សង្គម

ក្រសួងសាធារណការ និងដឹកជញ្ជូន និងសម្ព័ន្ធស្រាចម្រុះអន្តរជាតិអាស៊ីប៉ាស៊ីហ្វិក រួមជាមួយដៃគូ ចុះ MoU លើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោកនៅកម្ពុជា

image


ភ្នំពេញ៖ សម្ព័ន្ធស្រាចម្រុះអន្តរជាតិអាស៊ីប៉ាស៊ីហ្វិក (APISWA) រួមជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន, សមាគមយានយន្តកម្ពុជា (AAC) និងសភាពាណិជ្ជកម្មអន្តរជាតិកម្ពុជា (IBC) នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ (MoU) ស្តីពីកិច្ចសហប្រតិបត្តិការលើការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្រោមប្រធានបទ «Shared Road, Shared Responsibility» ក្នុងគោលបំណងបង្កើតភាពជាដៃគូរយៈពេលវែងរវាងវិស័យសាធារណៈ និងឯកជន ដើម្បីពង្រឹងសុវត្ថិភាពលើដងផ្លូវនៅកម្ពុជា។

ថ្លែងក្នុងពិធីចុះហត្ថលេខា លោកស្រី មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានមានប្រសាសន៍ថា ការចុះអនុស្សរណៈនាពេលនេះ គឺជាជំហានដ៏សំខាន់ក្នុងការពង្រឹងភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងវិស័យឯកជន ដើម្បីជំរុញសកម្មភាពការពារអាយុជីវិតប្រជាពលរដ្ឋ និងកាត់បន្ថយផលប៉ះពាល់ផ្នែកសេដ្ឋកិច្ច និងសង្គម ដែលបណ្តាលមកពីគ្រោះថ្នាក់ចរាចរណ៍។

លោកស្រីបានបញ្ជាក់ថា ទោះបីកម្ពុជាសម្រេចបានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ក៏ដោយ ប៉ុន្តែបញ្ហានេះនៅតែជាបញ្ហាប្រឈមធំ។ យោងតាមប្រព័ន្ធប្រមូលទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ (CARS) ចំនួនអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍បានថយចុះប្រមាណ ៣០% ក្នុងអំឡុងឆ្នាំ២០២១ ដល់ឆ្នាំ២០២៤ ខណៈអត្រាអ្នកស្លាប់ក្នុងចំណោមប្រជាជន ១០ម៉ឺននាក់ បានធ្លាក់ពី ១០,៥នាក់ មក ៩,១នាក់។

ទោះជាយ៉ាងណា អ្នកប្រើប្រាស់ម៉ូតូនៅតែជាក្រុមរងគ្រោះច្រើនជាងគេ ដោយស្មើប្រមាណ ៨០% នៃអ្នកស្លាប់ក្នុងឆ្នាំ២០២៤ ហើយមានតែ ៣៣% នៃជនរងគ្រោះប៉ុណ្ណោះដែលពាក់មួកសុវត្ថិភាពនៅពេលកើតហេតុ។

លោកស្រីបានបន្តថា ការបើកបរលើសល្បឿនកំណត់ គឺជាមូលហេតុចម្បងនៃការស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ ដែលមានចំណែកប្រមាណ ៤៥% បន្ទាប់មកគឺការមិនផ្តល់សិទ្ធិអាទិភាព ការជែងដោយគ្រោះថ្នាក់ និងការប្តូរទិសដៅ ឬប្តូរគន្លងផ្លូវដោយខ្វះការប្រុងប្រយ័ត្ន។

លោកស្រីបានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធ ជាពិសេសវិស័យឯកជន បន្តចូលរួមគាំទ្រសកម្មភាពលើកកម្ពស់សុវត្ថិភាពចរាចរណ៍ ដោយព្រមានថា ប្រសិនបើគ្មានវិធានការបន្ថែមទេ ចំនួនអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា អាចកើនឡើងដល់ ២.៤៥៧នាក់ នៅឆ្នាំ២០២៧។

