ប្រតិភូក្រុមហ៊ុនអាម៉េរិកជម្រាបសម្តេចធិបតី ពីការប្ដេជ្ញា បន្តពង្រីក និង ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀតនៅកម្ពុជា
គណៈប្រតិភូ នៃក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាម៉េរិក-អាស៊ាន (USABC) ដែលមានក្រុមហ៊ុនជាច្រើនវិនិយោគក្នុងវិស័យសក្តានុពល រួមមាន៖ វិស័យយានយន្ត, គ្រឿងយន្តកសិកម្ម, សុខាភិបាល, ថាមពល, ឱសថ, កែច្នៃចំណីអាហារ, លក់រាយ, ក៏ដូចជា ធនាគារ និងហិរញ្ញវត្ថុ បានវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃទំនាក់ទំនង, ការគាំទ្រ និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជា និងសហរដ្ឋអាម៉េរិក និងដោយបានគូសបញ្ជាក់ថា ទំនាក់ទំនងនៃប្រទេសទាំងពីរ ស្ថិតនៅលើមាគ៌ា និង ទិសដៅយ៉ាងត្រឹមត្រូវ។ គណៈប្រតិភូបានបង្ហាញបំណងបន្តជំរុញទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅបន្ថែមទៀត។ ការលើកឡើងនេះក្នុងឱកាសដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យគណៈប្រតិភូវិនិយោគិន ដែលដឹកនាំដោយឯកឧត្តមឯកអគ្គរដ្ឋទូត (ចូលនិវត្តន៍) Brian D. McFeeters ប្រធាន និងជានាយកប្រតិបត្តិនៃក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាម៉េរិក-អាស៊ាន (USABC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦។
គណៈប្រតិភូ នៃក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាម៉េរិក-អាស៊ាន (USABC) ក៏បានសម្ដែងនូវការអរគុណចំពោះរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងស្ថាប័នពាក់ព័ន្ធ ដែលតែងតែបានផ្ដល់នូវការគាំទ្រ និងកិច្ចសហការដ៏ល្អជាមួយនឹងបណ្ដាក្រុមហ៊ុនវិនិយោគអាម៉េរិកនៅកម្ពុជា ហើយក៏បានគូសបញ្ជាក់ថា បណ្ដាក្រុមហ៊ុនអាម៉េរិកដែលកំពុងមានវត្តមាននៅកម្ពុជា នឹងបន្តផ្សារភ្ជាប់ទំនាក់ទំនង, ពង្រីកការវិនិយោគ និង ស្វែងរកនូវឱកាសវិនិយោគថ្មីៗបន្ថែមទៀត នៅកម្ពុជា។ គណៈប្រតិភូ នៃក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាម៉េរិក-អាស៊ាន (USABC) ក៏បានគោរពជម្រាបជូនសម្ដេចធិបតីថា បណ្ដាក្រុមហ៊ុនអាម៉េរិកដែលកំពុងវិនិយោគនៅកម្ពុជានេះ បានចូលរួមចំណែកដល់កិច្ចការសង្គមនៅកម្ពុជា ដែលទាក់ទងទៅនឹងវិស័យសុខាភិបាល, អប់រំ និងវិស័យជាច្រើនទៀត ក៏ដូចជាការចូលរួមចំណែកការកសាងសមត្ថភាព និងបណ្ដុះបណ្ដាលធនធានមនុស្សនៅកម្ពុជា ព្រមទាំងវិស័យ SMEs ផងដែរ។ បណ្ដាក្រុមហ៊ុននៃគណៈប្រតិភូ នៃក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាម៉េរិក-អាស៊ាន (USABC) ដែលកំពុងវិនិយោគនៅកម្ពុជា ក៏បានបញ្ជាក់សាជាថ្មីអំពីការបន្តពង្រឹងភាពជាដៃគូឱ្យកាន់តែជិតស្និទ្ធ និងរឹងមាំ ជាមួយកម្ពុជា បន្ថែមទៀត ដើម្បីបន្តចូលរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសម្ដែង នូវការអរគុណចំពោះបណ្ដាក្រុមហ៊ុនវិនិយោគអាម៉េរិក ដែលបានជឿជាក់ និងទុកចិត្តក្នុងការបោះទុនវិនិយោគនៅកម្ពុជា ដែលការណ៍នេះមិនត្រឹមតែបានចូលរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ប៉ុន្តែថែមទាំងបានចូលរួមចំណែកដល់ការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យកាន់តែរីកចម្រើនថែមទៀត។ សម្ដេចធិបតីក៏បានស្វាគមន៍ចំពោះការប្ដេជ្ញាចិត្តរបស់បណ្ដាក្រុមហ៊ុនអាម៉េរិកក្នុងការបន្តផ្សារភ្ជាប់ទំនាក់ទំនង និងការពង្រឹង និងពង្រីកការវិនិយោគរបស់ខ្លួន ក៏ដូចជាការស្វែងរកឱកាសវិនិយោគលើវិស័យសក្តានុពលថ្មីៗបន្ថែមទៀតនៅកម្ពុជា។ ទន្ទឹមនឹងនេះ, សម្ដេចធិបតីក៏បានគូសបញ្ជាក់ជូនគណៈប្រតិភូអំពីការដាក់ចេញនូវគោលនយោបាយ និងវិធានការចាំបាច់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការគាំទ្រទៅដល់ភាពជោគជ័យរបស់បណ្ដាវិនិយោគិននៅកម្ពុជា ដោយក្នុងនោះ សម្ដេចធិបតីបានគូសរំលេចអំពីការដាក់ចេញនូវគោលនយោបាយលើកទឹកចិត្ត និងការអនុគ្រោះពន្ធ, ការកែទម្រង់ស្ថាប័ន, និងការធ្វើសាមញ្ញកម្មនីតិវិធី ដើម្បីសម្រួលទៅដល់ប្រតិបត្តិការអាជីវកម្មរបស់វិនិយោគិន ក៏ដូចជារក្សានូវភាពប្រកួតប្រជែងរបស់កម្ពុជា ទាំងក្នុងតំបន់ និងសកលលោក។ សម្ដេចធិបតីក៏បានសង្កត់ធ្ងន់អំពីការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការថែរក្សាបរិយាកាសវិនិយោគនៅកម្ពុជា ប្រកបដោយភាពអំណោយផលខ្ពស់ និងការប្រកួតប្រជែង ដោយស្មើភាពរបស់បណ្ដាក្រុមហ៊ុនវិនិយោគនៅកម្ពុជា។
សម្ដេចធិបតីបានលើកទឹកចិត្តឱ្យគណៈប្រតិភូ នៃក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាម៉េរិក-អាស៊ាន (USABC) បន្តផ្សារភ្ជាប់ជាមួយនឹងក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីចាប់យកឱកាសពង្រីកការវិនិយោគរបស់ខ្លួននៅកម្ពុជាបន្ថែមទៀត៕
អត្ថបទ៖ ហ៊ន សុភ័ក្រ