សភាពាណិជ្ជកម្មកម្ពុជា និងសមាគមសហព័ន្ធធុរកិច្ចវៀតណាម-កម្ពុជា រៀបចំសិក្ខាសាលាជំរុញពាណិជ្ជកម្មអេឡិចត្រូនិកឆ្លងដែន ដើម្បីពង្រីកការនាំចេញទៅទីផ្សារពិភពលោក
ភ្នំពេញ៖ សភាពាណិជ្ជកម្មកម្ពុជា (CCC) និងសមាគមសហព័ន្ធធុរកិច្ចវៀតណាម-កម្ពុជា (VCBA) នៅរសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ បានរៀបចំសិក្ខាសាលាស្តីពី «ការលើកកម្ពស់ពាណិជ្ជកម្មអេឡិចត្រូនិកឆ្លងដែនរវាងវៀតណាម និងកម្ពុជា៖ ការតភ្ជាប់ទីផ្សារ និងការពង្រីកសក្តានុពលនាំចេញទៅកាន់ទីផ្សារពិភពលោក» ដើម្បីជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មឌីជីថល និងពង្រីកឱកាសនាំចេញរបស់សហគ្រាសនៃប្រទេសទាំងពីរ។
សិក្ខាសាលានេះ មានការចូលរួមពីតំណាងក្រុមហ៊ុន និងសហគ្រាសជាច្រើនរបស់កម្ពុជា និងវៀតណាម ដែលកំពុងធ្វើអាជីវកម្មនៅកម្ពុជា ដើម្បីពិភាក្សា និងស្វែងរកឱកាសពង្រីកពាណិជ្ជកម្ម និងការវិនិយោគតាមរយៈពាណិជ្ជកម្មអេឡិចត្រូនិកឆ្លងដែន។
ឧកញ៉ាបណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាធុរកិច្ចអាស៊ានសម្រាប់កម្ពុជា មានប្រសាសន៍ថា សិក្ខាសាលានេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមគ្នាក្នុងការពន្លឿនកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច ឧស្សាហកម្ម និងវិនិយោគរវាងកម្ពុជា និងវៀតណាម។
ឧកញ៉ាបណ្ឌិតបញ្ជាក់ថា ខណៈប្រទេសទាំងពីរកំពុងធ្វើសមាហរណកម្មសេដ្ឋកិច្ចកាន់តែស៊ីជម្រៅ ពាណិជ្ជកម្មឌីជីថល និងពាណិជ្ជកម្មអេឡិចត្រូនិកឆ្លងដែន កំពុងក្លាយជាឱកាសដ៏សំខាន់សម្រាប់សម្រួលខ្សែសង្វាក់ផ្គត់ផ្គង់ ជំរុញការនាំចេញ និងពង្រីកការចូលទៅកាន់ទីផ្សារអន្តរជាតិរបស់សហគ្រាស។
ឧកញ៉ាបណ្ឌិត តាន់ មុនីវណ្ណ បានរំលឹកថា ទំនាក់ទំនងការទូតរវាងកម្ពុជា និងវៀតណាម ដែលបានបង្កើតឡើងតាំងពីឆ្នាំ១៩៦៧ បានវិវឌ្ឍពីប្រទេសជិតខាងទៅជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់។ បច្ចុប្បន្ន វៀតណាម គឺជាដៃគូពាណិជ្ជកម្មធំបំផុតមួយរបស់កម្ពុជា និងជាដៃគូពាណិជ្ជកម្មសំខាន់បំផុតក្នុងអាស៊ាន។
ឧកញ៉ាបណ្ឌិតបានឱ្យដឹងថា នៅឆ្នាំ២០២៥ ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-វៀតណាម សម្រេចបានកំណត់ត្រាថ្មីចំនួន ១១,៣៣ពាន់លានដុល្លារ ខណៈនៅត្រីមាសទី១ ឆ្នាំ២០២៦ ទំហំពាណិជ្ជកម្មបានកើនដល់ ៣,៤៤ពាន់លានដុល្លារ កើនឡើង ៤,៣% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន។ ឧកញ៉ាបណ្ឌិតសង្កត់ធ្ងន់ថា គោលដៅពាណិជ្ជកម្មទ្វេភាគី ២០ពាន់លានដុល្លារ ដែលរដ្ឋាភិបាលទាំងពីរបានកំណត់ គឺជាគោលដៅដែលអាចសម្រេចបាន។
