លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញបើកសិក្ខាសាលាចែករំលែកបទពិសោធន៍អាជ្ញាធរមូលដ្ឋាន ក្នុងការកសាងអង្គភាពផ្តល់សេវាសាធារណៈគំរូ
ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ (គ.វ.ជ.) និងលោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ បានអញ្ជើញជាសហអធិបតីក្នុងពិធីបើក «សិក្ខាសាលាចែករំលែកបទពិសោធន៍របស់អាជ្ញាធរមូលដ្ឋាន ក្នុងការកសាងអង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងសុខាភិបាល» ដែលរៀបចំឡើងនៅទីស្តីការក្រសួងមហាផ្ទៃ។
សិក្ខាសាលានេះ មានការចូលរួមពីទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ថ្នាក់ដឹកនាំក្រសួងពាក់ព័ន្ធ តំណាងអគ្គស្នងការដ្ឋាននគរបាលជាតិ លេខាធិការដ្ឋាន គ.ជ.អ.ប. សាលាជាតិរដ្ឋបាលមូលដ្ឋាន គណៈអភិបាលរាជធានី-ខេត្ត ក្រុង-ស្រុក-ខណ្ឌ ស្នងការដ្ឋាននគរបាល មន្ទីរអប់រំ មន្ទីរសុខាភិបាល មន្ទីរមុខងារសាធារណៈ អធិការដ្ឋាននគរបាល និងមេឃុំ-ចៅសង្កាត់ ទាំងដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញ។
ក្នុងប្រសាសន៍ស្វាគមន៍ លោក យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ បានលើកឡើងពីសាវតា ដំណើរការអនុវត្ត និងលក្ខណៈវិនិច្ឆ័យសំខាន់ៗនៃកម្មវិធីវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងសុខាភិបាល ដែលត្រូវបានដាក់ឱ្យអនុវត្តក្នុងទម្រង់ប្រកួតប្រជែង ដើម្បីពង្រឹងអភិបាលកិច្ច និងលើកកម្ពស់គុណភាពសេវាសាធារណៈជូនប្រជាពលរដ្ឋ។
លោកបានបញ្ជាក់ថា កម្មវិធីនេះគ្របដណ្តប់លើសាលារៀនចាប់ពីមត្តេយ្យសិក្សា រហូតដល់វិទ្យាល័យ សម្រាប់វិស័យអប់រំ និងអង្គភាពសុខាភិបាលចាប់ពីមណ្ឌលសុខភាព រហូតដល់មន្ទីរពេទ្យបង្អែកកម្រិត១ កម្រិត២ និងកម្រិត៣ សម្រាប់វិស័យសុខាភិបាល។
លោក យក់ ប៊ុនណា បានលើកឡើងថា ភាពជោគជ័យរបស់អង្គភាពផ្តល់សេវាសាធារណៈគំរូ កើតចេញពីកត្តាសំខាន់ៗ រួមមាន កត្តាផ្ទៃក្នុងរបស់អង្គភាព ដែលមានឆន្ទៈ សាមគ្គីភាព ការទទួលខុសត្រូវ និងនវានុវត្តន៍ កត្តាខាងក្រៅ ដូចជាការគាំទ្រពីប្រជាពលរដ្ឋ សហគមន៍ និងដៃគូអភិវឌ្ឍន៍ ព្រមទាំងការយកចិត្តទុកដាក់ ការតម្រង់ទិស និងការជួយជ្រំជ្រែងពីអាជ្ញាធរមូលដ្ឋាន និងអង្គភាពជាអាណាព្យាបាល។
លោកបានបន្ថែមថា ការរៀបចំសិក្ខាសាលានេះ គឺដើម្បីបង្ហាញពីតួនាទីដ៏សំខាន់របស់អាជ្ញាធរមូលដ្ឋាន ក្នុងការគាំទ្រ និងជំរុញឱ្យអង្គភាពជ័យលាភីអាចសម្រេចបាននូវឧត្តមានុវត្តន៍តាមលក្ខណៈវិនិច្ឆ័យទាំង៨ ព្រមទាំងចែករំលែកបទពិសោធន៍ល្អៗ ដើម្បីពង្រឹងគុណភាព និងប្រសិទ្ធភាពនៃការគ្រប់គ្រង និងការផ្តល់សេវាសាធារណៈ នៅតាមសាលារៀន និងមន្ទីរពេទ្យទូទាំងប្រទេស។
លោកបានបញ្ជាក់ថា កន្លងមក ក្រសួងបានរៀបចំសិក្ខាសាលាជាបន្តបន្ទាប់ ដើម្បីចែករំលែកបទពិសោធន៍របស់អង្គភាពជ័យលាភី ប៉ុន្តែលើកនេះ គឺជាជំហានថ្មីមួយ ដោយផ្តោតលើបទពិសោធន៍របស់អាជ្ញាធរមូលដ្ឋាន ដែលបានដើរតួនាទីសំខាន់ក្នុងការគាំទ្រ និងជំរុញការអភិវឌ្ឍអង្គភាពផ្តល់សេវាសាធារណៈគំរូ។
លោកសង្ឃឹមថា តាមរយៈសិក្ខាសាលានេះ នឹងជួយពង្រឹងកិច្ចសហការរវាងតួអង្គពាក់ព័ន្ធទាំងអស់ ឱ្យកាន់តែសកម្មក្នុងការកសាង និងអភិវឌ្ឍសាលារៀន និងមន្ទីរពេទ្យ ដើម្បីធានាបាននូវគុណភាព ប្រសិទ្ធភាព និងស័ក្តិសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ ក្នុងវិស័យអប់រំ និងសុខាភិបាល ជូនប្រជាពលរដ្ឋ៕
អត្ថបទ៖ វង សុភ័ក្ត្រ