ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ដឹកនាំយុទ្ធនាការបង្កើនគម្របបៃតង ប្រគេន និងចែកកូនឈើ ១២,០០០ដើម ដល់វត្ត ២៩ នៅស្រុកតំបែរ

image

ត្បូងឃ្មុំ៖ លោក ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា កាលពីរសៀលថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ បានអញ្ជើញដាំដើមឈើ និងប្រគេន-ចែកកូនឈើសរុបចំនួន ១២,០០០ដើម ដល់វត្តចំនួន ២៩ ក្នុងឃុំទាំង ៧ នៃស្រុកតំបែរ ខេត្តត្បូងឃ្មុំ ដើម្បីយកទៅដាំបន្ត ក្នុងយុទ្ធនាការបង្កើនគម្របបៃតង។

ក្នុងឱកាសនោះ លោករដ្ឋមន្ត្រី បានលើកឡើងពីទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងព្រះពុទ្ធសាសនា និងធម្មជាតិ ដោយគូសបញ្ជាក់ថា ព្រះសម្មាសម្ពុទ្ធទ្រង់ប្រសូត ត្រាស់ដឹង សម្តែងធម្មចក្រ និងយាងចូលបរិនិព្វាន សុទ្ធសឹងតែក្រោមម្លប់ព្រៃឈើ។ ដូច្នេះ ការដាំដើមឈើនៅតាមវត្តអារាម មិនត្រឹមតែរួមចំណែកបង្កើនសោភ័ណភាព ផ្តល់ម្លប់ និងខ្យល់អាកាសបរិសុទ្ធប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការអនុវត្តតាមពុទ្ធប្បវេណី និងបង្កើតបរិយាកាសស្ងប់ស្ងាត់សម្រាប់ពុទ្ធបរិស័ទធ្វើសមាធិ និងប្រតិបត្តិធម៌ផងដែរ។

លោក បានបញ្ជាក់ថា ការរៀបចំយុទ្ធនាការនេះ មានគោលបំណងជំរុញឱ្យវត្តអារាមទាំងអស់អនុវត្តឱ្យបានខ្ជាប់ខ្ជួននូវអភិក្រម «វត្តស្អាត វត្តស្វាង វត្តស្ងប់» ដែលក្រសួងធម្មការ និងសាសនា បានដាក់ចេញ ព្រមទាំងរួមចំណែកបង្កើនគម្របបៃតង ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល។ ទន្ទឹមនឹងនេះ ការពង្រីកការដាំដើមឈើក្នុងរដូវវស្សា ក៏ជួយស្រូបយកឧស្ម័នផ្ទះកញ្ចក់ បន្សុទ្ធខ្យល់អាកាស បង្កើនភាពធន់នឹងការប្រែប្រួលអាកាសធាតុ និងកាត់បន្ថយផលប៉ះពាល់ពីបាតុភូតធម្មជាតិ ដូចជា El Niño ជាដើម។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រី បានអំពាវនាវដល់ព្រះចៅអធិការវត្ត ព្រះសង្ឃ គណៈកម្មការ និងអាចារ្យវត្តទាំងអស់ បន្តដើរតួនាទីជាអ្នកអប់រំ និងជាគំរូក្នុងការស្រឡាញ់ ថែរក្សា និងការពារបរិស្ថាន។ ឯកឧត្តមបានគូសបញ្ជាក់ថា វត្តអារាមគួរត្រូវបានអភិវឌ្ឍឱ្យក្លាយជាទីជម្រកសុវត្ថិភាពសម្រាប់សត្វព្រៃ និងជាតំបន់បៃតងសម្រាប់សហគមន៍ ខណៈការដាំ និងថែរក្សាដើមឈើ ក៏ជាការសន្សំកុសលតាមទស្សនៈព្រះពុទ្ធសាសនា ដែលនាំមកនូវសេចក្តីសុខ និងសេចក្តីចម្រើនផងដែរ។

លោករដ្ឋមន្ត្រី បានប្រគេនកូនឈើចំនួន ១២,០០០ដើម ដល់ព្រះចៅអធិការវត្ត និងព្រះសង្ឃនៅវត្តទាំង ២៩ ក្នុងឃុំទាំង ៧ នៃស្រុកតំបែរ ដើម្បីយកទៅដាំបន្ត៕

អត្ថបទ៖ សុខ ផន