IMF ទម្លាក់ការព្យាករកំណើនសេដ្ឋកិច្ចកម្ពុជា ឆ្នាំ២០២៦ មកនៅត្រឹម ៣% ខណៈអតិផរណា នឹងកើនដល់ ៥,៦% ដោយសារថ្លៃថាមពលឡើងខ្ពស់ និងភាពមិនច្បាស់លាស់នៃពាណិជ្ជកម្មសកល
ភ្នំពេញ៖ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានទម្លាក់ការព្យាករកំណើនសេដ្ឋកិច្ចរបស់កម្ពុជា សម្រាប់ឆ្នាំ២០២៦ មកនៅត្រឹម ៣% ពីការព្យាករចំនួន ៤% ដែលបានចេញផ្សាយកាលពីខែមេសា ដោយសារតម្លៃថាមពលកើនឡើង ភាពមិនប្រាកដប្រជានៃគោលនយោបាយពាណិជ្ជកម្មសកល ផលប៉ះពាល់នៃបាតុភូតអែលនីញ៉ូ ទេសចរណ៍ថយចុះ និងតម្រូវការក្នុងស្រុកមិនទាន់ងើបឡើងវិញ។
ទន្ទឹមនឹងនេះ IMF បានប៉ាន់ប្រមាណថា កំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងឆ្នាំ២០២៥ សម្រេចបាន ៥,៣% ធ្លាក់ចុះពី ៦% ក្នុងឆ្នាំ២០២៤ ដែលឆ្លុះបញ្ចាំងពីការថយល្បឿននៃសកម្មភាពសេដ្ឋកិច្ច។
ការវាយតម្លៃនេះ ត្រូវបាន IMF ប្រកាសនៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ បន្ទាប់ពីក្រុមបេសកកម្មមាត្រាទី IV ដឹកនាំដោយលោក Kenichiro Kashiwase ប្រធានក្រុមបេសកកម្មរបស់ IMF សម្រាប់កម្ពុជា បានបញ្ចប់បេសកកម្មពិគ្រោះយោបល់ប្រចាំឆ្នាំ (Article IV Consultation) ជាមួយរាជរដ្ឋាភិបាលកម្ពុជា តំណាងវិស័យឯកជន និងដៃគូអភិវឌ្ឍន៍ ចាប់ពីថ្ងៃទី២៤ ខែមិថុនា ដល់ថ្ងៃទី៨ ខែកក្កដា។
IMF បានបញ្ជាក់ថា ទោះបីសេដ្ឋកិច្ចកម្ពុជានៅតែបង្ហាញភាពធន់នឹងវិបត្តិជាបន្តបន្ទាប់ក៏ដោយ ប៉ុន្តែកំណើនកំពុងបន្តថយចុះ ដោយសារឥទ្ធិពលនៃតម្លៃថាមពលកើនឡើង ភាពមិនប្រាកដប្រជានៃគោលនយោបាយពាណិជ្ជកម្មសកល តម្រូវការទេសចរណ៍នៅទន់ខ្សោយ និងតម្រូវការក្នុងស្រុកមិនទាន់ងើបឡើងវិញ។
IMF ក៏បានកត់សម្គាល់ថា បញ្ហាដែលពាក់ព័ន្ធនឹងសកម្មភាពឆបោកតាមប្រព័ន្ធអនឡាញ (Scam Activities) កំពុងប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់ប្រទេស និងអាចធ្វើឲ្យវិស័យទេសចរណ៍ចុះខ្សោយ ព្រមទាំងបង្កហានិភ័យដល់ស្ថិរភាពហិរញ្ញវត្ថុផងដែរ។
របាយការណ៍បានបង្ហាញថា កំណើនសេដ្ឋកិច្ចក្នុងឆ្នាំ២០២៥ ត្រូវបានគាំទ្រដោយការនាំចេញ ការវិនិយោគផ្ទាល់ពីបរទេស (FDI) និងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ប៉ុន្តែការប្រើប្រាស់ក្នុងស្រុក វិស័យសំណង់ និងវិស័យអចលនទ្រព្យ នៅតែមានសភាពទន់ខ្សោយ។
IMF ព្យាករថា សេដ្ឋកិច្ចកម្ពុជានឹងចាប់ផ្តើមស្តារឡើងវិញនៅឆ្នាំ២០២៧ បន្ទាប់ពីសម្ពាធពីកត្តាខាងក្រៅថយចុះ ប៉ុន្តែបានព្រមានថា ហានិភ័យចំពោះកំណើននៅតែមានទិសដៅអវិជ្ជមាន ខណៈអតិផរណាមានហានិភ័យកើនឡើង។
