តំណាងរងកម្ពុជាប្រចាំ អាយឆា បង្ហាញលទ្ធផលនៃការចូលរួមកិច្ចប្រជុំពិសេសលើកទី១ ឆ្នាំ២០២៦ របស់អាយឆា នៅរដ្ឋធានី ម៉ានីល ប្រទេសហ្វីលីពីន
ហ្វីលីពីន៖ តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) និងជាតំណាងកម្ពុជាប្រចាំគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស (អាយឆា) លោក ប៉ា ប៉ុណ្ណារ៉ាដា តំណាងរងកម្ពុជាប្រចាំអាយឆា និងជាសមាជិក គ.ស.ម.ក. បានដឹកនាំគណៈប្រតិភូកម្ពុជា ទៅចូលរួមកិច្ចប្រជុំពិសេសលើកទី១ ឆ្នាំ២០២៦ របស់អាយឆា ចាប់ពីថ្ងៃទី១៧-២១ ខែកក្កដា ឆ្នាំ២០២៦ នៅរដ្ឋធានី ម៉ានីល សាធារណរដ្ឋហ្វីលីពីន។
កិច្ចប្រជុំនេះ ដឹកនាំដោយលោកស្រី Georgina Annhernandez Yang ប្រធាន ស្តីទីរបស់អាយឆា និងមានការចូលរួមពីតំណាង/តំណាងរងប្រទេសប្រចាំអាយឆា និងលេខាធិការដ្ឋានអាស៊ាន។
នៅក្នុងកិច្ចប្រជុំពិសេសលើកទី១ ឆ្នាំ២០២៦ អាយឆាបានពិភាក្សាអំពីសកម្មភាពបន្ត ដើម្បីជំរុញការអនុវត្តសេចក្តីប្រកាសអាស៊ានស្តីពី សិទ្ធិទទួលបានបរិស្ថានដែលមានសុវត្ថិភាព ស្អាត សុខភាពល្អ និងប្រកបដោយចីរភាព ព្រមទាំងសេចក្តីប្រកាសអាស៊ានស្តីពីការលើកកម្ពស់សិទ្ធិទទួលបានការអភិវឌ្ឍ និងសិទ្ធិទទួលបានសន្តិភាព ឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយបរិយាបន្ន និងចីរភាព។ អាយឆាកំពុងពិភាក្សាផងដែរអំពី សំណើសេចក្តីប្រកាសអាស៊ានស្តីពី សិទ្ធិសុខភាពផ្លូវចិត្តរបស់កុមារក្នុងយុគសម័យឌីជីថល ដើម្បីដោះស្រាយផលប៉ះពាល់ស៊ីជម្រៅ និងឆាប់រហ័សនៃបច្ចេកវិទ្យាឌីជីថលទៅលើសុខភាពផ្លូវចិត្តកុមារ។
ទន្ទឹមនេះ អាយឆា ក៏បានពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នតាមវិស័យអាស៊ាន ដៃគូខាងក្រៅ និងភាគីពាក់ព័ន្ធ ដើម្បីជំរុញការលើកកម្ពស់ និងការការពារសិទ្ធិមនុស្ស។ កិច្ចប្រជុំក៏បានចែករំលែកអំពីការវិវត្តថ្មីៗពាក់ព័ន្ធនឹងស្ថានភាពសិទ្ធិមនុស្សនៅក្នុងប្រទេសសមាជិកអាស៊ាននីមួយៗ ដូចជា ការបង្កើតច្បាប់ ឬលិខិតបទដ្ឋានគតិយុត្ត ការដាក់ចេញនូវកម្មវិធី ឬគោលនយោបាយ និងការផ្តួច ផ្តើមគំនិតផ្សេងៗ រួមទាំងវិធានការនានា ដើម្បីការលើកកម្ពស់ និងការការពារសិទ្ធិមនុស្ស ក៏ដូចជាបញ្ហាប្រឈមនិង កង្វល់ក្នុងវិស័យសិទ្ធិមនុស្ស ផងដែរ។
ដោយឡែក នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ ក្នុងជំនួបប្រចាំឆ្នាំជាមួយរដ្ឋមន្ត្រីការបរទេសអាស៊ាន អាយឆា បានរាយការណ៍អំពីវឌ្ឍនភាពនៃការអនុវត្តផែនការសកម្មភាព និងកម្មវិធីអាទិភាពរបស់អាយឆា ព្រមទាំងស្នើការពិនិត្យ និងសម្រេចចំពោះកម្មវិធី និងសកម្មភាពអាទិភាពរបស់អាយឆាសម្រាប់ឆ្នាំ២០២៧។
