ព័ត៌មានជាតិ

អគ្គមេបញ្ជាការកងទ័ពកម្ពុជា-ម៉ាឡេស៊ី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការយោធា និងរួមគ្នាគាំទ្រដំណោះស្រាយដោយសន្តិវិធីនៅក្នុងតំបន់

image

ភ្នំពេញ៖ ក្នុងជំនួបទ្វេភាគី នាព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ និងនាយឧត្តមសេនីយ៍ តាន់ ស្រី ដាតុ សេរី ហាជី ម៉ាលេក រ៉ាសាក់ ប៊ីន ស៊ុយឡាយម៉ាន អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី បានឯកភាពបន្តពង្រឹងកិច្ចសហប្រតិបត្តិការយោធាទ្វេភាគី ឱ្យកាន់តែស៊ីជម្រៅ និងរួមចំណែកថែរក្សាសន្តិភាព ស្ថិរភាព និងវិបុលភាពរបស់ប្រទេសទាំងពីរ ក៏ដូចជាតំបន់អាស៊ាន។

លោក វង្ស ពិសេន បានវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចរបស់អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី ដោយចាត់ទុកថា ជាការបន្តពង្រឹងទំនាក់ទំនងមិត្តភាពរវាងកងទ័ពទាំងពីរ ស្របពេលឆ្នាំ២០២៦ ជាខួបលើកទី៦៩ នៃទំនាក់ទំនងការទូតកម្ពុជា-ម៉ាឡេស៊ី។

លោក ក៏បានថ្លែងអំណរគុណចំពោះតួនាទីរបស់ប្រទេសម៉ាឡេស៊ី ក្នុងការរួមចំណែករក្សាសន្តិភាពនៅកម្ពុជា កាលពីឆ្នាំ១៩៩៣ ក្រោមបេសកកម្មអ៊ុនតាក់ និងតួនាទីសម្របសម្រួលជម្លោះតាមព្រំដែនកម្ពុជា-ថៃ ក្នុងឆ្នាំ២០២៥ រួមទាំងការផ្តួចផ្តើមបង្កើតក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT)។

អគ្គមេបញ្ជាការកងទ័ពកម្ពុជា បានបញ្ជាក់ជាថ្មីថា កម្ពុជាបន្តប្រកាន់ខ្ជាប់គោលការណ៍ដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងពាក់ព័ន្ធ ដោយមិនទទួលយកការប្រើកម្លាំងដើម្បីកែប្រែព្រំដែនឡើយ។

ក្នុងជំនួបនេះ ភាគីកម្ពុជា ក៏បានស្នើឱ្យភាគីម៉ាឡេស៊ី បន្តពន្លឿនការចុះអនុស្សរណៈយោគយល់លើវិស័យការពារជាតិ ពង្រីកកិច្ចសហប្រតិបត្តិការរវាងកងទ័ពគ្រប់ប្រភេទ បង្កើនការបណ្តុះបណ្តាល ការធ្វើលំហាត់ហ្វឹកហ្វឺនរួម ការចែករំលែកព័ត៌មាន និងសហការទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន ព្រមទាំងបន្តគាំទ្របេសកកម្មរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT)។

ជាការឆ្លើយតប នាយឧត្តមសេនីយ៍ តាន់ ស្រី ដាតុ សេរី ហាជី ម៉ាលេក រ៉ាសាក់ ប៊ីន ស៊ុយឡាយម៉ាន បានអរគុណចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីភាគីកម្ពុជា និងបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះមានគោលបំណងពង្រឹងទំនាក់ទំនងដ៏យូរអង្វែងរវាងកងទ័ពប្រទេសទាំងពីរ។ ឯកឧត្តម ក៏បានកោតសរសើរកងទ័ពកម្ពុជា ដែលបានបង្ហាញភាពអត់ធ្មត់ខ្ពស់ មិនផ្ទុះអាវុធ បើទោះស្ថានភាពតាមព្រំដែននៅមានភាពរសើបក៏ដោយ។

ភាគីម៉ាឡេស៊ី បានបញ្ជាក់ពីការគាំទ្រយ៉ាងមុតមាំចំពោះការដោះស្រាយជម្លោះរវាងកម្ពុជា និងថៃ តាមរយៈការសន្ទនា ក្រោមយន្តការ GBC ឬ JBC និងឈរលើគោលការណ៍មជ្ឈភាពអាស៊ាន ដោយអះអាងថា ការប្រើកម្លាំងមិនមែនជាជម្រើសនៃការដោះស្រាយបញ្ហានោះទេ។

ជាមួយគ្នានេះ អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី ក៏បានប្រកាសគាំទ្រសំណើររបស់ភាគីកម្ពុជា ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការយោធា និងបញ្ជាក់ថា ម៉ាឡេស៊ីនឹងបន្តគាំទ្របេសកកម្មរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដើម្បីធានាការអនុវត្តបទឈប់បាញ់ និងរួមចំណែករក្សាសន្តិភាព និងស្ថិរភាពនៅតាមព្រំដែនកម្ពុជា-ថៃ និងក្នុងតំបន់អាស៊ានទាំងមូល៕