សង្គម

ធនាគារ វីង ឧបត្ថម្ភថវិកា ៥០ម៉ឺនដុល្លារ ចូលរួមលើកស្ទួយសិល្បៈឱ្យកាន់តែរីកចម្រើន

image


ភ្នំពេញ៖ នៅពីក្រោយភាពទន់ភ្លន់នៃកាយវិការរបាំ សំនៀងតន្ត្រីដ៏រណ្តំ និងគ្រប់ផ្ទាំងទស្សនីយភាពទាំងអស់គឺជាផ្លែផ្កានៃការលះបង់ និងឆន្ទៈមោះមុតរបស់សិល្បករ ដែលតែងតែខិតខំថែរក្សា និងលើកតម្កើងតម្លៃសិល្បៈបុរាណខ្មែរ។ តាមរយៈទេពកោសល្យដ៏វិចិត្រ និងក្តីស្រលាញ់ដ៏ជ្រាលជ្រៅ សិល្បករខ្មែរបានដើរតួជាស្ពានចម្លងមរតកដូនតាមកកាន់មនុស្សជំនាន់ក្រោយ និងជួយថែរក្សាអត្តសញ្ញាណជាតិឱ្យនៅតែរស់រវើកជានិច្ច។

ដើម្បីជ្រោមជ្រែងដល់សិល្បករ និងជំរុញឱ្យសិល្បៈខ្មែរកាន់តែរីកចម្រើន ធនាគារ វីង និងសមាគមសិល្បករខ្មែរ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ បានរៀបចំ«ពិធីប្រគល់-ទទួលថវិកា ជូនសមាគមសិល្បករខ្មែរ» ជាផ្លូវការ ដែលនេះគឺជាជំហានដ៏មានអត្ថន័យមួយក្នុងការរួមចំណែកថែរក្សាមរតកវប្បធម៌ជាតិឱ្យស្ថិតស្ថេរគង់វង្សសម្រាប់កូនខ្មែរគ្រប់ជំនាន់។

តាមរយៈពិធីនេះ ធនាគារ វីង បានប្តេជ្ញាឧបត្ថម្ភថវិកាសរុបចំនួន ១០ ម៉ឺនដុល្លារអាមេរិក ក្នុងមួយឆ្នាំ រយៈពេល ៥ ឆ្នាំជាប់គ្នា ដែលសរុបជាទឹកប្រាក់ទាំងអស់គឺ ៥០ ម៉ឺនដុល្លារអាមេរិក។ ថវិកានេះនឹងត្រូវយកទៅប្រើប្រាស់ដើម្បីជួយជ្រោមជ្រែងដល់សុខុមាលភាពសិល្បករ បណ្តុះបណ្តាលសិល្បករជំនាន់ក្រោយ និងបង្កើតឱកាសថ្មីៗ ដើម្បីនាំយកសិល្បៈខ្មែរទៅកាន់ឆាកអន្តរជាតិ។

តាំងពីយូរលង់ណាស់មកហើយ សិល្បៈខ្មែរតែងតែជាកញ្ចក់ឆ្លុះបញ្ចាំងពីប្រវត្តិសាស្ត្រ គុណតម្លៃ និងដួងព្រលឹងរបស់ជាតិយើង ដែលតែងតែបណ្តុះនូវមោទនភាព និងជួយឱ្យមរតកវប្បធម៌នេះស្ថិតស្ថេររហូតមក។

លោកបណ្ឌិត ឌីមីត្រូ ខូលេកកូ អគ្គនាយក នៃធនាគារ វីង បានលើកឡើងថា៖ “សិល្បៈខ្មែរគឺជាកញ្ចក់ឆ្លុះបញ្ចាំងពីអត្តសញ្ញាណជាតិ និងបេតិកភណ្ឌវប្បធម៌ដ៏ឧត្តុង្គឧត្តមរបស់ជាតិកម្ពុជា។ យើងពិតជាមានមោទនភាពដែលបានចូលរួមចំណែកជាមួយសមាគមសិល្បករខ្មែរ ក្នុងការបណ្តុះបណ្តាលធនធានសិល្បករខ្មែរយើង និងថែរក្សាសិល្បៈខ្មែរឱ្យនៅរស់រវើក។

ជាមួយគ្នានេះ យើងខ្ញុំក៏សូមកោតសរសើរចំពោះភាពជាអ្នកដឹកនាំដ៏ឈ្លាសវៃរបស់ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ដែលតែងតែយកចិត្តទុកដាក់ខ្ពស់ក្នុងការលើកស្ទួយវប្បធម៌ជាតិ និងគាំទ្រដល់សិល្បករដែលជាអ្នកថែរក្សាមរតកនេះដោយផ្ទាល់។”

ធនាគារ វីង ក៏យល់ច្បាស់ពីតម្រូវការប្រចាំថ្ងៃរបស់សិល្បករផងដែរ ស្របពេលដែលពួកគេកំពុងពង្រីកអាជីព និងតំណាងឱ្យកម្ពុជាលើឆាកអន្តរជាតិ។ តាមរយៈអេប Wing Bank ជំនាន់ថ្មីនិងបណ្ដាញភ្នាក់ងារដ៏ទូលំទូលាយនៅទូទាំងប្រទេស សិល្បករអាចគ្រប់គ្រងប្រតិបត្តិការហិរញ្ញវត្ថុ ដូចជាការទូទាត់ ការផ្ទេរប្រាក់ និងការសន្សំ បានយ៉ាងងាយស្រួល និងឆាប់រហ័ស។ មិនថាជាការស្វែងរកប្រភពទុនសម្រាប់អាជីវកម្ម ឬការរក្សាទំនាក់ទំនងពេលធ្វើដំណើរក្រៅប្រទេសតាមរយៈសេវាកម្ម eSIM នោះទេ ធនាគារ វីង តែងតែនៅក្បែរ ដើម្បីគាំទ្រគ្រប់ជំហាន ទាំងក្នុងអាជីពសិល្បៈ និងការរស់នៅប្រចាំថ្ងៃពួកគេ។

លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានមានប្រសាសន៍ថា៖ “ការគាំទ្រពីធនាគារ វីង នឹងក្លាយជាកម្លាំងចលករយ៉ាងសំខាន់ ជួយឱ្យសមាគមសិល្បករខ្មែរអាចបន្តបេសកកម្មជ្រោមជ្រែងសិល្បករយើង ជួយបណ្តុះបណ្តាលសិល្បករជំនាន់ក្រោយ និងបង្កើតឱកាសកាន់តែច្រើន ដើម្បីឱ្យសិល្បៈខ្មែរអាចលេចត្រដែតឡើង និងទទួលបានការឱ្យតម្លៃកាន់តែខ្លាំងពីសំណាក់សាធារណជនគ្រប់ទិសទី។”

ក្នុងនាមជាធនាគារសម្រាប់ប្រជាជនកម្ពុជាគ្រប់រូប ធនាគារ វីង បន្តគាំទ្ររាល់គំនិតផ្ដួចផ្ដើមនានា ដែលរួមចំណែកដល់ការពង្រឹងសហគមន៍ និងថែរក្សាមរតកវប្បធម៌ជាតិ។ ការរួមចំណែកនាពេលនេះ គឺជាសក្ខីភាពនៃការបន្តភាពជាដៃគូដ៏រឹងមាំជាមួយសមាគមសិល្បករខ្មែរ និងឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមគ្នា ក្នុងការបង្កើតផលវិជ្ជមានជូនសង្គមជាតិ និងការជ្រោមជ្រែងដល់សហគមន៍កម្ពុជាឱ្យកាន់តែរីកចម្រើន៕