ខេត្តត្បូងឃ្មុំ ត្រៀមបើកវគ្គបណ្តុះបណ្តាល និងផ្គូរផ្គងទីផ្សារ ដើម្បីជួយអាជីវករ និងអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធពង្រីកអាជីវកម្ម
ត្បូងឃ្មុំ៖ លោក ម៉ៅ ឌុង អភិបាលរងខេត្តត្បូងឃ្មុំ និងតំណាងគណៈកម្មាធិការជាតិជំរុញចលនា «ភូមិមួយផលិតផលមួយ» បានដឹកនាំកិច្ចប្រជុំពិភាក្សាត្រៀមរៀបចំវគ្គបណ្តុះបណ្តាលតាមបណ្តាក្រុង-ស្រុក សម្រាប់អាជីវករ សមាជិកចលនា «ភូមិមួយផលិតផលមួយ» និងអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ព្រមទាំងរៀបចំវេទិកាផ្គូរផ្គងអាជីវកម្មរវាងអ្នកផលិត និងអ្នកទិញ ដើម្បីពង្រីកទីផ្សារផលិតផលក្នុងស្រុក។
លោក ម៉ៅ ឌុង មានប្រសាសន៍ថា កម្មវិធីនេះមានគោលបំណងជំរុញការផលិត ការប្រើប្រាស់ផលិតផលក្នុងស្រុក និងលើកកម្ពស់សមត្ថភាពប្រកួតប្រជែងរបស់សហគ្រាសធុនតូច និងមធ្យម ជាពិសេសអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ស្របតាមអនុសាសន៍របស់រាជរដ្ឋាភិបាល។
លោកបញ្ជាក់ថា អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិជំរុញចលនា «ភូមិមួយផលិតផលមួយ» បានសហការជាមួយដៃគូពាក់ព័ន្ធ រួមមាន មូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) សហគ្រិនខ្មែរ (Khmer Enterprise) នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមជ្ឈមណ្ឌលបណ្តុះបណ្តាលរិទ្ធិពល ដើម្បីរៀបចំវគ្គបណ្តុះបណ្តាលស្តីពីការគ្រប់គ្រងអាជីវកម្មសម្រាប់សហគ្រាសក្រៅប្រព័ន្ធ ព្រមទាំងវេទិកាផ្គូរផ្គងអាជីវកម្មរវាងអ្នកផលិត និងអ្នកទិញ ដោយរំពឹងថា នឹងជួយឱ្យប្រជាពលរដ្ឋ អាជីវករ និងអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ទទួលបានឱកាសពង្រីកមុខរបរ និងបង្កើនប្រាក់ចំណូល។
ជាមួយគ្នានេះ លោក ឈុំ សុខគា ប្រធាននាយកដ្ឋានទីផ្សារ និងស្តង់ដារ នៃគណៈកម្មាធិការជាតិជំរុញចលនា «ភូមិមួយផលិតផលមួយ» បានឱ្យដឹងថា វគ្គបណ្តុះបណ្តាល និងកម្មវិធីផ្គូរផ្គងអាជីវកម្ម នឹងផ្តោតលើគោលដៅសំខាន់ចំនួន៣ រួមមាន៖
អភិវឌ្ឍជំនាញឌីជីថល តាមរយៈការពង្រឹងសមត្ថភាពគ្រប់គ្រងអាជីវកម្ម ការប្រើប្រាស់បច្ចេកវិទ្យា និងការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (E-commerce) ដើម្បីឆ្លើយតបនឹងនិន្នាការទីផ្សារសម័យថ្មី។
ពង្រីកបណ្តាញទីផ្សារ ដោយបង្កើតវេទិកាជួបជុំផ្ទាល់រវាងអ្នកផលិត និងអ្នកទិញធំៗ ដូចជាផ្សារទំនើប និងក្រុមហ៊ុនចែកចាយ ដើម្បីពង្រឹងខ្សែសង្វាក់ផ្គត់ផ្គង់ផលិតផលក្នុងស្រុក។
ពង្រឹងការគាំពារសង្គម និងលទ្ធភាពទទួលបានហិរញ្ញប្បទាន តាមរយៈការលើកទឹកចិត្តឱ្យចុះឈ្មោះក្នុងប្រព័ន្ធដោយស្ម័គ្រចិត្ត ដើម្បីទទួលបានអត្ថប្រយោជន៍ផ្នែកសន្តិសុខសង្គម និងឱកាសប្រើប្រាស់ប្រភពទុនហិរញ្ញវត្ថុផ្លូវការ។
លោក ឈុំ សុខគា បានបន្ថែមថា កម្មវិធីនេះជាឱកាសដ៏មានសារៈសំខាន់សម្រាប់អាជីវករខ្នាតមីក្រូ បុគ្គលស្វ័យនិយោជន៍ និងអ្នកប្រកបរបរតូចៗ ដូចជា អ្នកលក់ដូរតាមកញ្ច្រែង កន្ត្រក កង់បី ម៉ូតូឌុប និងហាងកាត់សក់ ក្នុងការលើកកម្ពស់ជីវភាព ពង្រីកអាជីវកម្ម និងបង្កើនសមត្ថភាពប្រកួតប្រជែងនៅលើទីផ្សារ៕
អត្ថបទ៖ សុខ ផន