សង្គម

អ្នកឧកញ៉ា គិត ម៉េង ស្នើឯកអគ្គរដ្ឋទូតប្រេស៊ីល ជំរុញការរៀបចំកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ការវិនិយោគ និងការចៀសវាងការយកពន្ធត្រួតគ្នា រវាងកម្ពុជា និងប្រេស៊ីល

image


ភ្នំពេញ៖ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា នាព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ បានទទួលជួបពិភាក្សាការងារជាមួយ លោកជំទាវ វីវៀន ឡូស សាន់ម៉ាទីន (Vivian Loss Sanmartin) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋសហព័ន្ធប្រេស៊ីល ប្រចាំព្រះរាជាណាចក្រកម្ពុជា។

ក្នុងជំនួបពិភាក្សានេះ លោកជំទាវ វីវៀន ឡូស សាន់ម៉ាទីន (Vivian Loss Sanmartin) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋសហព័ន្ធប្រេស៊ីលប្រចាំកម្ពុជា បានថ្លែងអំណរគុណចំពោះ អ្នកឧកញ៉ា គិត ម៉េង ដែលបានទទួលជួបសម្តែងការគួរសមនិងពិភាក្សាការងារ។
លោកជំទាវ បានបង្ហាញនូវបំណងប្រាថ្នាយ៉ាងមុតមាំក្នុងការជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត តាមរយៈការលើកកម្ពស់ទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងជំរុញគណៈប្រតិភូធុរកិច្ចរវាងប្រទេសទាំងពីរ ដើម្បីពង្រីកឱកាសវិនិយោគថ្មីៗ និងនាំមកនូវប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជាតិទាំងពីរ។ ជាមួយគ្នានេះ លោកជំទាវ បានវាយតម្លៃខ្ពស់ចំពោះសក្តានុពលសេដ្ឋកិច្ចកម្ពុជា។

ជាកិច្ចឆ្លើយតប អ្នកឧកញ៉ា គិត ម៉េង បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងអបអរសាទរចំពោះការបង្កើតស្ថានទូតប្រេស៊ីលនៅរាជធានីភ្នំពេញ ក្នុងការបន្តពង្រឹងទំនាក់ទំនងការទូត និងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។
អ្នកឧកញ៉ា បានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលកម្ពុជា បានបង្កើតក្របខ័ណ្ឌធុរកិច្ចដ៏ល្អប្រសើរ ដែលអនុញ្ញាតឱ្យវិនិយោគិនបរទេសមានកម្មសិទ្ធិ ១០០% លើស្ទើរគ្រប់វិស័យ ដើម្បីទាក់ទាញការវិនិយោគផ្ទាល់ ព្រមទាំងការបង្កើតតំបន់សេដ្ឋកិច្ចពិសេស ក្នុងនោះ រដ្ឋាភិបាលកម្ពុជាកំពុងការពារការវិនិយោគដែលមានស្រាប់ ទាក់ទាញធុរកិច្ចថ្មីៗ និងអនុវត្តការកែទម្រង់យ៉ាងសកម្មដើម្បីគាំទ្រដល់សហគ្រាសធុនតូច និងមធ្យម (SMEs)។

អ្នកឧកញ៉ា បានស្នើ លោកជំទាវឯកអគ្គរដ្ឋទូត ជំរុញដល់រដ្ឋាភិបាលប្រទេសទាំងពីរ៖ ១) ជំរុញកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី (FTA) ២) កិច្ចព្រមព្រៀងជំរុញ និងការពារការវិនិយោគ និង ៣) កិច្ចព្រមព្រៀងស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា (DTA)។ ជាងនេះទៅទៀត អ្នកឧកញ៉ា ជំរុញលើកកម្ពស់វិស័យទេសចរណ៍ និងលំហូរភ្ញៀវទេសចរ តាមរយៈការសិក្សាលើការបង្កើតជើងហោះហើរត្រង់ និងការសម្របសម្រួលទិដ្ឋាការទេសចរណ៍។

អ្នកឧកញ៉ា បានគូសបញ្ជាក់ថា កម្ពុជាមានទីតាំងយុទ្ធសាស្ត្រនៅចំកណ្តាលអាស៊ាន ដែលផ្តល់នូវច្រកចូលទីផ្សារតំបន់ដ៏ធំ ហើយអាស៊ានគឺជាតំបន់ដែលកំពុងមានកំណើនខ្ពស់ ទោះបីជាមានបញ្ហាប្រឈម និងជម្លោះនៅមជ្ឈិមបូព៌ាក៏ដោយ។

ទន្ទឹមនឹងនេះ ភាគីទាំងពីរបានឯកភាពជាគោលការណ៍ លើចំណុចដែលបានពិភាក្សា និងត្រៀមខ្លួនក្នុងការស្វាគមន៍ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូធុរកិច្ចប្រេស៊ីលមកកម្ពុជា និងពីកម្ពុជាទៅប្រេស៊ីលនាពេលអនាគត ដើម្បីទាក់ទាញការវិនិយោគផ្ទាល់ និងពង្រឹងទំនាក់ទំនងការទូត និងសេដ្ឋកិច្ចនៃប្រទេសទាំងពីរ៕

អត្ថបទ៖ ចេង ឆហួត រូបភាព៖ លឹម មុនី និងអ៊ុន ផាន់ណាត់