ព័ត៌មានជាតិ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រដល់និស្សិត នៃសាកលវិទ្យាល័យ សៅស៍ អ៉ីសថ៍ អេយសៀ (UNIVERSITY OF SOUTH-EAST ASIA) នៅក្រុងសៀមរាប ខេត្តសៀមរាប

image

អត្ថបទ៖ ហ៊ន សុភ័ក្រ
វីដេអូ៖ អេង សុគុណ,លឹម មុនី

………………………………

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានអញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រដល់និស្សិត នៃសាកលវិទ្យាល័យ សៅស៍ អ៉ីសថ៍ អេយសៀ (UNIVERSITY OF SOUTH-EAST ASIA) នៅក្រុងសៀមរាប ខេត្តសៀមរាប នាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦នេះ។

បណ្ឌិត សៀន សុវណ្ណា ស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យ សៅស៍ អ៉ីសថ៍ អេយសៀ (UNIVERSITY OF SOUTH-EAST ASIA) បានថ្លែងថា “ដោយមានការលើកទឹកចិត្តពីរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធិសភា នៃព្រះរាជាណា ចក្រកម្ពុជា បានអនុញ្ញាតិឱ្យវិស័យអប់រំផ្នែកឯកជនចូលរួមអភិវឌ្ឍធនធានមនុស្សចាប់ពីកម្រិតមតេយ្យ សិក្សាដល់កម្រិតឧត្តមសិក្សា ដើម្បីរួមចំណែកអភិវឌ្ឍប្រទេសជាតិ។ ដូច្នេះសាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ គឺជាគ្រឹះស្ថានឧត្តមសិក្សាឯកជន ត្រូវបានបង្កើតឡើងនៅឆ្នាំ ២០០៦ មានការទទួលស្គាល់ដោយរាជរដ្ឋាភិបាលកម្ពុជា សម្រាប់បណ្តុះបណ្តាលកម្មវិធីអប់រំកម្រិតបរិញ្ញាបត្ររង បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត ដើម្បីអភិវឌ្ឍធនធានមនុស្សប្រកបដោយ សមត្ថភាព មានឥរិយាបថល្អឆ្លើយតបទៅនឹងទីផ្សារការងារជាតិ និងអន្តរជាតិ ដែលពួកគេ អាចធ្វើការងារ ព្រមទាំងអាចរស់នៅក្នុងយុគ្គសម័យសាកលភាវូបនីយកម្ម និងសង្គមពុទ្ធិ។ បណ្ឌិតស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យ សៅស៍ អ៉ីសថ៍ អេយសៀ (UNIVERSITY OF SOUTH-EAST ASIA) បានឲ្យដឹងថា “និស្សិតដែលទទួលបានជ័យលាភី ចំនួន ១ពាន់៥០០នាក់ “។

បណ្ឌិតស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យ សៅស៍ អ៉ីសថ៍ អេយសៀ (UNIVERSITY OF SOUTH-EAST ASIA) បានបន្តថា “បើគិតត្រឹមថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦នេះ សាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ មានអាយុគម្រប់ ២០ឆ្នាំគត់។ ដូច្នេះថ្ងៃនេះ ជាពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភី ចំនួន ១.៥០០នាក់ផង និងជាថ្ងៃអបអរសាទរពិធីខួបគម្រប់ ២០ឆ្នាំរបស់សាកលវិទ្យាល័យ ។
ដើម្បីលើកកម្ពស់គុណភាពអប់រំឱ្យឆ្លើយតបទៅនឹងផែនការយុទ្ធសាស្ត្ររបស់ក្រសួង អប់រំ យុវជន និងកីឡា យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាលកម្ពុជា សាកលវិទ្យាល័យ បានកំណត់ចក្ខុវិស័យ បេសកកម្ម ផែនការ យុទ្ធសាស្ត្រ ផែនការបណ្តុះបណ្តាល និងផែនការសកម្មភាពច្បាស់លាស់ ដើម្បីបណ្តុះបណ្តាលកម្មវិធីអប់រំកម្រិតបរិញ្ញាបត្ររង បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត សំដៅរួមចំណែកអភិវឌ្ឍប្រទេសជាតិ ។ដោយមានការប្តេជ្ញាចិត្តខ្ពស់របស់ក្រុមប្រឹក្សាភិបាល គណៈគ្រប់គ្រង បុគ្គលិក សាស្ត្រាចារ្យ និង លោកគ្រូ អ្នកគ្រូ ក្នុងការអនុវត្តផែនការយុទ្ធសាស្ត្រ និងផែនការ បណ្តុះបណ្តាលរបស់សាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀបានប្រែក្លាយសាកលវិទ្យាល័យ ឱ្យមានកិត្តិយស និងកេរ្តិ៍ឈ្មោះល្បីល្បាញនៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាពិសេសនៅ ខេត្តសៀមរាប មានការទទួលស្គាល់ និងគាំទ្រពីស្ថាប័នជាតិ និងអន្តរជាតិ ។
បណ្ឌិតស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យ សៅស៍ អ៉ីសថ៍ អេយសៀ (UNIVERSITY OF SOUTH-EAST ASIA) បានបញ្ជាក់ថា “មានការទទួលស្គាល់ និងគាំទ្រពីទីផ្សារការងារ ដូចជាស្ថាប័នរដ្ឋ ឯកជន អង្គការជាតិ និងអន្តរជាតិ តាមរយៈ និស្សិតកំពុងសិក្សាទទួលបានការងារធ្វើប្រមាណ ៧០% និងនិស្សិតបញ្ចប់ការសិក្សាទទួលបានការងារធ្វើប្រមាណ ៩២.៤០%។ ជាមួយនឹងការរីកចំរើននេះសាកលវិទ្យាល័យមានគម្រោងពង្រីកហេដ្ឋារចនាសម្ព័ន្ធរបស់សាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ ស្របតាមស្តង់ដារអន្តរជាតិ ដែលសាកលវិទ្យាល័យមានផ្ទៃដីប្រមាណ ៤០ហិចតា សម្រាប់ពង្រីកហេដ្ឋារចនាសម្ព័ន្ធរបស់សាកលវិទ្យាល័យកម្រិតស្តង់ដារអន្តរជាតិរួចរាល់ហើយ ៕