ព័ត៌មានជាតិ

ផ្ទះពលរដ្ឋខ្មែរនៅតំបន់បឹងត្រកួន​ ត្រូវយោធាថៃយកធ្វើជាលេណដ្ឋាន និងដាក់កាំភ្លើងចាំលបបាញ់​ និងគាស់យកទ្រព្យសម្បត្តិមានម្លៃគ្មានសល់

image

បន្ទាយមានជ័យ៖ ផ្ទះវីឡាដ៏ធំមួយប្រក់ដំបូលពណ៌ខៀវ ដែលជាកម្មសិទ្ធិរបស់ពលរដ្ឋកម្ពុជា​ ដែលត្រូវយោធាថៃព័ទ្ធយកនៅតំបន់បឹងត្រកួន ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ក្រោយបទឈប់បាញ់​ ត្រូវបានយោធាថៃ គាស់យករបស់មានតម្លៃ​ និងសម្ភារក្នុងផ្ទះគ្មានសល់​។ ទន្ទឹមនេះពួកយោធាថៃក៏បានបំផ្លាញដំបូលផ្ទះដេីម្បីយកធ្វើជាលេណដ្ឋាននៅផ្នែកខាងលេី​ ព្រមទាំងដាក់កាំភ្លើង (Sniper) មានអ្នកលបបាញ់ប្រចាំការនៅលើដំបូលផ្ទះ​ ទៀតផង។ នេះបេីយោងតាមការឱ្យដឹងពី​ លោក ឃ្លោក នួយ អភិបាលរងខេត្តបន្ទាយមានជ័យ​ នៅថ្ងៃទី១០​ ខែកក្កដា​ឆ្នាំ២០២៦។

លោក ឃ្លោក នួយ បានបញ្ជាក់ថា​ ផ្ទះវីឡាស្ថិតក្នុងចំណោមផ្ទះប្រជាពលរដ្ឋខ្មែរជាង ១,៣០០ខ្នង នៅតំបន់បឹងត្រកួន ដែលត្រូវកម្លាំងយោធាថៃបំផ្លាញ និងហ៊ុំព័ទ្ធដោយរាយលួសបន្លា ព្រមទាំងដាក់ទូកុងតឺន័រ ក្រោយការអនុវត្តបទឈប់បាញ់ដែលចូលជាធរមានក្រោយម៉ោង ១២ ថ្ងៃត្រង់ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។​

នៅតំបន់បឹងត្រកួនមានភូមិចំនួន៤ រួមមាន ភូមិបន្ទាយមានឫទ្ធិ ភូមិផ្លូវបំបែក ភូមិត្រពាំងសំរោង និងភូមិសាមគ្គី​ ដែលមានផ្ទះប្រជាពលរដ្ឋសរុប ១,៣៦៥ខ្នង និងមានប្រជាពលរដ្ឋធ្លាប់រស់នៅចំនួន ១,៤៧៩គ្រួសារ ស្មើនឹង ៦,០៣២នាក់។​ នេះបេីយោងតាមរបាយការណ៍របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ។  របាយការណ៍ដដែលបញ្ជាក់ថា ភូមិសាមគ្គីមានផ្ទះប្រជាពលរដ្ឋ ៦០ខ្នង ភូមិត្រពាំងសំរោង ៥៣ខ្នង ភូមិផ្លូវបំបែក ៤៥ខ្នង និងភូមិបន្ទាយមានឫទ្ធិ ៤៧ខ្នង។

អ្នកស្រី ភា ចាន់រី បានអះអាងថា​ ផ្ទះវីឡាដែលយោធាថៃយកធ្វើជាលេណដ្ឋាននៅផ្នែកខាងលេី​នោះជាផ្ទះរបស់អ្នកស្រី​ និងក្រុមគ្រួសារសាច់ញាតិរបស់អ្នកស្រី។​ នៅក្រោយកិច្ចព្រមព្រៀងបទឈប់បាញ់​ ផ្ទះនេះត្រូវបានយោធាថៃគាស់យកទ្រព្យសម្បត្តិ​ លុយ​ គ្រឿងអលង្ការអស់ជាច្រេីន​ និងរបស់របរមានតម្លៃ​ រួមនឹងសម្ភារក្នុងផ្ទះគ្មានសល់​ ដោយកាលពីយោធាថៃបេីកការឈ្លានពានអធិបតេយ្យភាពកម្ពុជា​ អ្នកស្រី​ និងគ្រួសារបានរត់ចេញពីផ្ទះយកតែរួចខ្លួនប៉ុណ្ណោះយករបស់របរមិនទាន់​។

