ក្រុមហ៊ុនពាក់ព័ន្ធវិស័យអប់រំចិន ជម្រាបសម្តេចធិបតី ពីចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យអប់រំ កសិកម្ម និងបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា
លោកនាយកក្រុមហ៊ុន បានគោរពជម្រាបជូនសម្ដេចធិបតីអំពីប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុន ដោយបានគូសបញ្ជាក់ថា ក្រុមហ៊ុន មានភាពជាដៃគូរយៈពេលវែងជាមួយភ្នាក់ងាររាជរដ្ឋាភិបាល, សហគ្រាសរដ្ឋ ក៏ដូចជាបណ្ដាសាកលវិទ្យាល័យនានា ទាំងនៅក្នុងប្រទេសចិន និងនៅក្រៅប្រទេស។
បច្ចុប្បន្ន, ក្រុមហ៊ុនកំពុងផ្ដោតការយកចិត្តទុកដាក់លើការវិនិយោគក្នុងវិស័យសំខាន់ៗ រួមមាន៖វិស័យអប់រំ,កសិកម្ម, កម្មន្តសាល និងវិស័យបច្ចេកវិទ្យាឌីជីថល។ លោកនាយកក្រុមហ៊ុន ក៏បានគូសបញ្ជាក់បន្ថែមថា ដោយសម្លឹងឃើញពីសក្ដានុពលនៃការអភិវឌ្ឍយ៉ាងឆាប់រហ័សរបស់កម្ពុជា, ក្រុមហ៊ុនមានចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគនៅក្នុងប្រទេសកម្ពុជា លើវិស័យអប់រំ, កសិកម្ម និងបច្ចេកវិទ្យាឌីជីថល។ ការជម្រាបនេះក្នុងឱកាសដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Zheng Mingzhou នាយកក្រុមហ៊ុន Yuanda Group ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នាល្ងាចថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦, ក្នុងឱកាសនៃការអញ្ជើញបំពេញទស្សនកិច្ចការងារ និងចូលរួមសន្និសីទពិភពលោកស្តីពីបញ្ញាសិប្បនិម្មិត នៅសាធារណរដ្ឋប្រជាមានិតចិន ពីថ្ងៃទី១៥-១៧ ខែកក្កដា ឆ្នាំ២០២៦។
សម្ដេចធិបតីបានសម្ដែងនូវការស្វាគមន៍ចំពោះចំណាប់អារម្មណ៍របស់ក្រុមហ៊ុន ក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យសក្ដានុពលនៅកម្ពុជា។ សម្ដេចធិបតីបានគូសបញ្ជាក់ផងដែរថា វិស័យទាំង៣នេះ ដែលរួមមាន៖ វិស័យអប់រំ កសិកម្ម និងបច្ចេកវិទ្យា ជាវិស័យអាទិភាពដែលរាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ខ្ពស់ និងបានដាក់ចេញនូវគោលនយោបាយ ព្រមទាំងយន្តការចាំបាច់នានា ដើម្បីគាំទ្រដល់ការអភិវឌ្ឍវិស័យទាំងនេះឱ្យកាន់តែរីកចម្រើន។
សម្ដេចធិបតីបានលើកទឹកចិត្តឱ្យក្រុមហ៊ុនរៀបចំធ្វើទស្សនកិច្ចការងារដោយផ្ទាល់នៅកម្ពុជា ព្រមទាំងបន្តផ្សារភ្ជាប់ទំនាក់ទំនង និងពិភាក្សាការងារលម្អិតជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីស្វែងរក និងចាប់យកឱកាសវិនិយោគជាក់ស្តែងនៅកម្ពុជា៕
អត្ថបទ ៖ ហ៊ន សុភ័ក្រ