ជាមួយគ្នានេះ IMF បានប៉ាន់ប្រមាណថា អតិផរណាជាមធ្យមនៅកម្ពុជា នឹងកើនដល់ ៥,៦% ក្នុងឆ្នាំ២០២៦ បន្ទាប់ពីមានការកើនឡើងយ៉ាងគំហុកនៅខែឧសភា ដោយសារឥទ្ធិពលនៃការឡើងថ្លៃថាមពល ខណៈអតិផរណាជាមធ្យមក្នុងឆ្នាំ២០២៥ មានត្រឹម ២,៥% ប៉ុណ្ណោះ។ ទោះជាយ៉ាងណា IMF រំពឹងថា សម្ពាធអតិផរណានឹងថយចុះវិញនៅឆ្នាំ២០២៧។
ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិនេះ ក៏បានកត់សម្គាល់ថា ជំហរវិស័យខាងក្រៅរបស់កម្ពុជា បានចុះខ្សោយក្នុងឆ្នាំ២០២៥ ដោយសារការនាំចូលកើនលឿនជាងការនាំចេញ និងការផ្ញើប្រាក់ពីពលករនៅក្រៅប្រទេសថយចុះ បន្ទាប់ពីមានការវិលត្រឡប់របស់ពលករចំណាកស្រុក ជាពិសេសពីប្រទេសថៃ។ ទោះបីជាយ៉ាងណា ការវិនិយោគផ្ទាល់ពីបរទេសនៅតែមានសន្ទុះល្អ ហើយទុនបម្រុងអន្តរជាតិរបស់កម្ពុជា នៅរក្សាបានកម្រិតគ្រប់គ្រាន់ ស្មើនឹងប្រមាណ ៨ ខែនៃការនាំចូល។
IMF បានជំរុញឱ្យរាជរដ្ឋាភិបាលកម្ពុជា ប្រើប្រាស់គោលនយោបាយសារពើពន្ធ ដើម្បីជួយទប់ទល់នឹងផលប៉ះពាល់ក្នុងរយៈពេលខ្លី តាមរយៈវិធានការគាំទ្រដែលមានគោលដៅច្បាស់លាស់ និងមានលក្ខណៈបណ្តោះអាសន្ន ស្របពេលរក្សាវិន័យសារពើពន្ធក្នុងរយៈពេលមធ្យម។ IMF ក៏បានផ្តល់អនុសាសន៍ឱ្យបញ្ចប់ជាបណ្តើរៗនូវការគាំទ្រទូលំទូលាយលើប្រេងឥន្ធនៈ នៅពេលស្ថានការណ៍អនុញ្ញាត និងពង្រឹងការប្រមូលចំណូលពន្ធ ដើម្បីធានាការចំណាយលើវិស័យអាទិភាព និងរក្សាចីរភាពបំណុលសាធារណៈ។
ចំពោះវិស័យហិរញ្ញវត្ថុ IMF បានព្រមានថា វិស័យអចលនទ្រព្យនៅតែជាហានិភ័យសំខាន់ ដោយសារការជាប់ពាក់ព័ន្ធយ៉ាងជិតស្និទ្ធជាមួយតុល្យភាពគ្រួសារ ធនាគារ អ្នកអភិវឌ្ឍន៍ និងអាជីវកម្មពាក់ព័ន្ធ។ IMF បានណែនាំឱ្យធនាគារជាតិនៃកម្ពុជា បន្តពង្រឹងការត្រួតពិនិត្យ ការទទួលស្គាល់ការខាតបង់ឱ្យបានទាន់ពេល និងការបង្កើនសំវិធានធនសម្រាប់ហានិភ័យ។
បន្ថែមពីនេះ IMF បានជំរុញឱ្យកម្ពុជា បន្តកំណែទម្រង់រចនាសម្ព័ន្ធ ដើម្បីពង្រឹងគំរូកំណើនសេដ្ឋកិច្ចក្នុងរយៈពេលវែង ដោយផ្តោតលើការកែលម្អបរិយាកាសធុរកិច្ច អភិបាលកិច្ច និងនីតិរដ្ឋ ការអភិវឌ្ឍជំនាញកម្លាំងពលកម្ម ការធ្វើពិពិធកម្មការនាំចេញ ការទាក់ទាញវិនិយោគដែលមានគុណភាព ការពង្រឹងសន្តិសុខថាមពល ការប្រើប្រាស់ថាមពលប្រកបដោយប្រសិទ្ធភាព ការបង្កើនភាពធន់នឹងការប្រែប្រួលអាកាសធាតុ និងការលើកកម្ពស់គុណភាពទិន្នន័យសេដ្ឋកិច្ច ដើម្បីគាំទ្រការសម្រេចចិត្តគោលនយោបាយឱ្យកាន់តែមានប្រសិទ្ធភាព៕