ទោះបីមានបទឈប់បាញ់ដែលកម្ពុជា និងថៃ​ បានឯកភាពគ្នា កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ជាពិសេសចំណុចទី៤ ដែលចែងថា «ភាគីទាំងពីរឯកភាពអនុញ្ញាតឱ្យជនស៊ីវិលដែលរស់នៅតំបន់ព្រំដែនរងផលប៉ះពាល់ អាចវិលត្រលប់ទៅផ្ទះសម្បែង និងប្រកបជីវភាពរស់នៅជាធម្មតាវិញ ដោយគ្មានការរារាំង និងដោយមានសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ នៅក្នុងតំបន់រៀងៗខ្លួន» ក៏ដោយ ក៏កងកម្លាំងយោធាថៃនៅតែបន្តបង្កើតស្ថានភាពថ្មីនៅលើទីតាំងជាក់ស្តែង ដែលកម្ពុជាមិនអាចទទួលយកបាន តាមរយៈការរាយលួសបន្លា ដាក់ទូកុងតឺន័រ បំផ្លាញផ្ទះប្រជាពលរដ្ឋ និងឈូសឆាយផ្លូវសម្រាប់ធ្វើលេណដ្ឋាន។

ក្រៅពីតំបន់បឹងត្រកួន ទីតាំងជាច្រើនផ្សេងទៀតនៅក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា ក៏ត្រូវបានរាយការណ៍ថា រងការរំលោភបំពានពីកងកម្លាំងយោធាថៃផងដែរ រួមមាន តំបន់ភូមិជោគជ័យ ភូមិព្រៃចាន់ ច្រកអូរស្មាច់ ក្នុងខេត្តឧត្តរមានជ័យ និងតំបន់ប្រាសាទក្នុងខេត្តព្រះវិហារ។

ទាក់ទងនឹងបញ្ហានេះ​ រាជរដ្ឋាភិបាលកម្ពុជា បានធ្វេីការតវ៉ាជាផ្លូវការជាបន្តបន្ទាប់ តាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ប្រឆាំងនឹងសកម្មភាពដែលខ្លួនចាត់ទុកថា​ ជាការឈ្លានពានពីកម្លាំងយោធាថៃ ដោយបញ្ជាក់ថា មិនទទួលស្គាល់ជាដាច់ខាតនូវការកែប្រែខ្សែបន្ទាត់ព្រំដែន ឬការកាន់កាប់ទឹកដីដោយខុសច្បាប់អន្តរជាតិ និងប្រឆាំងចំពោះការកែប្រែស្ថានភាពដើមលើដីជាក់ស្តែង (fait accompli)។

រាជរដ្ឋាភិបាលកម្ពុជា ក៏បានអះអាងជាថ្មីថា តែងតែគោរព និងអនុវត្តយ៉ាងម៉ឺងម៉ាត់នូវសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និងថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ព្រមទាំងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងៗ ដើម្បីឆ្ពោះទៅរកការវិលត្រលប់មករកប្រក្រតីភាព សន្តិភាព និងស្ថិរភាពយូរអង្វែងរវាងប្រទេសទាំងពីរ។ ទន្ទឹមនេះ កម្ពុជា ក៏បានអំពាវនាវឱ្យភាគីថៃគោរពច្បាប់អន្តរជាតិ និងបូរណភាពទឹកដីរបស់កម្ពុជា ដើម្បីរក្សាសន្តិភាព ស្ថិរភាព និងទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ៕