ឧកញ៉ាបណ្ឌិត តាន់ មុនីវណ្ណ បានបន្ថែមថា បច្ចុប្បន្ន វៀតណាមមានគម្រោងវិនិយោគសកម្មជាង ២០០គម្រោង នៅកម្ពុជា ហើយក្នុងឆ្នាំ២០២៥ មានគម្រោងវិនិយោគថ្មីសំខាន់ៗចំនួន ៦ បានចាប់ផ្តើមអនុវត្ត។ ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល រួមជាមួយច្បាប់វិនិយោគទំនើបរបស់កម្ពុជា និងក្របខណ្ឌកិច្ចព្រមព្រៀងទ្វេភាគីដ៏រឹងមាំ កំពុងបង្កើនទំនុកចិត្តដល់អ្នកវិនិយោគ។
ជាមួយគ្នានេះ ឧកញ៉ា ឡេង ឬទ្ធី ប្រធានសមាគមសហព័ន្ធធុរកិច្ចវៀតណាម-កម្ពុជា (VCBA) បានលើកឡើងថា ទំនាក់ទំនងមិត្តភាព និងភាពជាដៃគូគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ កំពុងរីកចម្រើនជាបន្តបន្ទាប់ ទាំងផ្នែកពាណិជ្ជកម្ម វិនិយោគ និងទំនាក់ទំនងរវាងសហគមន៍ធុរកិច្ច។
ឧកញ៉ាថ្លែងថា ក្នុងបរិបទនៃការបម្លែងឌីជីថលសកល ពាណិជ្ជកម្មអេឡិចត្រូនិកឆ្លងដែន កំពុងក្លាយជាកម្លាំងជំរុញថ្មី ដែលជួយឱ្យសហគ្រាសអាចចូលដល់ទីផ្សារបានលឿន កាត់បន្ថយថ្លៃដើមប្រតិបត្តិការ និងបង្កើនសមត្ថភាពប្រកួតប្រជែង។ សម្រាប់សហគ្រាសវៀតណាមដែលកំពុងវិនិយោគនៅកម្ពុជា វេទិកាឌីជីថលមិនត្រឹមជាបណ្តាញលក់ថ្មីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយតភ្ជាប់ខ្សែសង្វាក់ផ្គត់ផ្គង់ ពង្រឹងម៉ាកសញ្ញា និងពង្រីកទីផ្សារទៅកាន់តំបន់ និងពិភពលោកផងដែរ។
VCBA ក៏បានវាយតម្លៃខ្ពស់ចំពោះក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម នាយកដ្ឋានពាណិជ្ជកម្មអេឡិចត្រូនិក និងសេដ្ឋកិច្ចឌីជីថល អនុព័ន្ធពាណិជ្ជកម្មវៀតណាមប្រចាំកម្ពុជា និងសភាពាណិជ្ជកម្មកម្ពុជា ដែលបានសហការរៀបចំសិក្ខាសាលានេះ ដោយចាត់ទុកថា ជាវេទិកាដ៏មានសារៈសំខាន់សម្រាប់ស្ថាប័នរដ្ឋ សហគ្រាស និងក្រុមហ៊ុនបច្ចេកវិទ្យា ក្នុងការផ្លាស់ប្តូរបទពិសោធន៍ ចែករំលែកព័ត៌មាន និងស្វែងរកឱកាសសហប្រតិបត្តិការថ្មីៗ។
ដោយឡែក លោក TRAN VAN THANG អនុប្រធានសមាគមពាណិជ្ជករកម្ពុជា ដើមកំណើតវៀតណាម បានមានប្រសាសន៍ថា ក្នុងយុគសម័យសេដ្ឋកិច្ចឌីជីថល ពាណិជ្ជកម្មអេឡិចត្រូនិកមិនមែនជានិន្នាការអនាគតទៀតទេ ប៉ុន្តែបានក្លាយជាវិធីសាស្ត្រធ្វើអាជីវកម្មសំខាន់នាពេលបច្ចុប្បន្ន។ ជាពិសេស ពាណិជ្ជកម្មអេឡិចត្រូនិកឆ្លងដែន បានបើកឱកាសឱ្យសហគ្រាសនៃប្រទេសទាំងពីរ អាចឈានដល់អ្នកប្រើប្រាស់ដោយផ្ទាល់ ដោយមិនចាំបាច់វិនិយោគច្រើនលើបណ្តាញចែកចាយ ឬហាងលក់បែបប្រពៃណី។
លោកបន្ថែមថា ការនាំចេញនៅក្នុងយុគសម័យឌីជីថល មិនចាំបាច់ចាប់ផ្តើមពីការដឹកជញ្ជូនទំនិញជាកុងតឺន័រទៀតឡើយ ប៉ុន្តែអាចចាប់ផ្តើមពីការបញ្ជាទិញតាមអ៊ីនធឺណិត ដោយនាំយកផលិតផលកសិកម្ម អាហារ សម្លៀកបំពាក់ ទំនិញប្រើប្រាស់ និងសិប្បកម្ម ទៅដល់អ្នកប្រើប្រាស់នៅទីផ្សារអន្តរជាតិ។ នេះជាឱកាសដ៏សំខាន់សម្រាប់សហគ្រាសធុនតូច និងមធ្យម (SMEs) របស់កម្ពុជា និងវៀតណាម ក្នុងការពង្រីកអាជីវកម្ម និងបង្កើនសមត្ថភាពប្រកួតប្រជែងលើទីផ្សារពិភពលោក៕
អត្ថបទ៖ ចេង ឆហួត រូបភាព៖ លឹម មុនី និង អ៊ុន ផានណាត់