ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីបារាំង បំពេញទស្សនកិច្ចជាប្រវត្តិសាស្ត្រនៅស៊ីរី ដើម្បីជជែកពីការស្តារសេដ្ឋកិច្ច និងវិនិយោគឡើងវិញ

image

បារាំង៖ ប្រធានាធិបតីបារាំង លោក អេម៉ានូអ៊ែល ម៉ាក្រុង (Emmanuel Macron) កាលពីថ្ងៃអង្គារ ទី៧ ខែកក្កដា បានបន្តជួបពិភាក្សាការងារសេដ្ឋកិច្ច និងនយោបាយជាមួយប្រធានាធិបតីអន្តរកាលស៊ីរី លោក អាម៉េដ អាល់-សារ៉ា (Ahmed Al-Sharaa) នៅទីក្រុងដាម៉ាស់ (Damascus) ទោះបីជាមានហេតុការណ៍ផ្ទុះគ្រាប់បែកនៅខាងក្រៅបរិវេណសន្តិសុខនៃទីតាំងសណ្ឋាគារស្នាក់នៅក៏ដោយ ។
 
នៅក្នុងជំនួបកំពូលនាវិមានប្រជាជន ថ្នាក់ដឹកនាំទាំងពីរ បានផ្ដោតការយកចិត្តទុកដាក់ខ្ពស់ទៅលើការស្វែងរកវិធីសាស្ត្រពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន ពិសេសគឺត្រៀមខ្លួនចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា និងកិច្ចព្រមព្រៀងវិនិយោគទ្វេភាគីធំៗ ដើម្បីបើកផ្លូវស្ដារសេដ្ឋកិច្ចឡើងវិញ ។
 
លោក ម៉ាក្រុង បានប្រកាសយ៉ាងច្បាស់ថា បារាំង បានត្រៀមខ្លួនរួចជាស្រេចក្នុងការកសាងទំនុកចិត្ត និងជំរុញភាពជាដៃគូសេដ្ឋកិច្ចជាមួយស៊ីរី រួមទាំងទាក់ទាញជំនួយកសាងប្រទេសឡើងវិញពីបណ្តាប្រទេសអ្នកមាននៅតំបន់ឈូងសមុទ្រ ព្រមទាំងចង់ឱ្យទីក្រុងប៉ារីស ដើរតួជាអ្នកអភិវឌ្ឍន៍វិស័យថាមពល និងហិរញ្ញវត្ថុនៅទីនោះ ។
 
កិច្ចពិភាក្សាផ្នែកសេដ្ឋកិច្ចដ៏សំខាន់នេះ មិនត្រូវបានរាំងស្ទះនោះឡើយ បើទោះជាមានការបំផ្ទុះគ្រាប់បែកកែច្នៃចំនួនពីរគ្រាប់ នៅក្បែរសណ្ឋាគារ ហ្វត ស៊ីហ្សិន (Four Seasons Hotel) ដែលបណ្តាលឱ្យមនុស្ស ១៨ នាក់របួសក៏ដោយ ដោយក្រសួងមហាផ្ទៃស៊ីរី អះអាងថា ហេតុការណ៍នេះ ស្ថិតនៅក្រៅតំបន់សន្តិសុខ និងមិនប៉ះពាល់ដល់ទស្សនកិច្ចរវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរឡើយ ។
 
គួរបញ្ជាក់ដែរថា ដំណើរបំពេញទស្សនកិច្ចរបស់លោក ម៉ាក្រុង ដែលបានចាប់ផ្តើមតាំងពីល្ងាចថ្ងៃចន្ទ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏ធំមួយ ខណៈដែលនេះគឺជាទស្សនកិច្ចផ្លូវការលើកដំបូងបំផុតរបស់ប្រមុខរដ្ឋបារាំង មកកាន់ដែនដីស៊ីរី ក្នុងរយៈពេល ១៧ ឆ្នាំចុងក្រោយ ចាប់តាំងពីទស្សនកិច្ចរបស់លោក នីកូឡាស សាកូហ្ស៊ី (Nicolas Sarkozy) កាលពីឆ្នាំ ២០០៩ ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ Screenshot from VIORY video.