សម្តេចបវរធិបតី ៖ធនធានមនុស្ស គឺជាទ្រព្យរបស់ប្រទេសជាតិ
អត្ថបទ៖ ហ៊ន សុភ័ក្រ
វីដេអូ៖ អេង សុគុណ,លឹម មុនី
---------
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ថា "រាជរដ្ឋាភិបាលចាត់ទុកការអភិវឌ្ឍធនធានមនុស្សជាអាទិភាព ហើយធនធានមនុស្ស គឺជាទ្រព្យរបស់គ្រួសារ ក៏ដូចជាប្រទេសជាតិ"។ នេះជាការថ្លែងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានអញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រដល់និស្សិត នៃសាកលវិទ្យាល័យ សៅស៍ អ៉ីសថ៍ អេយសៀ (UNIVERSITY OF SOUTH-EAST ASIA) នៅក្រុងសៀមរាប ខេត្តសៀមរាប នាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦នេះ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា "តាមរយៈការកែទម្រង់វិស័យអប់រំជាលទ្ធផលគ្រឹះស្ថានឧត្តមសិក្សាទាំងរដ្ឋ និងឯកជន កំពុងរីកលូតលាស់យ៉ាងឆាប់រហ័ស និស្សិតកម្ពុជាចូលរួមសិក្សា និងទទួលបានជ័យលាភីលើការប្រកួតប្រជែងសមត្ថភាពលើមុខជំនាញវិទ្យាសាស្រ្ដ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា ទាំងនៅក្នុងតំបន់ និងសកលលោក។
សូមជម្រាបថា រាជរដ្ឋាភិបាលនៅតែបន្តកំណត់លំដាប់វិស័យអាទិភាព ក្នុងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដោយកំណត់យក «មនុស្ស» ជាអាទិភាពទី១ ហើយ «ផ្លូវ ភ្លើង ទឹក និង បច្ចេកវិទ្យា» ជាអាទិភាពបន្តបន្ទាប់ និងបានកំណត់យក «ការអភិវឌ្ឍធនធានមនុស្ស» ជាបញ្ចកោណទី១ ក្នុងចំណោមបញ្ចកោណទាំង៥ ៕