ព័ត៌មានជាតិ

អ្នកឧកញ៉ា គិត ម៉េង ដឹកនាំធុរជនកម្ពុជា ចូលរួមវេទិកាទីផ្សារហិរញ្ញវត្ថុសកល ២០២៦ ដើម្បីស្វែងរកដំណោះស្រាយទប់ទល់ហានិភ័យសេដ្ឋកិច្ចសកល និងពង្រឹងឱកាសវិនិយោគនៅកម្ពុជា

image

ភ្នំពេញ៖ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានគណៈកម្មកាសម្របសម្រួលផ្នែកឯកជន នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (គ.ស.ឯ.រ.ជ) បានដឹកនាំសមាជិកមួយចំនួន អញ្ជើញចូលរួម «វេទិកាទីផ្សារហិរញ្ញវត្ថុសកល ២០២៦» (NBC Global Financial Market Forum 2026)។

វេទិកានេះ រៀបចំឡើងក្រោមអធិបតីភាពលោកស្រី ជា សិរី អគ្គទេសាភិបាលនៃធនាគារជាតិនៃកម្ពុជា ព្រមទាំងមានការចូលរួមពីមន្ត្រីក្រសួង-ស្ថាប័នរដ្ឋ និងវិស័យឯកជនជាច្រើនទៀត នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ នាសណ្ឋាគារ នៅ Hyatt Regency Phnom Penh។

កម្មវិធីនេះ ក៏មានការអញ្ជើញចូលរួមពីវាគ្មិនជំនាញការ និងតំណាងស្ថាប័នគ្រប់គ្រងទ្រព្យសកម្ម និងធនាគារវិនិយោគឈានមុខគេមកពីប្រទេសបារាំង និងសហរដ្ឋអាមេរិក រួមមាន BNP Paribas Asset Management, J.P. Morgan Asset Management និង BNY Investments ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់ ធនាគារកណ្តាល និងតំណាងផ្នែកឯកជនមកពីគ្រឹះស្ថានហិរញ្ញវត្ថុ សមាគមធនាគារ និងមានការចូលរួមពីតំណាងផ្នែកឯកជនក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជាយ៉ាងច្រើនកុះករ។

វេទិកានេះត្រូវបានរៀបចំឡើងជាលើកទី២ ក្រោមប្រធានបទដ៏មានសារៈសំខាន់គឺ «ការរុករកភាពចលាចលក្នុងទីផ្សារ៖ ការកំណត់តម្លៃហានិភ័យឡើងវិញ និងការចាប់យកឱកាស» (Navigating Market Turbulence: Repricing Risk & Capturing Opportunity) ក្នុងគោលបំណងពិនិត្យ ពិភាក្សា និងវិភាគស៊ីជម្រៅលើស្ថានភាពទីផ្សារហិរញ្ញវត្ថុសកល ផលប៉ះពាល់ម៉ាក្រូសេដ្ឋកិច្ចពីជម្លោះពាណិជ្ជកម្ម និងការស្វែងរកយុទ្ធសាស្ត្រហិរញ្ញវត្ថុដើម្បីពង្រឹងភាពធន់ផ្នែកអាជីវកម្ម។

ការវាយតម្លៃហានិភ័យ និងកាលានុវត្តភាពវិនិយោគ ក្នុងបរិបទនៃការប្រែប្រួលសេដ្ឋកិច្ចសកល រួមមាន៖ ការវាយតម្លៃហានិភ័យឡើងវិញ តាមរយៈការពិនិត្យលើភាពតានតឹងភូមិសាស្ត្រនយោបាយ, ការប្រែប្រួលគោលនយោបាយពាណិជ្ជកម្មអន្តរជាតិ និងអតិផរណា ដែលជះឥទ្ធិពលដល់ទីផ្សារហិរញ្ញវត្ថុ, កាលានុវត្តភាពវិនិយោគ តាមរយៈការវិភាគលើទិសដៅនៃទីផ្សារមូលបត្រ និន្នាការនៃការវិនិយោគប្រកបដោយចីរភាព និងការប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុ ដើម្បីបង្កើនប្រសិទ្ធភាព, ភាពធន់របស់កម្ពុជា ក្នុងនាមជាប្រទេសសេដ្ឋកិច្ចតូច និងបើកចំហរ កម្ពុជាទាមទារការត្រៀមលក្ខណៈ និងការបន្ស៊ាំខ្លួនទៅនឹងការប្រែប្រួលលំហូរទុន និងហានិភ័យសកលនានា។

សូមបញ្ជាក់ថា គោលបំណងនៃវេទិកានេះ គឺដើម្បីចែករំលែកព័ត៌មានអំពីស្ថានភាពទីផ្សារ និងសេដ្ឋកិច្ចសកល បញ្ហាប្រឈម ទស្សនៈវិស័យទីផ្សារសកល និងទិសដៅទីផ្សារហិរញ្ញវត្ថុនាពេលអនាគត ព្រមទាំងកិច្ចពិភាក្សាអំពីវិបត្តិសេដ្ឋកិច្ចសកល ដែលវាគ្មិនបានឡើងធ្វើបទបង្ហាញពីយុទ្ធសាស្រ្តវិនិយោគ ដែលទាំងនេះជាទុនសម្រាប់អ្នកចូលរួមអាចធ្វើការសម្រេចចិត្តបានកាន់តែប្រសើរឡើង៕

អត្ថបទ៖ចេង ឆហួត រូបភាព៖ លឹម មុនី, អ៊ុន ផាន់ណាត់