ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រីឥណ្ឌា ជួបពិភាក្សាការងារជាមួយប្រធានាធិបតីឥណ្ឌូណេស៊ី ដើម្បីរឹតចំណងមិត្តភាព ពង្រីកទំហំពាណិជ្ជកម្ម និងសន្តិសុខដែនសមុទ្រ

image

ឥណ្ឌា-ឥណ្ឌូណេស៊ី៖ នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិន្ទ្រ ម៉ូឌី (Narendra Modi) បានទទួលនូវការស្វាគមន៍យ៉ាងឱឡារិកបំផុតនៅឯវិមានប្រធានាធិបតីមេឌេកា (Merdeka) ក្នុងទីក្រុងហ្សាកាតា (Jakarta) កាលពីថ្ងៃអង្គារ ក្នុងឱកាសបំពេញទស្សនកិច្ចផ្លូវរដ្ឋ ដើម្បីរឹតចំណងមិត្តភាពជាមួយឥណ្ឌូណេស៊ី ។
 
នៅក្នុងជំនួបកំពូលនោះ ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ប្រាបូវ៉ូ ស៊ូប៊ីយ៉ាន់តូ (Prabowo Subianto) បានដឹកនាំកិច្ចពិភាក្សាទ្វេភាគីយ៉ាងស៊ីជម្រៅ ដោយផ្តោតសំខាន់លើការជំរុញទំហំពាណិជ្ជកម្ម ការពង្រឹងវិស័យការពារជាតិ និងសន្តិសុខដែនសមុទ្រ ដើម្បីធានាបាននូវស្ថិរភាព និងផលប្រយោជន៍រួមនៅក្នុងតំបន់ ។
 
កិច្ចពិភាក្សារវាងមេដឹកនាំទាំងពីរ បានគ្របដណ្តប់លើវិស័យយុទ្ធសាស្ត្រជាច្រើន រួមមានបច្ចេកវិទ្យាឌីជីថល វប្បធម៌ និងការអប់រំ ព្រមទាំងបានចូលរួមជាអធិបតីក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀង និងអនុស្សរណៈនៃការយោគយល់គ្នា (MoU) មួយចំនួន ដើម្បីបើកផ្លូវឱ្យក្រុមហ៊ុន និងស្ថាប័ននៃប្រទេសទាំងពីរអាចសហការគ្នាកាន់តែជិតស្និទ្ធ ។
 
ចំណុចលេចធ្លោមួយនៃកិច្ចព្រមព្រៀងនេះ គឺការប្រកាសពីគម្រោងបង្កើតសាខារបស់វិទ្យាស្ថានគ្រប់គ្រងឥណ្ឌា បាំងហ្គាឡូ (Indian Institute of Management Bangalore) នៅក្នុងទីក្រុងហ្សាកាតា ដែលជាជំហានដ៏សំខាន់របស់ឥណ្ឌា ក្នុងការវាយលុក និងពង្រីកឥទ្ធិពលប្រព័ន្ធអប់រំកម្រិតជាន់ខ្ពស់របស់ខ្លួនចូលមកក្នុងតំបន់អាស៊ីអាគ្នេយ៍ ។
 
គួររំឭកថា ដំណើរបំពេញទស្សនកិច្ចរយៈពេលបីថ្ងៃរបស់លោក ម៉ូឌី នៅឥណ្ឌូណេស៊ីនាពេលនេះ គឺជាដណ្តើរទស្សនកិច្ចបើកឆាកនៃយុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិករបស់លោក ខណៈដែលបន្ទាប់ពីចាកចេញពីទីក្រុងហ្សាកាតា នាយករដ្ឋមន្ត្រីឥណ្ឌារូបនេះ នឹងត្រូវធ្វើដំណើរទៅកាន់ប្រទេសអូស្ត្រាលី និងនូវែលសេឡង់ដ៍ ជាបន្តទៀត ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ Screenshot from VIORY video.