សង្គម

អ្នករាយការណ៍ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា សម្តែងក្តីបារម្ភចំពោះស្ថានភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែនកម្ពុជា-ថៃ ហេីយលោកនឹងទៅពិនិត្យស្ថានភាពដោយផ្ទាល់

image


ភ្នំពេញ៖ លោក កែវ សុទ្ធិ អនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) តំណាងដ៏ខ្ពង់ខ្ពស់ លោកទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធាន គ.ស.ម.ក. បានដឹកនាំក្រុមការងារអន្តរក្រសួង រួមមាន តំណាងមកពីក្រសួងមហាផ្ទៃ ក្រសួងយុត្តិធម៌ ក្រសួងកិច្ចការនារី ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ជួបប្រជុំជាមួយនឹង លោក Thomas Andrews អ្នករាយការណ៍ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា នៅទីស្តីការគណៈរដ្ឋមន្ត្រី។ កិច្ចប្រជុំនេះផ្តោតលើវឌ្ឍនភាពនៃស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា និងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា និងអ្នករាយការណ៍ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា។

ក្រោយពីទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោក Thomas Andrews និងសហការី លោក កែវ សុទ្ធិ បានគូសបញ្ជាក់ពីខិតខំរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ជីវភាពរបស់ប្រជាជន ដើម្បីសម្រេចបានគោលដៅក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០ និងចំណូលមធ្យមកម្រិតខ្ពស់ក្នុង ឆ្នាំ២០៥០ ព្រមទាំងការយកចិត្តទុកដាក់លើមូលធនមនុស្ស ជាពិសេសការផ្តល់វគ្គបណ្តុះបណ្តាលវិជ្ជាជីវៈដល់យុវជនមកពីគ្រួសារក្រីក្រ ចំនួន ១,៥ លាននាក់ តាមរយៈគោលនយោបាយអាទិភាព ក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ទន្ទឹមនឹងនេះ លោកក៏បានលើកឡើងពីតួនាទីសំខាន់របស់ គ.ស.ម.ក. ក្នុងការលើកកម្ពស់ និងការការពារសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា តាមរយៈយន្តការទទួលបណ្ដឹង ស្រាវជ្រាវ និងដោះស្រាយបណ្តឹង ការផ្សព្វផ្សាយអប់រំសិទ្ធិមនុស្ស និងការរៀបចំរបាយការណ៍សិទ្ធិមនុស្សជាតិ ដាក់ទៅគណៈកម្មាធិការតាមសន្ធិសញ្ញាដែលកម្ពុជាបានផ្តល់សច្ចាប័ន និងក្រុមប្រឹក្សាសិទ្ធិមនុស្ស។

ឆ្លៀតក្នុងឱកាសនេះ លោក កែវ សុទ្ធិ បានសង្កត់ធ្ងន់អំពីសកម្មភាពឈ្លានពានរបស់យោធាថៃ មកលើទឹកដីកម្ពុជា ដែលបង្កឱ្យមានជនភៀសសឹកជាង ៦៤០ ០០០នាក់។ ទោះបីជាមានកិច្ចព្រមព្រៀងស្តីពី បទឈប់បាញ់រវាងប្រទេសកម្ពុជា និងប្រទេសថៃ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក៏រហូតមកដល់បច្ចុប្បន្នជនភៀសសឹកកម្ពុជាចំនួនជាង ២០ ០០០ នាក់ មិនអាចត្រលប់ទៅលំនៅឋានវិញបាន ដោយសារការរាយបន្លាលួស ការដាក់ទូរកុងតឺន័រ ការកម្ទេចផ្ទះសម្បែងរបស់ប្រជាពលរដ្ឋ ការកាន់កាប់ដោយខុសច្បាប់របស់ យោធាថៃលើទឹកដីកម្ពុជា។ ការណ៍នេះ គឺជាការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរពីសំណាក់យោធាថៃ និងការព្យាយាមបង្កើតតថភាពថ្មីនៅនឹងកន្លែង (fait accompli)។

លោក កែវ សុទ្ធិ បានលើកឡើងពីជំហររបស់ប្រទេសកម្ពុជាក្នុងការដោះស្រាយជម្លោះនេះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ជាពិសេសការប្រើប្រាស់យន្តការកិច្ចប្រជុំគណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោកកម្ពុជា-ថៃ (The Cambodia-Thailand Joint Boundary Committee - JBC)។

លោក Thomas Andrews បានអរគុណចំពោះ លោក កែវ សុទ្ធិ និងក្រុមការងារ ដែលបានចំណាយពេលដ៏មមាញឹក ចូលរួមកិច្ចប្រជុំថ្ងៃនេះ។ ជាមួយគ្នានេះដែរ លោកបានសម្តែងនូវក្តីបារម្ភចំពោះស្ថានភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន និងបានគូសបញ្ជាក់ថា លោកនឹងទៅពិនិត្យស្ថានភាពសិទ្ធិមនុស្ស របស់ជនភៀសសឹកដោយផ្ទាល់។ លោក Thomas Andrews បានកោតសរសើរចំពោះប្រទេសកម្ពុជា ដែលបានផ្តល់កិច្ចសហប្រតិបត្តិការកម្រិតអន្តរជាតិយ៉ាងល្អ ជាពិសេសការទទួលយកអនុសាសន៍ UPR ជុំទី៤ របស់ប្រទេសកម្ពុជា លើសពី ៨៤% ព្រមទាំងការលើកកម្ពស់និងការការពារសិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នា។ លោកក៏បានលើកឡើងពីការបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិ ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងសិទ្ធិសេរីភាពជាមូលដ្ឋានមួយចំនួនផងដែរ។

ជាការឆ្លើយតប លោក កែវ សុទ្ធិ បានគូសបញ្ជាក់ពីការចូលរួមរបស់ប្រទេសកម្ពុជាជាមួយនឹងប្រទេសបារាំង ក្នុងសេចក្តីព្រាងសេចក្តីសម្រេចចិត្ត ស្តីពី “ការធ្វើឱ្យលែងមានទោសជាសកលនៃការស្រឡាញ់ភេទដូចគ្នា (Towards Universal Decriminalization of Homosexuality)” ដែលគ្រោងនឹងអនុម័តអំឡុងសម័យប្រជុំរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិលើកទី៦២។ លោក បានជម្រាបដល់ លោក Thomas Andrews ថាសេចក្តីព្រាងច្បាប់ស្តីពីការបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិ បានបញ្ជូនទៅទីស្តីការគណៈរដ្ឋមន្ត្រី រួចហើយ។

ចំពោះការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា លោកបានគូសបញ្ជាក់ពីកិច្ចខិតខំរបស់រាជរដ្ឋាភិបាល ក្នុងការលុបបំបាត់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា តាមរយៈការដាក់ចេញឱ្យប្រើប្រាស់ច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងការចាត់វិធានការម៉ឺងម៉ាត់ ក្នុងការចុះស៊ើបអង្កេត និងបង្ក្រាបទីតាំងសង្ស័យ ព្រមទាំងចាប់ខ្លួនជនជាប់ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា៕