សង្គម

សភាពាណិជ្ជកម្មកម្ពុជា ជួបពិភាក្សាជាមួយក្រុមប្រឹក្សាជំរុញពាណិជ្ជកម្មអន្តរជាតិចិន ដើម្បីជំរុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការធុរកិច្ច និង វិនិយោគរវាងប្រទេសទាំងពីរ

image



ទីក្រុងប៉េកាំង៖ក្នុងឱកាសអមដំណើរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បំពេញទស្សនកិច្ចការងារនៅសាធារណរដ្ឋប្រជាមានិតចិន នារសៀលថ្ងៃទី១៥ ខែក្កកដា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហេង វុទ្ធី ទីប្រឹក្សាជាន់ខ្ពស់សភាពាណិជ្ជកម្មកម្ពុជា តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និង ជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន ដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ជួបពិភាក្សាការងារ ជាមួយ លោក លី សួយ (Li Shuai) អគ្គនាយករងក្រុមប្រឹក្សាជំរុញពាណិជ្ជកម្មអន្តរជាតិចិន (CCPIT) ទទួលបន្ទុកកិច្សការអន្តរជាតិ។

គោលបំណងនៃ ជំនួបពិភាក្សានេះ គឺដើម្បីជំរុញទំនាក់ទំនងស្ថាប័នទាំងពីរ និង កិច្ចសហប្រតិបត្តិការធុរកិច្ច និង វិនិយោគរវាងប្រទេសទាំងពីរ។ ឯកឧត្តមបណ្ឌិត ហេង វុទ្ធី បានគូសបញ្ជាក់ពីភាពរឹងមាំនៃទំនាក់ទំនងសេដ្ឋកិច្ចកម្ពុជា-ចិន ដែលនៅតែជាមូលដ្ឋានគ្រឹះនៃយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។

ស្ថាប័នទាំងពីរបានគូសបញ្ជាក់ពីប្រវត្តិសហប្រតិបត្តិការដ៏ជោគជ័យរបស់ខ្លួន ដែលបានចុះអនុស្សរណៈយោគយល់គ្នាកាលពីឆ្នាំ២០១៦ កន្លងទៅ និង បានសហការរៀបចំកិច្ចប្រជុំវេទិកា បូអៅ (Boao) សម្រាប់អាស៊ី (BFA) នៅភ្នំពេញជាលើកដំបូងក្នុងឆ្នាំ ២០១៨ ហើយបានប្តេជ្ញាបន្តការខិតខំប្រឹងប្រែងរួមគ្នាក្នុងការផ្លាស់ប្តូរព័ត៌មាន ការជំរុញពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ៕

អត្ថបទ និងរូប ៖ ហ៊ន សុភ័ក្រ