លោកស្រីបានសង្កត់ធ្ងន់ថា អនុស្សរណៈយោគយល់នេះ នឹងជួយពង្រឹងកិច្ចសហការរវាងរាជរដ្ឋាភិបាល ស្ថាប័នអន្តរជាតិ និងវិស័យឯកជន ដើម្បីសម្រេចគោលដៅនៃទសវត្សរ៍សកម្មភាពសុវត្ថិភាពចរាចរណ៍ ឆ្នាំ២០២១-២០៣០ ដែលកំណត់កាត់បន្ថយអ្នកស្លាប់ និងរបួសធ្ងន់ពីគ្រោះថ្នាក់ចរាចរណ៍ឱ្យបានយ៉ាងហោចណាស់ ៥០% ត្រឹមឆ្នាំ២០៣០។

ជាមួយគ្នានេះ លោក ម៉ើ បូរ៉ា ប្រធានសមាគមយានយន្តកម្ពុជា (AAC) បានលើកឡើងថា សុវត្ថិភាពចរាចរណ៍មិនមែនជាការទទួលខុសត្រូវរបស់ស្ថាប័នណាមួយនោះទេ ប៉ុន្តែជាការទទួលខុសត្រូវរួមរបស់រាជរដ្ឋាភិបាល វិស័យឯកជន អង្គការអន្តរជាតិ អង្គការសង្គមស៊ីវិល និងសហគមន៍ទាំងមូល។

លោកបានថ្លែងថា អនុស្សរណៈនេះនឹងក្លាយជាវេទិកាសំខាន់សម្រាប់ពង្រឹងភាពជាដៃគូ ផ្លាស់ប្តូរបទពិសោធន៍ និងជំរុញសកម្មភាពជាក់ស្តែង ដើម្បីធ្វើឱ្យផ្លូវនៅកម្ពុជាមានសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់គ្រប់រូប។

លោក Ludovic Ledru ប្រធានសម្ព័ន្ធស្រាចម្រុះអន្តរជាតិអាស៊ីប៉ាស៊ីហ្វិក ( APISWA) និងជានាយកប្រតិបត្តិក្រុមហ៊ុន Pernod Ricard បានមានប្រសាសន៍ថា បទពិសោធន៍ និងទិន្នន័យនៅទូទាំងតំបន់អាស៊ី-ប៉ាស៊ីហ្វិក បង្ហាញថា គ្រោះថ្នាក់ចរាចរណ៍អាចកាត់បន្ថយបាន ប្រសិនបើគ្រប់ភាគីធ្វើការរួមគ្នាតាមវិធីសាស្ត្រដែលចូលរួមពីសង្គមទាំងមូល។

លោកបញ្ជាក់ថា សម្ព័ន្ធស្រាចម្រុះអន្តរជាតិអាស៊ីប៉ាស៊ីហ្វិក ប្តេជ្ញាចិត្តបន្តគាំទ្រការកាត់បន្ថយការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង និងការលើកកម្ពស់សុវត្ថិភាពផ្លូវថ្នល់ តាមរយៈកម្មវិធីរយៈពេលវែង យុទ្ធនាការផ្អែកលើភស្តុតាង និងការផ្តល់ធនធាន ដើម្បីគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា។

ដោយឡែក លោក Paul Clements ប្រធានសភាពាណិជ្ជកម្មអន្តរជាតិកម្ពុជា (IBC) បានលើកឡើងថា ការដោះស្រាយបញ្ហាសុវត្ថិភាពចរាចរណ៍ ទាមទារកិច្ចសហការពីគ្រប់ភាគី ហើយការចុះអនុស្សរណៈយោគយល់នាពេលនេះ គួរតែជាចំណុចចាប់ផ្តើមនៃសកម្មភាពជាក់ស្តែង ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងការពារអាយុជីវិតប្រជាពលរដ្ឋនៅកម្ពុជា៕

អត្ថបទ៖ ចេង ឆហួត