្វ័យប្រវត្តិកម្មកម្រិតខ្ពស់ (AGV) នៅគ្រប់ដំណាក់កាលផលិត ដើម្បីធានាបាននូវប្រសិទ្ធភាព និងភាពជាក់លាក់ខ្ពស់។ ក្រៅពីខ្សែសង្វាក់ផលិតកម្មដ៏ទំនើប KNN Group ក៏បានវិនិយោគលើផ្លូវសាកល្បងរថយន្ត (Test Track) ប្រវែង ១,៣៣៥ម៉ែត្រ ដែលជាផ្លូវសាកល្បងវែងតាមស្តង់ដារអន្តរជាតិ ដើម្បីធ្វើតេស្តគុណភាពរថយន្តគ្រប់គ្រឿងមុនពេលបញ្ជូនទៅដល់ដៃអតិថិជន។ លើសពីនេះ រោងចក្រផ្តោតសំខាន់លើនិរន្តរភាពបរិស្ថាន តាមរយៈការប្រើប្រាស់ថាមពលស្អាត (Green Energy) និងបច្ចេកវិទ្យាទំនើបក្នុងការគ្រប់គ្រងសំណល់ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍឧស្សាហកម្មបៃតងនៅកម្ពុជា។

គម្រោងនេះត្រូវបានរំពឹងថា នឹងក្លាយជាកម្លាំងចលករថ្មីដ៏សំខាន់មួយទៀត ក្នុងការរុញច្រានកំណើនសេដ្ឋកិច្ចរបស់ខេត្តកណ្តាលឱ្យមានសន្ទុះកាន់តែរឹងមាំ និងប្រកបដោយចីរភាព។ គម្រោងនេះនឹងចូលរួមចំណែកយ៉ាងសកម្មក្នុងការបង្កើនគុណភាពធនធានមនុស្ស លើកកម្ពស់ជំនាញវិជ្ជាជីវៈ និងបង្កើនប្រាក់ចំណូលគ្រួសារ ទាំងនេះសុទ្ធតែស្របតាមផែនការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍន៍ធនធានមនុស្ស និងជំរុញឧស្សាហកម្មក្នុងស្រុក៕