ព័ត៌មានអន្តរជាតិ

កងទ័ពអ៊ីរ៉ង់ បញ្ចេញវីដេអូបាញ់ដ្រូន ដោយនិយាយថាបានវាយប្រហារលើមូលដ្ឋានទ័ពអាម៉េរិកចំនួនពីរទីតាំងនៅប្រទេសគុយវ៉ែត

image


 
អ៊ីរ៉ង់៖ កងទ័ពអ៊ីរ៉ង់ កាលពីថ្ងៃអាទិត្យ បានបញ្ចេញវីដេអូបាញ់បង្ហោះដ្រូន ដែលពួកគេអះអាងថា បានវាយប្រហារលើមូលដ្ឋានទ័ពអាម៉េរិកចំនួនពីរទីតាំង គឺមូលដ្ឋានទ័ពអាកាស អាលី អាល់ សាឡែម (Ali Al-Salem) និងជំរំទ័ពអ៊ូដៃរី (Udairi) នៅក្នុងប្រទេសគុយវ៉ែត។ ការវាយប្រហារនេះ ធ្វើឡើងក្រោមប្រតិបត្តិការផ្លេកបន្ទោរ វគ្គ១៦ ដើម្បីសងសឹកនឹងការឈ្លានពានរបស់សត្រូវមកលើហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន ។
 
ជាមួយគ្នានេះ កងទ័ពគុយវ៉ែតបានប្រកាសកាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅថា ប្រព័ន្ធការពារដែនអាកាសរបស់ខ្លួន បានស្ទាក់ចាប់កាំជ្រួច និងដ្រូនរបស់សត្រូវជាបន្តបន្ទាប់ បើទោះជាមានការខូចខាតខ្លះៗដល់ទីតាំងស៊ីវិលក៏ដោយ ។
 
ដើម្បីឆ្លើយតបនឹងការបាត់បង់នេះ បញ្ជាការដ្ឋានមជ្ឈិមអាម៉េរិក ឬ សេនខម (CENTCOM) បានប្រកាសកាលពីថ្ងៃសៅរ៍ ពីការបើកការវាយប្រហារសងសឹកជុំថ្មីទៅលើកងកម្លាំងឆ្មាំបដិវត្តន៍អ៊ីស្លាម (IRGC) របស់អ៊ីរ៉ង់ ដែលនេះជាការវាយប្រហារយប់ទី ៩ ជាប់ៗគ្នាពីសំណាក់កងទ័ពអាម៉េរិក ។
 
ការកើនឡើងកម្តៅនៃជម្លោះជាថ្មីនេះ កើតឡើងបន្ទាប់ពីភាគីទាំងពីរបានចោទប្រកាន់គ្នាពីការរំលោភបំពានលើអនុស្សរណៈនៃការយោគយល់គ្នាស្ដីពីបទឈប់បាញ់ ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី១៧ ខែមិថុនា បើទោះបីជាធ្លាប់បានបើកកិច្ចចរចាជុំដំបូងនៅប្រទេសស្វីស ដើម្បីស្វែងរកសន្តិភាពចុងក្រោយក៏ដោយ ដោយភាគីទាំងសងខាង បានបង្វែរមកទម្លាក់កំហុសដាក់គ្នាទៅវិញទៅមក ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ Screenshot from VIORY video.