រដ្ឋមន្ត្រីប្រតិភូបារាំង៖ ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតី អេម៉ានូអែល ម៉ាក្រុង មកកម្ពុជា នឹងបើកទំព័រថ្មីនៃទំនាក់ទំនងទ្វេភាគី
ភ្នំពេញ៖ លោក នីកូឡា ហ្វ័ររីស្យេ (Nicolas Forissier) រដ្ឋមន្ត្រីប្រតិភូ អមរដ្ឋមន្ត្រីក្រសួងអឺរ៉ុប និងការបរទេសបារាំង ទទួលបន្ទុកពាណិជ្ជកម្មបរទេស និងការទាក់ទាញវិនិយោគ បានអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ពីថ្ងៃទី៩ ដល់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ ដោយបានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះមានសារៈសំខាន់ក្នុងការពង្រឹងទំនាក់ទំនង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងបារាំង។
ក្នុងសន្និសីទសារព័ត៌មាន នាស្ថានទូតបារាំង ក្រោយបញ្ចប់ដំណើរទស្សនកិច្ច លោក នីកូឡា ហ្វ័ររីស្យេ បានបង្ហាញក្តីរីករាយដែលបានអញ្ជើញមកកម្ពុជា តំណាងឱ្យរដ្ឋាភិបាលបារាំង និងបានចាត់ទុកដំណើរទស្សនកិច្ចនេះថា ជាជំហានដ៏សំខាន់មួយក្នុងការរៀបចំសម្រាប់ដំណើរទស្សនកិច្ចផ្លូវការរបស់លោក អេម៉ានូអែល ម៉ាក្រុង (Emmanuel Macron) ប្រធានាធិបតីបារាំង មកកាន់កម្ពុជា នៅខែវិច្ឆិកា ឆ្នាំ២០២៦ ដើម្បីចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ និងពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ។
លោក នីកូឡា ហ្វ័ររីស្យេ បានបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះ ធ្វើឡើងបន្ទាប់ពីជំនួបកំពូលជាបន្តបន្ទាប់រវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ជាពិសេសជំនួបរវាងលោកប្រធានាធិបតី អេម៉ានូអែល ម៉ាក្រុង និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីក្រុងប៉ារីស។
មន្ត្រីជាន់ខ្ពស់បារាំងរូបនេះ បានលើកឡើងថា ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីបារាំងមកកម្ពុជា នាពេលខាងមុខ នឹងក្លាយជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយ បន្ទាប់ពីរយៈពេលជាង ៦០ឆ្នាំ ចាប់តាំងពីលោកសេនាប្រមុខ ហ្សាល ដឺហ្គោល (Charles de Gaulle) បានអញ្ជើញមកកម្ពុជា។ លោកចាត់ទុកថា វានឹងបើកទំព័រថ្មីនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ និងជំរុញឱ្យកិច្ចសហប្រតិបត្តិការលើវិស័យនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ កាន់តែរឹងមាំ។
លោកក៏បានបញ្ជាក់ថា វត្តមានរបស់លោកប្រធានាធិបតី អេម៉ានូអែល ម៉ាក្រុង នៅកម្ពុជា នឹងធ្វើឡើងក្នុងឱកាសកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅខែវិច្ឆិកា ឆ្នាំ២០២៦។
បើតាមលោក នីកូឡា ហ្វ័ររីស្យេ កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នឹងផ្តល់ឱកាសដ៏ធំសម្រាប់កម្ពុជា ក្នុងការពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគជាមួយបណ្តាប្រទេសសមាជិកទាំង ៨៨ របស់អង្គការហ្វ្រង់កូហ្វូនី។ ទន្ទឹមនឹងនេះ ព្រឹត្តិការណ៍អន្តរជាតិនេះ ក៏នឹងក្លាយជាកម្លាំងជំរុញដ៏សំខាន់មួយក្នុងការលើកកម្ពស់ទំនាក់ទំនងជាយុទ្ធសាស្ត្ររវាងកម្ពុជា និងបារាំងឱ្យឈានទៅកម្រិតថ្មីផងដែរ៕