ព័ត៌មានជាតិ

រាជរដ្ឋាភិបាល​ចាប់ផ្តើមចាប់ឆ្នោតផ្តល់ដីការពារព្រៃជុំទី២ នៃគម្រោងទី១ ស្ថិតនៅភូមិសាស្ត្រខេត្តស្ទឹងត្រែង

image

ភ្នំពេញ៖ រាជរដ្ឋាភិបាល​កម្ពុជា​ នៅរសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ បានដំណើរការចាប់ឆ្នោតជុំទី២ សម្រាប់ពលរដ្ឋដែលមានសិទ្ធិទទួលដីឡូតិ៍ និងផ្ទះគម្រោងទី១ ដែលមានចំនួន ៥៣៨គ្រួសារ ស្ថិតនៅភូមិសាស្ត្រអូរសែវ ឃុំស្តៅ និងឃុំសាមឃួយ ស្រុកសេសាន ខេត្តស្ទឹងត្រែង។ ការចាប់ឆ្នោតនេះរៀបចំដោយលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិដឹកនាំអនុវត្តកម្មវិធីផ្តល់ដីការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព។

សូមបញ្ជាក់ថា "កម្មវិធីផ្តល់ដីការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព” ត្រូវបានផ្តួចផ្តើមឡើងដោយសម្តេចមហាបបរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីបង្កើនការការពារ និងអភិរក្សធនធានធម្មជាតិ ប្រកបដោយចីរភាពសម្រាប់កូនចៅតជំនាន់ផង និងបង្កើនប្រសិទ្ធភាព ផលិតភាពនៃការប្រើប្រាស់ដីរដ្ឋផង តាមរយៈការផ្តល់ដីក្រោមទម្រង់សម្បទានដីសង្គមកិច្ចជូនប្រជាពលរដ្ឋក្រីក្រគ្មានដីសម្រាប់សង់លំនៅឋានប្រកបដោយសមធម៌ និងគាំទ្រគម្រោងអភិវឌ្ឍសហគមន៍ ព្រមទាំងការពារព្រៃនៅជិតទីតាំងផ្តល់ដីប្រកបដោយចីរភាព។ កម្មវិធីនេះ ជាការរួមគ្នាគិត រួមគ្នាធ្វើ រួមគ្នាទទួលខុសត្រូវ រួមគ្នាដោះស្រាយបញ្ហារួមគ្នាទទួលផល និងរួមគ្នាអភិវឌ្ឍប្រកបដោយចីរភាព។

ទាក់ទងនឹងការផ្តល់ដីនេះ លេខាធិការដ្ឋានបានរៀបចំផែនការប្រើប្រាស់ដី ផែនការហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ផែនការបែងចែកដីឡូតិ៍លម្អិត និងផែនការអភិវឌ្ឍដើម្បីលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាពលរដ្ឋដែលគ្រោងនឹងទៅរស់នៅទីតាំងនោ និងបានអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត រួមមាន ការរៀបចំផ្លូវមេ ផ្លូវរង ស្រះទឹក ព្រមទាំងបានសាងសង់ផ្ទះ និងបន្ទប់ទឹកបានចំនួន ៧៥១ខ្នង លើផែនការចំនួន ៧៧០ខ្នង ដោយក្នុង ក្បាលដីឡូតិ៍នីមួយៗមានទំហំ ៣ហិកតា។ ដោយឡែក ចំពោះបុគ្គលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់អាចមានសិទ្ធិទទួលដីក្នុងគម្រោងទី១នេះ។

ចំពោះបុគ្គលដែលទទួលបានដីពីរាជរដ្ឋាភិបាលនេះមានលក្ខណៈសម្បត្តិទាំង៤ (សញ្ជាតិខ្មែរពីកំណើត គ្មានដី ក្រីក្រពិតប្រាកដ និងស្ម័គ្រចិត្តទៅរស់នៅទីតាំងកម្មវិធី) ចាប់ពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥ មកដល់ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥ លើអ្នកបានដាក់ពាក្យស្នើសុំដីដែលមានសំណាងចាប់ឆ្នោតតាមលំដាប់លេខរៀងជាអាទិភាពតាមរាជធានី រហូតដល់ទៅ ៧៦៣គ្រួសារ ក្នុងចំណោម ២ ៥០០គ្រួសារ ដែលមានសំណាងចាប់ឆ្នោតជុំទី១ បាន (ក្នុងចំណោមអ្នកបានដាក់ពាក្យស្នើសុំដីទូទាំងប្រទេស ១២ ៣២៩គ្រួសារ) ដែលកំពុងរស់នៅក្នុងភូមិសាស្ត្រទាំង ២៥រាជធានី-ខេត្ត ទើបអាចជ្រើសរើសបានបុគ្គលអាចមានសិទ្ធិទទួលដីចំនួន ៤៩៧គ្រួសារ ដើម្បីទៅតាំងទីនៅគម្រោងទី១ នៃកម្មវិធីនៅខេត្តស្ទឹងត្រែង៕