ព័ត៌មានជាតិ

ជប៉ុន ផ្ដល់ជំនួយជានាវាល្បាត និងឧបករណ៍បញ្ជូនសារ ដែលមានតម្លៃជាង ៣លានដុល្លារ ដល់ក្រសួងការពារជាតិកម្ពុជា

image

ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុន នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ បានចុះហត្ថលេខាផ្ដល់ជំនួយសន្តិសុខផ្លូវការ (Official Security Assistance - OSA) មានទឹកប្រាក់ចំនួន ៥០០លានយ៉េន ស្មើប្រមាណ ៣លានដុល្លារអាមេរិក ដល់ក្រសួងការពារជាតិកម្ពុជា ដើម្បីពង្រឹងសមត្ថភាពការពារជាតិ និងសន្តិសុខ។
ពិធីចុះហត្ថលេខា និងផ្លាស់ប្ដូរលិខិតប្ដូរសារ បានធ្វើឡើងរវាង លោកឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោក អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា។
បើតាមស្ថានទូតជប៉ុនប្រចាំកម្ពុជា ជំនួយក្រោមគម្រោង OSA នេះ នឹងផ្ដល់ឧបករណ៍បញ្ជូនសារ ដល់កងទ័ពជើងគោក និង នាវាល្បាតដល់កងទ័ពជើងទឹក នៃកងយោធពលខេមរភូមិន្ទ ដើម្បីពង្រឹងសមត្ថភាពប្រតិបត្តិការ និងការពារសន្តិសុខ។
ស្ថានទូតជប៉ុនបានបញ្ជាក់ថា៖ «យើងរំពឹងថា គម្រោងនេះនឹងរួមចំណែកលើកកម្ពស់សមត្ថភាពសន្តិសុខ និងសមត្ថភាពរារាំងរបស់កម្ពុជា ព្រមទាំងជួយលើកស្ទួយសន្តិភាព និងស្ថិរភាពក្នុងតំបន់ និងសហគមន៍អន្តរជាតិ»៕