សម្ដេចតេជោ សង្ឃឹមថា អ្នករាយការណ៍ពិសេសរបស់ UN ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា នឹងបន្តកិច្ចសហការជាមួយកម្ពុជា រួមចំណែកលើកកម្ពស់ វឌ្ឍនភាពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជា
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន បង្ហាញក្ដីសង្ឃឹមថា បានសម្ដែងក្តីសង្ឃឹមថា លោក Thomas Andrews អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា នឹងបន្តកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីរួមចំណែកលើកកម្ពស់ វឌ្ឍនភាពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជា ឱ្យកាន់តែប្រសើរឡើង។
មានប្រសាសន៍បែបនេះនាឱកាសដែល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា អនុញ្ញាតឱ្យ លោក Thomas Andrews អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ចូលជួបសម្តែងការគួរសម នៅវិមានសាមគ្គីភាព ព្រឹកថ្ងៃទី២២ ខែ កក្កដា ឆ្នាំ២០២៦នេះ។
យោងតាម លោក ជា ធីរិទ្ធ អ្នកនាំពាក្យ សម្តេចតេជោ ឱ្យដឹងថា ក្នុងជំនួបនេះ សម្ដេចតេជោបានសម្ដែងការអបអរសាទរចំពោះលោក ថូម៉ាស អាន់ឌ្រូ ដែលត្រូវបានតែងតាំងជាអ្នករាយការណ៍ពិសេសថ្មី របស់អង្គការសហប្រជាជាតិ ជំនួសលោក វិទិត មុនតាប៊ន ដែលបានលាលែងពីតំណែង។ សម្តេច បានបង្ហាញក្តីសង្ឃឹមថា បេសកកម្មរបស់លោកនៅកម្ពុជា នឹងជួយឱ្យមានការយល់ដឹងកាន់តែច្បាស់ អំពីវឌ្ឍនភាពសិទ្ធិមនុស្ស និងដំណើរការប្រជាធិបតេយ្យនៅកម្ពុជាតាមរយៈការសិក្សាពីស្ថានភាពជាក់ស្តែង។
ជាការឆ្លើយតប លោក ថូម៉ាស អាន់ឌ្រូ បានថ្លែងអំណរគុណចំពោះសម្ដេចតេជោ ដែលបានផ្តល់ឱកាសឱ្យរូបលោក និងគណៈប្រតិភូបានចូលជួប។ លោកបានចាត់ទុកថា ការជួបពិភាក្សានេះ គឺជាសញ្ញាវិជ្ជមាន ដែលឆ្លុះបញ្ចាំងពីការបើកចំហ និងការផ្តល់តម្លៃដល់កិច្ចសន្ទនាពាក់ព័ន្ធនឹងសិទ្ធិមនុស្ស។ លោកក៏បានរំលឹកពីបទពិសោធន៍របស់ខ្លួន កាលធ្វើជាអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិសម្រាប់ ប្រទេស មីយ៉ាន់ម៉ា ដោយបញ្ជាក់ថា មិនធ្លាប់មានឱកាសជួបជាមួយថ្នាក់ដឹកនាំកំពូលដូចនៅកម្ពុជានោះទេ។ លោកក៏បានកោតសរសើរកម្ពុជាថា ជាប្រទេសមួយក្នុងតំបន់ ដែលបានផ្តល់សច្ចាប័នលើសន្ធិសញ្ញាសិទ្ធិមនុស្សអន្តរជាតិជាច្រើន និងបានតាមដានយកចិត្តទុកដាក់ ចំពោះស្ថានការណ៍នៅតាមព្រំដែនកម្ពុជា-ថៃ។លោក នឹងចុះទៅពិនិត្យដោយផ្ទាល់ នៅតំបន់ព្រំដែន ដើម្បីជួបប្រជាពលរដ្ឋដែលរងផលប៉ះពាល់ និងស្វែងយល់ពីស្ថានភាពជាក់ស្តែង។ ទន្ទឹមនឹងនេះ លោកក៏បានលើកឡើងពីបញ្ហាមួយចំនួនពាក់ព័ន្ធនឹង ស្ថានភាពសិទ្ធិមនុស្ស ជាពិសេសការអនុវត្តសេរីភាពនៃការបញ្ចេញមតិ។
ជាការឆ្លើយតបសម្ដេចតេជោ បានថ្លែងអំណរគុណចំពោះការទទួលស្គាល់របស់អ្នករាយការណ៍ពិសេស អំពីសមិទ្ធផលរបស់កម្ពុជា ក្នុងការផ្តល់សច្ចាប័នសន្ធិសញ្ញាសិទ្ធិមនុស្សអន្តរជាតិ និងការទទួលយក អនុសាសន៍ជាច្រើនពីយន្តការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ។ សម្ដេចក៏បានស្វាគមន៍ ចំពោះបំណងរបស់លោក ថូម៉ាស អាន់ឌ្រូ ក្នុងការចុះពិនិត្យស្ថានភាពជនភៀសសឹកកម្ពុជាជាក់ស្តែង នៅតំបន់ព្រំដែន និងបានពន្យល់បន្ថែមអំពីប្រវត្តិនៃជម្លោះព្រំដែនកម្ពុជា-ថៃ និងផលប៉ះពាល់ដែលប្រជាពលរដ្ឋកម្ពុជាកំពុងទទួលរង។
ពាក់ព័ន្ធនឹងបញ្ហាសិទ្ធិមនុស្ស សម្ដេចតេជោបានលើកឡើងថា សិទ្ធិរស់រានមានជីវិត សន្តិភាព និងស្ថិរភាព គឺជាមូលដ្ឋានគ្រឹះសម្រាប់ការធានាសិទ្ធិ និងសេរីភាពផ្សេងៗ រួមទាំងសេរីភាពក្នុងការបញ្ចេញមតិ។សម្ដេចបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានបើកទូលាយ ឱ្យមានការបញ្ចេញមតិ និងការរិះគន់ក្នុងន័យស្ថាបនា ប៉ុន្តែការអនុវត្តសិទ្ធិទាំងអស់ ត្រូវស្ថិតនៅក្នុងក្របខ័ណ្ឌរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន។ សម្ដេចតេជោក៏បានគូសបញ្ជាក់ដែរថា គ្មានប្រទេសណាមួយអាចអនុវត្តវិស័យសិទ្ធិមនុស្ស និងប្រជាធិបតេយ្យបានល្អឥតខ្ចោះនោះទេ ដោយគ្រប់ប្រទេសសុទ្ធតែ មានចំណុចខ្វះខាត ដែលត្រូវបន្តកែលម្អជាបន្តបន្ទាប់។ សម្ដេចបានសម្ដែងក្តីសង្ឃឹមថា អ្នករាយការណ៍ពិសេសរូបនេះ នឹងបន្តកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីរួមចំណែកលើកកម្ពស់ វឌ្ឍនភាពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជា ឱ្យកាន់តែប្រសើរឡើង។ក្នុងឱកាសនោះផងដែរ សម្ដេចតេជោ បានជូនពរលោក ថូម៉ាស អាន់ឌ្រូ ឱ្យទទួលបានជោគជ័យ ក្នុងការបំពេញបេសកកម្មជាអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា៕
អត្ថបទ៖ ឈឹម ធីតា
រូបភាព៖ ង៉ាន់ សំណាង