ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ជាថ្មីថា និវត្តជនក្នុងវិស័យអប់រំជាង ២ម៉ឺន ៤ពាន់នាក់ អាចចូលជាសមាជិកសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ដោយស្វ័យប្រវត្តិ

image

ព្រះវិហារ៖ នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦នេះ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ជាថ្មីថា សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា នៅតែគ្របដណ្ដប់លើមន្ត្រីរាជការចូលនិវត្តន៍របស់ ក្រសួងអប់រំ យុវជន និងកីឡា ដែលមានប្រមាណ ២ម៉ឺន ៤ពាន់នាក់ លើកលែងតែគ្រូបង្រៀនសកម្ម ដែលមិនទាន់ចូលនិវត្តន៍។
សម្តេចប្រធានព្រឹទ្ធសភា និងជានិងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ថ្លែងបញ្ជាក់ដូចនេះ ក្នុងពិធីសំណេះសំណាល ជាមួយក្រុមប្រឹក្សាខេត្ដ ក្រុង ឃុំ សង្កាត់ ថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានា ជុំវិញខេត្ដព្រះវិហារ។
សម្ដេចតេជោ បានបញ្ជាក់ថា ក្រសួងអប់រំមានសមាគមក្នុងអង្គភាពខ្លួនហើយ គឺសមាគមបុគ្គលិកសិក្សាខ្មែរ (ស.ប.ស.ខ.)  ប៉ុន្តែចំពោះមន្ត្រីរាជការចូលនិវត្តន៍ ក្នុងវិស័យអប់រំទាំងអស់គឺនៅតែអាចចូលជាសមាជិកសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាបានដោយស្វ័យប្រវត្តិ ដោយមិនចាំបាច់ដាក់ពាក្យស្នើសុំចូលសមាជិក អ.ន.ក. នោះទេ។
បន្ថែមពីនេះ សម្ដេចតេជោ ក៏បានបញ្ជាក់ថា និវត្តជនក្នុងវិស័យអប់រំ ក្រៅពីទទួលបានអត្ថប្រយោជន៍ពី ស.ប.ស.ខ. ថែមទាំងទទួលបានអត្ថប្រយោជន៍ផ្សេងៗ ពី អ.ន.ក. ដូចសមាជិក អ.ន.ក.ផ្សេងៗ ទៀតដែរ៕
អត្ថបទ៖ សន ពិសិដ្ឋ រូបភាព៖ ង៉ាន់ សំណាង