ព័ត៌មានជាតិ

រដ្ឋបាលខណ្ឌដង្កោ បានបន្តស្តារប្រឡាយម័ល រយៈពេល១៤ថ្ងៃ ដោយសម្រេចការស្តារកាយភក់ និងសម្អាតសំរាម ក្នុងគោលបំណងបង្កើនសមត្ថភាពរំដោះទឹកភ្លៀង

image


ភ្នំពេញ៖ គិតត្រឹមថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ ក្រុមការងាររដ្ឋបាលខណ្ឌដង្កោ បានបន្តស្តារប្រឡាយម័លអស់រយៈពេល១៤ថ្ងៃ ដោយសម្រេចការស្តារកាយភក់ និងសម្អាតសំរាមបានប្រវែង ៧៩០ម៉ែត្រ ក្នុងគោលបំណងបង្កើនសមត្ថភាពរំដោះទឹកភ្លៀង និងបង្ការការជន់លិចក្នុងរដូវវស្សាឆ្នាំនេះ។
លោកស្រី ដោ សម្ផស្ស នាយករងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ប្រឡាយម័ល ស្ថិតក្នុងភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ មានប្រវែងសរុប ៣,៣០០ម៉ែត្រ និងទទឹងពី ២៥ ទៅ ៣០ម៉ែត្រ។ ការងារស្តារបានចាប់ផ្តើមតាំងពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ ដោយប្រើប្រាស់គ្រឿងចក្រចំនួន២គ្រឿង ហើយគិតមកដល់ថ្ងៃទី៨ ខែកក្កដា ក្រុមការងារសម្រេចការងារបានប្រវែង ៧៩០ម៉ែត្រ។
លោកស្រីបញ្ជាក់ថា បន្ទាប់ពីស្តារកាយភក់ និងសម្អាតសំរាមរួច ក្រុមការងារនឹងបន្តបុកស៊ីផាយនៅតាមចំណុចដែលនៅសេសសល់ ដើម្បីបញ្ចប់គម្រោងឱ្យបានតាមផែនការ។ ការងារនេះអនុវត្តឡើងក្រោមការណែនាំ និងយកចិត្តទុកដាក់ពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងការត្រៀមប្រព័ន្ធរំដោះទឹកឱ្យមានប្រសិទ្ធភាព ដើម្បីកាត់បន្ថយការជន់លិចផ្ទះសម្បែងប្រជាពលរដ្ឋ និងហេដ្ឋារចនាសម្ព័ន្ធនានា ក្នុងរដូវវស្សា។
ជាមួយគ្នានេះ លោកស្រី ដោ សម្ផស្ស ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅតាមដងប្រឡាយ សូមចូលរួមថែរក្សាប្រឡាយឱ្យបានស្អាត ដោយកុំបោះចោលសំរាមចូលក្នុងប្រឡាយ និងត្រូវវេចខ្ចប់សំរាមឱ្យបានត្រឹមត្រូវ ដើម្បីរួមចំណែកថែរក្សាអនាម័យបរិស្ថាន បង្ការការស្ទះប្រព័ន្ធរំដោះទឹក កាត់បន្ថយការជន់លិច និងលើកកម្ពស់សោភ័ណភាពរាជធានីភ្នំពេញ៕