រុស្ស៊ី និងឥណ្ឌូណេស៊ី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម និងបច្ចេកវិទ្យាខ្នាតយក្ស ដើម្បីពង្រីកទីផ្សារសកល
រុស្ស៊ី-ឥណ្ឌូណេស៊ី៖ ព្រឹត្តិការណ៍ចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម និងឧស្សាហកម្មខ្នាតធំរវាងសហព័ន្ធរុស្ស៊ី និងប្រទេសឥណ្ឌូណេស៊ី បានប្រារព្ធឡើងយ៉ាងឱឡារិក នៅក្នុងទីក្រុង យ៉េកាថេរីនប៊ឺគ (Yekaterinburg) កាលពីថ្ងៃអង្គារ ទី៧ ខែកក្កដា ។
កិច្ចព្រមព្រៀងដ៏មានសារៈសំខាន់នេះ បានធ្វើឡើងនៅខាងក្រៅកិច្ចប្រជុំនៃពិព័រណ៍ឧស្សាហកម្មអន្តរជាតិ អ៊ីនណូប្រូម (Innoprom) ក្រោមវត្តមានដឹកនាំដោយផ្ទាល់ពីសំណាក់រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មរុស្ស៊ី លោក អានតូន អាលីខាណូវ (Anton Alikhanov) និងរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មឥណ្ឌូណេស៊ី លោក អាកុស កាតាសាស្ម៊ីតា (Agus Kartasasmita) ។
នៅក្នុងពិធីនោះ ថ្នាក់ដឹកនាំក្រសួងនៃប្រទេសទាំងពីរ បានចុះហត្ថលេខាលើឯកសារផ្លូវការជាច្រើន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យបច្ចេកវិទ្យា ធុរកិច្ច និងសេដ្ឋកិច្ច ខណៈដែលពិព័រណ៍សកល Innoprom នេះ គឺជាវេទិកាដ៏សំខាន់ក្នុងការបង្ហាញពីភាពរីកចម្រើនផ្នែកបច្ចេកវិទ្យាទំនើបៗ ។
ក្រៅពីរដ្ឋមន្ត្រីទាំងពីរ គេក៏ឃើញមានវត្តមាននាយកប្រតិបត្តិក្រុមហ៊ុនធំៗរបស់រុស្ស៊ី រួមមានលោក រេណាត មីស្តាខូវ (Renat Mistakhov) នាយកប្រតិបត្តិក្រុមហ៊ុន អាកា បារ ខូភើរ៉េសិន (AK Bars Corporation) និងលោក អានដ្រេ វ៉ូដូផ្យាណូវ (Andrei Vodopyanov) នាយកប្រតិបត្តិក្រុមហ៊ុន ត្រាកទ័រ ភ្លេន ខនស៊ើន (Tractor Plants Concern) បានចុះកិច្ចព្រមព្រៀងជាមួយប្រតិភូឥណ្ឌូណេស៊ីផងដែរ។
លោក មីខាអ៊ីល ឡាប៊ូឌីន (Mikhail Labudin) នាយកសមាគមបណ្តុំឧស្សាហកម្ម សួនបច្ចេកវិទ្យា និងតំបន់សេដ្ឋកិច្ចពិសេសរុស្ស៊ី ក៏បានចូលរួមចុះហត្ថលេខាលើឯកសារយោគយល់គ្នា ដែលជាសញ្ញាបង្ហាញថា ទំនាក់ទំនងសេដ្ឋកិច្ច និងការវិនិយោគទ្វេភាគីរវាងរុស្ស៊ី និងឥណ្ឌូណេស៊ី កំពុងឈានចូលដល់ដំណាក់កាលរីកចម្រើនយ៉ាងក្លៀវក្លា ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ VIORY/ Ministry of Industry.