រដ្ឋមន្ត្រីការបរទេសអាស៊ាន បានកោតសសើរពីកិច្ចខិតខំរបស់អាយឆា ក្នុងការលើកកម្ពស់ និងការពារសិទ្ធិមនុស្សនៅក្នុងតំបន់។ ជាមួយគ្នានេះដែរ អាយឆាក៏មានកិច្ចជំនួបប្រចាំឆ្នាំជាមួយអគ្គលេខាធិការអាស៊ាន ដោយផ្តោតការពិភាក្សាលើវិធីសាស្ត្រក្នុងការបញ្ជាបសិទ្ធិមនុស្សទៅក្នុងសសរស្តម្ភទាំងបីរបស់អាស៊ាន ក៏ដូចជាការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងអាយឆា និងស្ថាប័នអាស៊ានតាមវិស័យ ដោយមានគាំទ្រពីលេខាធិការដ្ឋានអាស៊ាន។
គួរបញ្ជាក់ថា ក្នុងការចែករំលែកពីវិវឌ្ឍន៍ថ្មីៗនៃសិទ្ធិមនុស្សក្នុងប្រទេសអាស៊ាន លោក ប៉ា ប៉ុណ្ណារ៉ាដា បានជម្រាបជូនអំពីការផ្សព្វផ្សាយអនុសាសន៍នៃយន្តការពិនិត្យជាសកលតាមកាលកំណត់ (UPR) ជុំទី៤ របស់ប្រទេសកម្ពុជា ទៅកាន់ក្រសួងស្ថាប័នពាក់ព័ន្ធ និងអង្គភាពថ្នាក់ក្រោមជាតិ ព្រមទាំងកំពុងរៀបចំរបាយការណ៍ពាក់កណ្តាលអាណត្តិ ដើម្បីវាយតម្លៃវឌ្ឍនភាពនៃការអនុវត្តអនុសាសន៍ទាំងនោះ។
ទន្ទឹមនឹងនេះ លោកបានលើកឡើងពីស្ថានភាពរបស់ប្រជាជនភៀសសឹកកម្ពុជាជាង ២០ ០០០នាក់ ដែលនៅមិនទាន់អាចវិលត្រឡប់ទៅលំនៅឋានវិញ ដោយសារការរារាំងពីសំណាក់យោធាថៃ តាមរយៈការរាយបន្លាលួស និងការដាក់ទូរកុងតឺន័រ។ ការណ៍នេះ គឺជាការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ។ ជាថ្មីម្តងទៀត លោកក៏បានបញ្ជាក់ឡើងវិញនូវកិច្ចព្រមព្រៀងឈប់បាញ់ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ជាពិសេសនៅក្នុងចំណុចទី៤ ចែងយ៉ាងច្បាស់ថា "ភាគីទាំងពីរយល់ព្រមអនុញ្ញាតឱ្យជនស៊ីវិលដែលរស់នៅក្នុងតំបន់ព្រំដែនដែលរងផលប៉ះពាល់វិលត្រឡប់ទៅផ្ទះសម្បែង និងប្រកបជីវភាពរស់នៅធម្មតារបស់ពួកគេវិញឱ្យបានឆាប់បំផុត ដោយគ្មានការរារាំង ប្រកបដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ។
លោកក៏បានអំពាវនាវឱ្យភាគីពាក់ព័ន្ធគោរពយ៉ាងពេញលេញនូវគោលការណ៍មនុស្សធម៌អន្តរជាតិ ការគោរពសិទ្ធិមនុស្ស ការការពារជនស៊ីវិល និងធានាថា ប្រជាពលរដ្ឋដែលរងផលប៉ះពាល់អាចវិលត្រលប់ទៅលំនៅឋានវិញប្រកបដោយសុវត្ថិភាព ស្ម័គ្រចិត្ត សេចក្តីថ្លៃថ្នូរ និងនិរន្តរភាព។ ការខូចខាត ឬការបំផ្លិចបំផ្លាញវត្ថុស៊ីវិល រួមមានផ្ទះ សាលារៀន មណ្ឌលសុខភាព និងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀត ត្រូវតែទប់ស្កាត់ និងការពារស្របតាមគោលការណ៍នៃច្បាប់អន្តរជាតិ។
កិច្ចប្រជុំបានសម្តែងនូវការកោតសរសើរដល់អោយឆាហ្វីលីពីន និងលេខាធិការដ្ឋានអាស៊ាន ដែលបានរៀបចំ និងសម្របសម្រួលកិច្ចប្រជុំបានយ៉ាងល្អ និងសម្រេចបាននូវលទ្ធផលគួរជាទីពេញចិត្ត៕