សម័យប្រជុំរដ្ឋសភា បោះឆ្នោតផ្តល់សេចក្តីទុកចិត្ត លោក ប្រាក់ សំអឿន ជាទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងអនុម័តសេចក្តីព្រាងច្បាប់ចំនួន៤ ដោយសំឡេងឯកច្ឆន្ទ
ភ្នំពេញ៖ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា រដ្ឋសភាបានបន្តបើកសម័យប្រជុំលើកទី៦ នីតិកាលទី៧ នាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ ដើម្បីពិភាក្សា និងអនុម័តរបៀបវារៈចំនួន៥។
របៀបវារៈរួមមាន៖ (១) ការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការតែងតាំងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាល ចំនួន១រូប គឺលោក ប្រាក់ សំអឿន ជាទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស, (២) ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជា ចូលជាភាគីនៃអនុសញ្ញាស្តីពីប្រាតិភោគអន្តរជាតិចំពោះឧបករណ៍ចល័ត និងពិធីសារពាក់ព័ន្ធនឹងឧបករណ៍អាកាសយាន, (៣) សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ាន ស្តីពីកិច្ចសម្របសម្រួលទទួលស្គាល់ទៅវិញទៅមក, (៤) សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងក្របខ័ណ្ឌសម្របសម្រួលទទួលស្គាល់ទៅវិញទៅមកតាមផ្នែកអាស៊ាន សម្រាប់សម្ភារៈអគារ និងសំណង់ និង (៥) សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងសម្របសម្រួលទទួលស្គាល់ទៅវិញទៅមកអាស៊ាន ស្តីពីប្រភេទអនុម័តបញ្ជាក់សម្រាប់ផលិតផលយានយន្ត។
ជាលទ្ធផល សម័យប្រជុំរដ្ឋសភាបានបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការតែងតាំងលោក ប្រាក់ សំអឿន ជាទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស ដោយទទួលបានសំឡេងគាំទ្រចំនួន ១០៨ សំឡេង។ ទន្ទឹមនឹងនេះ រដ្ឋសភាក៏បានពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ទាំង៤ខាងលើ ដោយទទួលបានការគាំទ្រជាឯកច្ឆន្ទពីសមាជិករដ្ឋសភាវត្តមាន៕
អត្ថបទ៖ វង សុភ័ក្ត្រ