ក្រោយចប់អាណត្ដិនៅកម្ពុជា, ឯកអគ្គរដ្ឋទូតអាល្លឺម៉ង បញ្ជាក់ប្រាប់សម្ដេចតេជោថា កម្ពុជាស្ថិតនៅក្នុងបញ្ជីទេសចរណ៍របស់ប្រជាជនអាល្លឺម៉ង់ ជាពិសេសសម្រាប់អ្នកចូលនិវត្តន៍អាល្លឺម៉ង់
ភ្នំពេញ៖ នៅចំពោះមុខសម្ដេចតេជោ លោក Stefan MESSERER ឯកអគ្គរដ្ឋទូតអាល្លឺម៉ង បានវាយតម្លៃខ្ពស់ចំពោះប្រទេសកម្ពុជានូវវឌ្ឍនភាពដែលបានកើតឡើងជាបន្ដបន្ទាប់ ហើយប្រជាជនអាល្លឺម៉ង់ជាំច្រើន បានចាប់អារម្មណ៍នៅក្នុងការមកទស្សនាប្រទេសកម្ពុជា។
មានប្រសាសន៍បែបនេះនាឱកាសដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ លោកStefan MESSERER ឯកអគ្គរដ្ឋទូតអាល្លឺម៉ង ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងជម្រាបលា ក្នុងឱកាសដែលលោក ត្រូវបញ្ចប់បេសកកម្មការទូតនៅកម្ពុជា នាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ នាវិមានសាមគ្គីភាព នៃព្រឹទ្ធសភា រាជធានីភ្នំពេញ។
យោងតាម លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបថា សម្ដេចតេជោបានវាយតម្លៃ ខ្ពស់ចំពោះតួនាទីរបស់លោក ក្នុងឋានៈជាឯកអគ្គរដ្ឋទូតប្រចាំនៅព្រះរាជាណាចក្រកម្ពុជានៅពេលកន្លងមក ដែលបានធ្វើឱ្យទំនាក់ទំនងរវាងកម្ពុជានិងអាល្លឺម៉ង់កាន់តែមានភាពរីកចម្រើន។
នៅក្នុងឱកាសនោះ ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់បានសម្ដែងនូវការអរគុណចំពោះសម្ដេចតេជោដែលបានអនុញ្ញាតឱ្យលោក និងសហការីបានជួបជម្រាបលានៅក្នុងឱកាសនេះ។ លោក បានលើកឡើងថា រយៈពេល ៤ឆ្នាំនៃការបំពេញការងារ នៅកម្ពុជា គឺបានប្រព្រឹត្តទៅដោយលឿនខ្លាំងណាស់ ហើយក្នុងរយៈពេល ៤ឆ្នាំនេះ លោកបានធ្វើកិច្ចការងារជាមួយនឹងភាគីកម្ពុជា និងបានសម្រេចនូវលទ្ធផលជាច្រើនសម្រាប់ពូនជ្រុំនូវទំនាក់ទំនង រវាងកម្ពុជា និងអាល្លឺម៉ង់។ លោក មបានអរគុណចំពោះភាគីកម្ពុជាដែលបានសហការយ៉ាងជិតស្និទ្ធបំផុតជាមួយនឹងលោក និងក្រុមការងារក្នុងទិសដៅនៃការពង្រីកទំនាក់ទំនងរវាងកម្ពុជា និងអាល្លឺម៉ង់។ លោក ក៏បានរំលេចអំពីស្នាដៃសំខាន់ៗក្នុងពេលដែលបាន បំពេញការងារនៅកម្ពុជា ជាពិសេសនៅក្នុងកិច្ចសហប្រតិបត្តិការ ក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ក៏ដូចជាវប្បធម៌ និងទេសចរណ៍រវាងប្រជាជនកម្ពុជា និងអាល្លឺម៉ង់។
លោក ក៏បានវាយតម្លៃខ្ពស់ចំពោះប្រទេសកម្ពុជានូវវឌ្ឍនភាពដែលបានកើតឡើងហើយប្រជាជនអាល្លឺម៉ង់ បានចាប់អារម្មណ៍នៅក្នុងការមកទស្សនាប្រទេសកម្ពុជា។ កម្ពុជាបានស្ថិតនៅក្នុងបញ្ជីមួយរបស់ប្រជាជនអាល្លឺម៉ង់ ដែលជាគោលដៅទេសចរណ៍ជាពិសេសលោកបានលើកឡើងថា សម្រាប់អ្នកចូលនិវត្តន៍របស់អាល្លឺម៉ង់ គឺសំឡឹងឃើញកម្ពុជា គឺជាទីកន្លែងដ៏សែនមនោរម្យសម្រាប់ពួកគេមកទស្សនា និងមកកម្សាន្ត។
នៅក្នុងឱកាសនោះ សម្ដេចតេជោ បានសម្ដែងនូវការពេញចិត្តចំពោះការលើកឡើងរបស់លោក Stefan ទាក់ទងទៅនឹងទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងអាល្លឺម៉ង់។ សម្ដេចតេជោបានយល់ស្របទាំងស្រុងចំពោះការលើកឡើងនៃទំនាក់ទំនងផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម ដោយសម្ដេចបានលើកឡើងថា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគនេះ គឺជាស្នូរនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។ សម្ដេចសង្ឃឹមថា អ្នកវិនិយោគរបស់អាល្លឺម៉ង់ នឹងកាន់តែមកវិនិយោគនៅក្នុងប្រទេសកម្ពុជាឱ្យកាន់តែច្រើនបន្ថែមទៀត។ សម្ដេចក៏បានអរគុណចំពោះអាល្លឺម៉ង់ ដែលបានជួយជ្រោមជ្រែងកម្ពុជានាពេលកន្លងមក ជាពិសេសនៅក្នុងការជួយដល់ការកំណែទម្រង់រដ្ឋបាលសាធារណៈនៅថ្នាក់ក្រោមជាតិ និងជួយនៅក្នុងការអភិវឌ្ឍជនបទជាដើម ដែលជាសមិទ្ធផលអាល្លឺម៉ង់បានចូលរួមចំណែកជួយដល់កម្ពុជា៕
អត្ថបទ៖ ឈឹម ធីតា
រូបភាព៖ ង៉ាន់ សំណាង